បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង បាន​ចុះ​ហត្ថលេខាលើ​អនុស្សណៈ​នៃ​ការ​យោគ​យល់​គ្នាជាមួយ​ធនាគារ ដើម្បី​​ជាការ​សហការ​គ្នា​បង្កើត​លទ្ធភាព​ហិរញ្ញវត្ថុ សម្រាប់​ម្ចាស់​គេហដ្ឋាន ​​ធ្វើ​ជា​ម្ចាស់​វីឡា​ប្រណិត​នៅ​ភាគ​ខាង​ជើង នៃ​រាជធានីភ្នំពេញ។

ពិធីចុះហត្ថលេខា​ដែល​ធ្វើ​ឡើង​នៅ​ការិយាល័យ​កណ្តាល​បុរី វិមានសំណាង ស្ថិត​នៅ​លើ​មហាវិថី​ឈ្នះ-ឈ្នះ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ​នេះ ​​​​លោក ចាន់ ម៉ាច អគ្គនាយក​ធនាគារ ហ្វីលីព ​​បាន​មាន​ប្រសាសន៍​ថា ភាព​ជា​ដៃគូ​នេះ​ នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ទៀត ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​នូវ​កម្ចី​ទិញ​ផ្ទះ​តម្លៃ​សមរម្យ​ជាមួយ​នឹង​ការ​ផ្តល់​ហិរញ្ញប្បទាន​រហូត​ដល់ ៨០% ​ដោយ​មាន​រយៈពេល​កម្ចី​រហូត​ដល់ ២៥​ឆ្នាំ និង​សេវា​រត់ការ​ឯកសារ​ត្រឹម​តែ ០,៥%។លោក​ឧកញ៉ា គីម ហ៊ាង អគ្គនាយក​បុរី វិមាន​សំណាង ​​​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា៖ “យើង​មាន​សេចក្តី​រំភើប​រីករាយ​ដែល​បាន​សហការ​ជាមួយ​ធនាគារ ហ្វីលីព ដើម្បី​បន្ថែម​ភាព​រីករាយ​ដល់​អតិថិជន​​របស់​យើង ជាមួយ​នឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ដ៏​អស្ចារ្យ សម្រាប់​គម្រោង​របស់​យើង។  យើង​ចាត់ទុក​បុរី វិមានសំណាង ជា​សហគមន៍​ដ៏​សំខាន់​មួយ ហើយ​មាន​អ្នក​វិនិយោគ​ដែល​មាន​ទេពកោសល្យ​ជា​ច្រើន​កំពុង​ស្វែង​រក​ការ​តាំង​ទី​លំនៅ​នៅ​ទីនេះ។ យើង​ទទឹង​រង់ចាំ​ការ​ផ្តល់ជូន​ដល់​អ្នក​រស់​នៅ​ក្នុង​បុរី វិមានសំណាង ​នូវ​ការ​អភិវឌ្ឍន៏​ដ៏​លេច​ធ្លោ និង​ផ្តាច់មុខ”។ធនាគារ ហ្វីលីព ភីអិលស៊ី ផ្តល់ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ និង​ផលិតផល​ជា​ច្រើន​ប្រភេទ ដែល​បម្រើ​ដល់​អតិថិជន​សាជីវកម្ម សហគ្រាសធុនតូច និង​មធ្យម និង​លក់រាយ។ ធនាគារ ហ្វីលីព ជា​សមាជិក​របស់​ Phillip Capital Group ដែល​មាន​ទីស្នាក់​កណ្តាល​នៅ​ប្រទេស​សិង្ហបុរី ហើយ​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៧៥។ ធនាគារ ហ្វីលីព ភីអិលស៊ី ​​ជា​ធនាគារ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេសកម្ពុជា ​​ដែល​មាន​ភាគទុនិក​ជនជាតិ​សិង្ហបុរី ​​និងមាន​សាខា​ច្រើន​ជាង ៧០​ នៅ​ទូទាំង​ប្រទេស។សូមបញ្ជាក់​ផង​ដែរ​ថា បុរី វិមានសំណាង ជា​ការ​អភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ​លំដាប់​ខ្ពស់​ដំបូង​គេ ដែល​នាំ​មក​នូវ​តុល្យភាព​នៃ​ធម្មជាតិ និង​លំដាប់ថ្នាក់ខ្ពស់ ដោយ​ផ្តោត​លើ​ឧត្តមភាព​ដល់​ឧស្សាហកម្ម​អចលនទ្រព្យ។ គម្រោង បុរី វិមានសំណាង សាងសង់លើផ្ទៃដី ២៥ ហិកតា ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ខាងជើងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមាណ ២៥០០ ម៉ែត្រ។ គម្រោងដ៏ធំស្កឹមស្កៃ របស់ប្រធាន KW Cambodia រូបនេះ បណ្ដុំទៅដោយផ្ទះ​វីឡាលំដាប់អភិជន សរុបមានជាង ៤៥០វីឡា ដូចជា Royal Villa, King Villa Queen Villa និង Prince Villa ជាដើម៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង