កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺដើម្បីជ្រើសរើសទំនិញនាំចេញមានសក្ដានុពលរបស់កម្ពុជាដោយប្រើប្រាស់ទីផ្សារដែលមានស្រាប់

ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងថា គោលបំណងសំខាន់នៃការ រៀបចំឯកសារផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តន៍កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី គឺដើម្បីជ្រើសរើសទំនិញនាំចេញមានសក្ដានុពលរបស់កម្ពុជា ដោយប្រើប្រាស់ទីផ្សារ ដែលមានស្រាប់ ។ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងបែបនេះ ក្នុងឱកាសធ្វើជាអធិបតី ក្នុងការដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សា និងអនុម័តឯកសារផែនការយុទ្ធសាស្ត្រ ទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងជូន ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចជាលើកចុងក្រោយ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា សម្រាប់ការសិក្សានឹងបង្ហាញថា តើកម្ពុជាមានឧត្តមភាពប្រកួតប្រជែង ខាងផលិតផលអ្វីសម្រាប់ធ្វើការនាំចេញ? តើអ្វីជាបញ្ហាប្រឈមរបស់កម្ពុជាក្នុងការនាំចេញ និងត្រូវដោះ ស្រាយបែបណា? និងការទាក់ទាញអ្នកវិនិយោគសម្រាប់ជំរុញផលិតផលកែច្នៃ និងបង្កើនតម្លៃបន្ថែម។ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ក្រុមការងារបានផ្ដោតទៅលើការសិក្សាលើមុខទំនិញអាទិភាពចំនួន ១០ មុខ មុនគេ រួមមាន៖ ១-ស្រូវអង្ករ ២-ដំឡូងមី ៣-ចេក ៤-មៀនប៉ៃលិន ៥-ស្វាយ ៦-ស្វាយចន្ទី ៧-សាច់ ៨-កៅស៊ូធម្មជាតិ ៩-ម្នាស់ និង១០-ម្រេច ព្រមទាំងការទាក់ទាញអ្នកវិនិយោគធ្វើជាមូលដ្ឋាន ដើម្បីធ្វើការ សិក្សាស្រាវជ្រាវ និងធ្វើជាគំរូសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងទៀត។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អក្នុងការសិក្សា និងចងក្រងឯកសារដ៏មាន សារសំខាន់នេះ សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តន៍ផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅរួមចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារ និងកាត់បន្ថយ ភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ។ ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកថា ផែនការយុទ្ធសាស្ត្រនេះត្រូវបានចាប់ផ្ដើមរៀបចំនៅត្រីមាសទី៤ នៃឆ្នាំ ២០២០ និងបានសម្រេចសេចក្តីព្រាងបឋមនៅឆ្នាំ២០២១ ដោយបានឆ្លងកាត់កិច្ចប្រជុំផ្ទៃក្នុង និងកិច្ចប្រជុំ ប្រមូលធាតុចូលពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៧ លើក, កិច្ចប្រជុំជាមួយវិស័យឯកជនកាលពី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងកិច្ចប្រជុំអន្តរក្រសួងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ តាមប្រព័ន្ធវីដេអូ ។ ក្នុងក្របខ័ណ្ឌក្រសួងពាណិជ្ជកម្ម ឯកឧត្ដមរដ្ឋមន្ត្រី បានដឹកនាំ កិច្ចប្រជុំ ដើម្បីពិនិត្យ កែសម្រួលឯកសារឱ្យស្របតាមស្មារតីអង្គប្រជុំ ជាពិសេសអនុសាសន៍របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ហើយក្រុមការងារបានបញ្ចប់ការកែសម្រួលចុងក្រោយបំផុតនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។ នៅទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជួយផ្តល់ធាតុចូលឱ្យបាន ឆាប់រហ័ស ដើម្បីឱ្យក្រុមការងារលេខាធិការដ្ឋាន អាចបញ្ចប់ឯកសាររៀបចំផែនការយុទ្ធសាស្ត្រទាញយក អត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក្នុងពេលឆាប់ៗនេះ ព្រោះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ហើយកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) ក៏នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង