ខេត្តចំនួន ៥ នឹងត្រូវប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម
ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានលើកឡើងថា ខេត្តចំនួន ៥ រួមមាន ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង នឹងត្រូវប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។ ក្នុងពិធីចុះកិច្ចសន្យាលើកិច្ចព្រមព្រៀងស្តីពីការងារបោសសម្អាតមីនក្នុងខេត្តចំនួន ០៥ រួមមាន ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង ព្រមទាំងត្រូវប្រកាសជាខេត្តអស់មីន ក្នុងទំហំផ្ទៃដីសរុបចំនួន ៣០ ៩១២ ៦៧៣ ម៉ែត្រក្រឡា (៣០,៩១ គីឡូម៉ែត្រក្រឡា) ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ។ ពិធីចុះកិច្ចព្រមព្រៀងនេះ បានប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលនឹងចាប់ផ្តើមប្រតិបត្តិការបោសសម្អាតមីន ចាប់ពីខែសីហា ឆ្នាំ២០២២ ដែលក្នុងនោះ ខេត្តចំនួន ០៣ គ្រោងនឹងបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០២២ រួមមាន ៖ ខេត្តតាកែវ ក្នុងទំហំផ្ទៃដីសរុប ៣ ៦២៦ ៨៥៦ ម៉ែត្រក្រឡា ខេត្តកំពង់ចាម ក្នុងទំហំផ្ទៃដីសរុប ៩៧៩ ៥៨៦ ម៉ែត្រក្រឡា និងខេត្តកំពង់ឆ្នាំង ផ្ទៃដីសរុប ៣ ២៧៧ ៦២៧ ម៉ែត្រក្រឡា។ ចំពោះខេត្តចំនួន ០២ គ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៣ រួមមាន ៖ ខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីសរុប ១២ ៣៨៦ ៩២៧ ម៉ែត្រក្រឡា និងខេត្តកំពត ក្នុងទំហំផ្ទៃដីសរុប ១០ ៦៤១ ៦៧៧ ម៉ែត្រក្រឡា។ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់នូវកាដូពិសេសជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំង ៥ ខេត្ត ដើម្បីធានានូវសុខសុវត្ថិភាព និងភាពសុខដុមរមនាក្នុងការរស់នៅ និងការប្រកបមុខរបរចិញ្ចឹមជីវិត៕