រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកាជិត ៥០ម៉ឺនដុល្លាឱ្យវិស័យឯកជនធ្វើការបណ្តុះបណ្តាលជំនាញទេសចរណ៍ឡើងវិញ

សៀមរាប ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២-រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកាជិត៥០ម៉ឺនដុល្លារឱ្យវិស័យឯកជនធ្វើការបណ្តុះបណ្តាលជំនាញទេសចរណ៍ឡើងវិញ ខណៈគេរំពឹងថា នៅក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរប្រមាណ ១លាននាក់។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងនៅក្នុងឱកាសជួបជាមួយប្រតិបត្តិករទេសចរណ៍ នៅខេត្តសៀមរាប នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះថា នៅក្នុងអំឡុងពេលប្រទេសកម្ពុជាទទួលរងគ្រោះខ្លាំង ដោយសារការរាតត្បាតនៃមេរោគកូវីដ១៩ ក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ និងអាជីវកម្មទេសចរណ៍ផ្សេងៗបានកាត់បន្ថយបុគ្គលិក ឬបិទអាជីវកម្ម ដោយសារគ្មានភ្ញៀវទេសចរ និងគ្មានប្រាក់ចំណូល។លោកជំទាវ បន្តថា បុគ្គលិកដែលបានសម្រាកការងារពីវិស័យទេសចរណ៍នេះ ក៏បានទៅធ្វើការងារផ្សេងៗទៅតាមលទ្ធភាពដែលអាចធ្វើបាន អ្នកខ្លះទៅធ្វើការសំណង់ផងដែរ ដើម្បីរកចំណូលទ្រទ្រង់គ្រួសារ។ លោកជំទាវបានបន្តទៀតថា ឥឡូវនេះស្ថានភាពកូវីដមានការធូស្រាលភ្ញៀវទេសចរក៏បានចេញដើរកម្សាន្តឡើងវិញជាបណ្តើរៗ ប៉ុន្តែយើងខ្វះធនធានមនុស្សជំនាញទេសចរណ៍ សម្រាប់ទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ ដោយសារអ្នកជំនាញទេសចរណ៍ ដែលបានទៅការងារផ្សេងៗបានត្រឡប់មកវិញមានចំនួនតិចតួច។ លោកជំទាវបានបន្ថែមថា ដូចនេះដើម្បីឱ្យយើងអាចមានអ្នកជំនាញទេសចរណ៍ឡើងវិញ សម្រាប់ទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងសាកល្បងផ្តល់ថវិកាចំនួនជិត៥០ដុល្លារដល់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សម្រាប់ធ្វើការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ ដែលមានស្រាប់ បើគិតជាមនុស្សដែលត្រូវទទួលបានការបណ្តុះ បណ្តាលមានប្រមាណជា១ពាន់នាក់ ហើយអ្នកដែលមកទទួលការបណ្តុះបណ្តាលនេះ ក៏ទទួលបានថវិកាឧបត្ថម្ភផងដែរ។ លោកជំទាវបានលើកឡើងតថា វគ្គបណ្តុះបណ្តាលនេះនឹងដំណើរការឆាប់ៗខាងមុខនេះ។ហើយ លោកជំទាវរំពឹងថា យើង នឹងទទួលបានផ្លែផ្កាល្អ និងសម្រេចបានតាមការ ព្យាករណ៍របស់ក្រសួងទេសចរណ៍ថា នៅឆ្នាំ២០២២នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរ១លាននាក់ ខណៈបច្ចុប្បន្ននេះ យើងទទួលបានប្រមាណជា៥០ម៉ឺននាក់ហើយ៕សម្រួលដោយ ទៀង បុណ្ណី  

អត្ថបទដែលជាប់ទាក់ទង