ក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការរៀបចំពិធីការ ជូនគណៈប្រតិភូនាំមុខនៃបណ្ដាប្រទេសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥
ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានធ្វើបទបង្ហាញស្ដីពីការរៀបចំពិធីការ ជូនគណៈប្រតិភូនាំមុខនៃបណ្ដាប្រទេសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដើម្បីជម្រាបជូនព័ត៌មានមួយចំនួន ដែលផ្ដល់ភាពងាយស្រួលដល់អ្នកចូលរួមកម្មវិធីប្រជុំដែលប្រព្រឹត្តទៅនៅថ្ងៃទី៣១កក្កដា ដល់ ថ្ងៃទី០៦ខែសីហា ឆ្នាំ២០២២។ បន្ទាប់ពី ឯកឧត្តម លុយ ដាវីត ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ធ្វើជាអធិបតីថ្លែងបើកកម្មវិធីរួច តំណាងក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានជម្រាប់ជូនអង្គទូត និងគណៈប្រតិភូទាំងឡាយពីរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ តំណាងក្រសួងសុខាភិបាលធ្វើបទបង្ហាញស្ដីពីវិធានការការពារកូវីដ-១៩ ដើម្បីសុវត្ថិភាពអ្នកចូលរួមប្រជុំ។ ចំណែកឯតំណាង អគ្គស្នងការនគរបាលជាតិ បង្ហាញពីការការពារសន្តិសុខ សុវត្ថិភាពទូទៅ ជាពិសេសការការពារសុវត្ថិភាពជូនរដ្ឋមន្ត្រីការបរទេសអាស៊ាន និង រដ្ឋមន្ត្រីនៃប្រទេសដែលចូលរួមកិច្ចប្រជុំ។ បទបង្ហាញក៏មានសំនួរចម្លើយយ៉ាងផុសផុលពីអង្គទូត និង តំណាងអង្គទូត។ បន្ទាប់មក នៅរសៀលថ្ងៃដដែល ឯកឧត្តម លុយ ដាវីត ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅសណ្ឋាគារសុខាភ្នំពេញ ដែលជាកន្លែងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២។ សូមបញ្ជាក់ថា គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នៅថ្ងៃទី៣១កក្កដា ដល់ ថ្ងៃទី០៦ខែសីហាខាងមុខ មាន៣៨ប្រទេស បូករួមទាំងកម្ពុជាផង ត្រូវជា៣៩ប្រទេស៕សម្រួលដោយ ទៀង បុណ្ណរី