កសិដ្ឋានចិញ្ចឹមចង្រិតមួយនៅខេត្តតាកែវ បង្ហាញពីរបៀបចិញ្ចឹមឱ្យទទួលបានទិន្នផលខ្ពស់
កសិដ្ឋានចិញ្ចឹមចង្រិតមួយកន្លែងនៅខេត្តតាកែវ បានបង្ហាញ ពីរបៀបចិញ្ចឹមចង្រិតឱ្យទទួលបានទិន្នផលខ្ពស់ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ខណៈដែលសត្វប្រភេទនេះ ប្រជាពលរដ្ឋកំពុងពេញនិយមទទួលទាន។លោក ញឿក ភារម្យ ម្ចាស់កសិដ្ឋានចិញ្ចឹមចង្រិត ស្ថិតនៅ ឃុំបារាយណ៍ ក្រុងដូនកែវ ខេត្ត តាកែវ បានប្រាប់ទូរទស្សន៍អនឡាញ TNM ឱ្យដឹងថា លោកបានចាប់ផ្ដើមចិញ្ចឹមចង្រិតរយៈពេល១២ឆ្នាំហើយ ដោយដំបូងរៀនពីយូធូប និងស្រាវជ្រាវតាមជាក់ស្តែង គឺរៀនបណ្ដើរចិញ្ចឹមបណ្ដើរ រហូតមកដល់បច្ចុប្បន្ន បានពង្រីកការចិញ្ចឹមចង្រិតបានចំនួន៤០០ទ្រុងហើយ ដោយក្នុងមួយខែបានជាង១ពាន់ដុល្លារ សម្រាប់ផ្គត់ផ្គង់គ្រួសារ។ លោកបានលើកទឹកចិត្តដល់ប្រជាកសិករដែលមានបំណងចង់ចិញ្ចឹមចង្រិត អាចទាក់ទងបានពី បច្ចេកទេសចិញ្ចឹបនេះ ព្រោះសត្វចង្រិត គឺវាងាយ ស្រួលចិញ្ចឹមជាងសត្វដទៃដោយចំណាយដើមទុនតិច ប្រើពេលវេលាតិច ហើយបានចំណូលខ្ពស់ ។ លើសពីនេះទៀត គឺមានទីផ្សារស្រាប់ ដោយលោកនឹងទទួលទិញចូលវិញ។ «ដើម្បីចិញ្ចឹមចង្រិតបានទី១ យើងត្រូវមានទ្រុងដែលយើងអាចធ្វើជាទ្រុង Smart board បាន មានទទឹង១ម៉ែត្រ២ បណ្ដោយ២ម៉ែត្រ៤ ហើយកម្ពស់៨តឹក ហើយបន្ទាប់ពីយើងមានទ្រុងហើយ ទី២យើងត្រូវការសំបុក គឺរៀបចំសំបុកជាលក្ខណៈថ្លាពងមាន់ ដោយ មួយទ្រុងត្រូវការ ៣០០បន្ទះ និងទី៣ យើងត្រូវការពូជចង្រិត។ បន្ទាប់ពីមាន៣មុខហ្នឹងហើយយើងអាចចិញ្ចឹមបានហើយ។ ហើយអ្វីដែលសំខាន់ជាងគេ គឺចំណីយើងអាចរកដោយខ្លួនឯងបានតាមជាក់ស្ដែង គឺជាបន្លែធម្មជាតិ មានបន្លែបៃតងជុំវិញផ្ទះ ស្លឹកបាស ត្រកួន ស្លឹកដំឡូងមី ស្មៅ និងចំណីសម្រេចដែលនៅ លើទីផ្សារបាន ប៉ុន្តែយើងចាំបាច់រកចំណីណាដែលមានប្រូតេអ៊ីនខ្ពស់ព្រោះចង្រិតគឺជាសត្វដែលសម្បូរទៅដោយប្រូតេអ៊ីន»។ លោកបានបញ្ជាក់ថា ក្នុងមួយថ្ងៃអាចលក់ចេញបានចន្លោះ ១០០គីឡូក្រាម ទៅ១តោនក្នុងមួយថ្ងៃ ដោយក្នុងមួយគីឡូតម្លៃចន្លោះពី១២៥០០រៀល ទៅ១៣០០០រៀល ភាគច្រើនលក់នៅក្នុងខេត្តតាកែវ និងនាំទៅលក់នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ព្រោះដោយសារសត្វប្រភេទនេះ សម្បូរវីតាមីន និងជាអាហារពេញនិយមបំផុតរបស់ប្រជាពលរដ្ឋខ្មែរ និងមិនសូវមានការប្រកួតប្រជែង៕សម្រួលដោយ ទៀង បុណ្ណរី