អភិបាលខេត្តកែបប្រគល់ពានរង្វាន់ជូនដល់អ្នកឈ្នះការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្ត
កែប ៖ រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញសំណេះសំណាល និងប្រគល់ពានរង្វាន់ ជូនដល់កីឡាករ កីឡាការិនី ជាប់ចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ ក្នុងការប្រកួតកីឡាសិស្ស មធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២១- ២០២២។ ក្នុងពិធីបិទការប្រកួតកីឡា មធ្យមសិក្សា នាពេលនោះ លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែបបានរាយការណ៍ថា៖ ការប្រកួតកីឡា សិស្ស មធ្យមសិក្សា ជ្រើសរើសជើងឯកឆ្នាំ២០២១-២០២២នេះ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មានក្រុមកីឡាចូលរួមសរុបចំនួន ២៥ក្រុម (កីឡាករ កីឡាការិនី ចំនួន ៣១២នាក់/ស្រី ៤៨នាក់ ប្រតិភូដឹកនាំ ៦២នាក់/ស្រី០៩នាក់ )។ ឆ្លងតាមការប្រកួតអស់រយៈពេល ០៣ថ្ងៃនេះ ក្រុមកីឡាដែលចូលរួមប្រកួតកីឡាទាំង០៤ ប្រភេទ មាន បាលទាត់ (បុរស) បាល់ទះ( បុរស-នារី) ប៊ូល (បុរស) និងអត្តពលកម្ម (បុរស នារី )ជាលទ្ធផលគឺ វិទ្យាល័យ ហ៊ុន សែន ចំការដូងទទួលបាន ១៤មេដាយ, វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ទទួល ១២មេដាយ, អនុវិទ្យាល័យ សង្គមរាស្ត្រនិយម ៨មេដាយ, អនុវិទ្យាល័យ ហ៊ុន សែន កែប ៧មេដាយ, អនុវិទ្យាល័យ ពងទឹក ៧មេដាយ និងអនុវិទ្យាល័យ ហ៊ុន សែន អង្កោល ៤មេដាយ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ និយាយជារួម និងនិយាយដោយឡែក ថ្នាក់ដឹកនាំខេត្តកែប បានខិតខំរក្សាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម បានល្អប្រសើរជូនប្រជាពលរដ្ឋទូទាំងខេត្ត ។ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់វិស័យកីឡា ជាពិសេសការសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងខែឧសភា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្តេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងកំណែទម្រង់គ្រប់ទិដ្ឋភាពទាំងក្នុងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌបច្ចេកទេស ដោយផ្អែកលើគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា ផែនការឆ្ពោះទៅឆ្នាំ២០២៣ ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ការហាត់ហ្វឹកហ្វឺន ការបណ្តុះបណ្តាលធនធានមនុស្សទាំងបរិមាណ និងគុណភាព និងការរៀបចំប្រកួតកីឡាគ្រប់ប្រភេទប្រកបដោយ ស្តង់ដារ។ ទន្ទឹមនឹងនោះ ខេត្តកែប ក៏នឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសាកីឡាទ្រីយ៉ាត្លុង ក្នុងព្រឹត្តិការណ៍ប្រកួតដ៏មានសារៈសំខាន់នោះផងដែរ។ ជាមួយគ្នានេះ ឯកឧត្ដម អភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើ និងផ្ដល់អនុសាសន៍ មួយចំនួនជូនដល់ ក្មួយៗសិស្សានុសិស្ស គណៈគ្រប់គ្រងសាលា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដូចខាងក្រោម ៖
១-សូមក្មួយៗទាំងអស់ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ ២-សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដោយពាក់មួកសុវត្ថិភាព គោរពសិទ្ធអាទិភាពនិងចេះយោគយល់គ្នា។ ៣-សូមក្មួយៗទាំងអស់ បន្តចាក់វ៉ាក់សាំងដូសជំរុញ តាមកាលកំណត់ឱ្យបានគ្រប់គ្នា និងចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ជាប្រចាំ។ ៤-សូមក្មួយៗកីឡាករ កីឡាការិនីទាំងអស់ យកចិត្តទុកដាក់ចូលរួមហ្វឹកហាត់ និងលេងកីឡា ទៅតាមការបង្ហាត់បង្ហាញរបស់ លោកគ្រូ អ្នកគ្រូ ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព។៥-គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទូទាំងខេត្ត ត្រូវយកចិត្តទុក ដាក់ពង្រឹងការអនុវត្តន៍ការអប់រំកាយ និងកីឡា ព្រោះថាការអប់រំកាយ និងកីឡាត្រូវបានចាត់ទុកជាមុខវិជ្ជាមួយក្នុងកម្មវិធីសិក្សារបស់រដ្ឋ ដែលសិក្សាអំពីសិល្បៈនៃការធ្វើចលនា និងសុខភាព របស់សិស្សានុសិ្ស។ ៦-គ្រប់គ្រឹះស្ថានសិក្សា ត្រូវខិតខំកែលម្អទីលានលេងកីឡា រួមមាន បាលទាត់ បាល់ទះ ប៊ូល និងអត្តពលកម្មឲ្យបានច្រើន។សម្រួលដោយ ទៀង បុណ្ណរី