រដ្ឋបាលខេត្តមណ្ឌលគិរី ដាំកូនឈើចម្រុះជាង២ពាន់ដើម នៅភ្នំដោះក្រមុំក្នុងពិធីបុណ្យរុក្ខទិវា ឆ្នាំ២០២២

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគីរី បានជ្រើសរើសយកកូនឈើដើមស្រល់ រួមនឹងកូនឈើចម្រុះដែលមានចំនួនជាង២ពាន់ដើម មកដាំនៅលើបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចនៅចំណុចភ្នំដោះក្រមុំ ដើម្បីថែរក្សាលំនឹងធម្មជាតិ និងសោភ័ណ្ឋភាពរបស់រមណីយដ្ឋានភ្នំដោះក្រមុំ នៃថ្ងៃពិធីបុណ្យរុក្ខទិវា ដែលស្ថិតនៅលើខ្នងភ្នំដោះក្រមុំ ក្នុងក្រុមសែនមនោរម្យខេត្តមណ្ឌលគីរី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២២ ។ ពិធីបុណ្យរុក្ខទិវា បានប្រព្រឹត្តិទៅ មានការអញ្ជើញចូលរួមក្រោមធិបតីភាពពី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ត ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិក្សានុសិស្ស រួមនិងបងប្អូនប្រជាពលរដ្ឋមានចំនួនជាង៣០០នាក់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការរៀបចំ បុណ្យ រុក្ខទិវា ៩ កក្កដា ក្នុងគោលបំណងបំផុសស្មារតីដល់ប្រជាពលរដ្ឋ គ្រប់ទីកន្លែងឱ្យចូលរួមដាំដើមឈើ ដើម្បីបង្កើនគម្របព្រៃឈើ និងការគ្រប់គ្រងបរិស្ថាន ចូលរួមរក្សាអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ ទេសចរណ៍ ការសិក្សាស្រាវជ្រាវ ប្រព័ន្ធការពារដីជម្រាល និងជីវចម្រុះ។ ម្យ៉ាងវិញទៀត ក៏ជាព្រឹត្តិការណ៍មួយសម្រាប់លើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ពីសារៈសំខាន់នៃធនធានធម្មជាតិ បឈ្ឈប់ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់ ដាក់អន្ទាក់សត្វព្រៃ ដោយខុសច្បាប់ផងដែរ ។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា ពិធីបុណ្យ ” រុក្ខទិវា ” គឺជាទិវាបំផុសចលនា ចូលរួមដាំដុះដើមឈើ ដែលជាប្រពៃណីដ៏ល្អផូរផង់ របស់ព្រះរាជាណាចក្រកម្ពុជា។ ហើយទិវានេះ ដែល ពោលគឺមាន ចាប់តាំងពី “សម័យសង្គមរាស្រ្តនិយម” ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងមានការដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ១៩៥២ រហូតមកម្លេះ។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បញ្ជាក់ថាពិធីបុណ្យរុក្ខទិវា ៩ កក្កដា បានរៀបចំសាឡើងវិញ នៅឆ្នាំ២០២២នេះ ក្រោយមានការអាក់ខាន២ឆ្នាំកន្លងមកដោយសារតែជួបវិបត្តិនៃជម្ងឺកូវីដ១៩ ។ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានលើកឡើងថា ដោយមានការសហការជាមួយរដ្ឋបាលខេត្ត ក្រុងរួមនិងមន្ទីរវប្បធម៌ខេត្ត បានសម្រេចកំណត់យកនៅទីតាំងខាងលើនោះ ដើម្បីរៀបចំពិធីបុណ្យរុក្ខទិវា ថ្នាក់ខេត្តនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ នេះ បានជ្រើសរើសយកកូនដើមឈើស្រល់ចំនួន ៩៩៩ដើម ដាំនៅតាមដងផ្លូវ ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ ចំណែកប្រភេទកូនឈើចម្រុះ សរុបមានចំនួន ១២៥០ ដើម ក្នុងនោះរួមមានកូនឈើៈ ទី១.ដើមកាក់មាស ៥០ដើម ទី២.ដើមគ្រែលឿង ១០០ដើម ទី៣.ដើមព្រីយ៉ាថង ១០០ដើម ទី៤.ដើមសាគូរ៉ា ២០០ដើម ទី៥.ដើមភូមិភួង ៣០០ដើម ទី៦. ដើមផ្កាក្រដាស ១០០ដើម ទី៧. ដើមផ្កាព្រិល ២០០ដើម និងទី៨. ដើមក្ងោកខ្មែរមានចំនួន ២០០ដើម ៕     (ដោយសហការី tnm មណ្ឌលគីរី) សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង