ទំនប់អាងស្តុបទឹកស្ទឹងស្រែង១ នឹងស្ទឹងស្រែង២ ផ្តល់អត្ថប្រយោជន៍ច្រើនលើវិស័យកសិកម្ម
ឧត្តរមានជ័យ៖ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានអះអាងថា ទំនប់ទឹកបឹងធម្មជាតិស្ទឹងស្រែង១ នឹងស្ទឹងស្រែង២ ស្ថិតនៅស្រុកចុងកាល់ បច្ចុប្បន្នផ្តល់អត្ថប្រយោជន៍ច្រើនជួយដល់ការងារកសិករធ្វើកសិកម្មបានទាំងរដូប្រាំង និងរដូវវស្សា ។ ទំនប់អាងស្តុបទឹកខាងលើនេះ ជាប្រភពទឹកបន្តជួយស្រោចស្រពដល់ ខេត្តបន្ទាយមានជ័យនៅស្រុកភ្នំស្រុក និងស្រុកព្រះនេតព្រះ រួមទាំងខេត្តសៀមរាបផងដែរ។លោក ញឺន កួន បានឲ្យដឹងថា អាងទំនប់ទឹកបឹងធម្មជាតិស្ទឹងស្រែង១ នឹងស្ទឹងស្រែង២ នេះអាចផ្គត់ផ្គង់ទឹកស្រោចស្រពលើដំណាំស្រូវបានចំនួនប្រមាណ ២៥០០០ហិកតាសម្រាប់កសិករធ្វើស្រែបានទាំងពីររដូវ ។ ថែមទាំងបានជួយកាត់បន្ថយនូវហានិភ័យគ្រោះទឹកជំនន់នៅពេលមានជំនន់ទឹកភ្លៀងម្តងៗ ផងដែរ។ លោកបញ្ជាក់ថា កន្លងមកមុនការសាងសង់ទំនប់ទាំងពីរនេះ នៅតាមបណ្ដាលស្រុកមួយចំនួនជាប់ភូមិសាស្រ្តស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ តែងតែរងការជនលិចដូចជាស្រុកស្រីស្នំ និងស្រុកក្រឡាញ់។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ វាអាចកាត់បន្ថយការជនលិចដំណាំស្រូវរបស់កសិករធ្វើកសិកម្មបានច្រើន ហើយបឹងទាំងពីរនេះ មិនត្រឹមតែផ្តល់ប្រយជន៍ដល់ការងារកសិកម្មប៉ុណ្តោះទេគឺវាអាចផ្តល់ប្រយោជន៍ដល់អ្នកប្រកបមុខរបរនេសាទត្រីរបស់ពលរដ្ឋបានគ្រប់រដូវកាលផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី