គ្រឿងញៀនជិត២០០គីឡូសមត្ថកិច្ចបង្ក្រាបបានចំនួន០៣ខេត្ត ក្រោយតុលាការជំនុំជំរះជាស្ថាពរត្រូវដុតបំផ្លាញចោលក្នុងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង÷ គ្រឿងញៀនដែលសមត្ថកិច្ចជំនាញបង្ក្រាបបានចំនួន០៣ខេត្តធ្វើការរឹបអូសពីជនល្មើសនាពេលកន្លងមក មានទម្ងន់ជិត២០០គីឡូក្រាម បន្ទាប់មកក៏បានបញ្ជូនទៅតុលាការ ក្រោយតុលាការជំរុំជំរះជាស្ថាពរ បានសម្រេចរៀបចំពិធីដុតកម្ទេចគ្រឿងញៀនចោលនៅក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ស្ថិតនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២២។ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតី នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិនិងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមឈាង ឡាក់
ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស រួមនិងប្រជាពលរដ្ឋផងដែរ។ មុននឹងរៀបចំដុតកំទេចគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបាន ទាំងចំនួន០៣ខេត្តនោះចោល តុលាការសាលាដំបូងខេត្ត ស្ទឹងត្រែង បានធ្វើការបើកនូវកញ្ចប់គ្រឿងញៀនខាងលើនោះ ពោលគឺមានសមាសភាពចូលរួម ពីគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ខេត្ត
រតនគិរី និងខេត្តមណ្ឌលគិរី ។ ចំណែកអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងមានសំណុំរឿងព្រហ្មទណ្ឌចំនួន២០ វត្ថុតាងដែលរឹបអូសពីជនល្មើសបានសរុបរួមមានៈ
១.គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)មានទម្ងន់១៧៨,៣៦
គីឡូក្រាម
២. គ្រឿងញៀនប្រភេទមេតំហ្វេតាមី(WY)មានទម្ងន់ ៣៥.៤ក្រាម
៣. ប្រភេទម្សៅក្រាមពណ៍ស មានទម្ងន់ ២៥៣.៥០ក្រាម។
រីឯសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី មាន សាលក្រមចំនួន ៨ រឿង ដំណាក់កាលជំនុំជម្រះចំនួន៧ រឿង ដំណាក់កាលស៊ើបសួរចំនួន ២រឿង និងរឹបអូសវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សរុប ១៣៥.៩៧ក្រាម ។ ដោយឡែកសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តរតនគិរី មានសំណុំរឿងព្រហ្មទណ្ឌចំនួន៣៩ សំណុំរឿង វត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) សរុបមានទម្ងន់៨៤៣.០៨ក្រាម។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិនិងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ថ្លែងក្នុងពិធីដុតបំផ្លាញចោលនៅវត្ថុតាងគ្រឿងញៀនខាងលើនោះថា បញ្ហាគ្រឿងញៀនបច្ចុប្បន្នមិនមានការថយចុះទេមានការ កើនឡើង ហើយបើចង់ឲ្យថយចុះ លុះត្រា យើងរួមគ្នាទប់ស្កាត់ រួមគ្នាបង្ក្រាប រួមគ្នាលុបបំបាត់ ទើបអាចថយចុះបាន ។ នាយឧត្តមសេនីយ៍មានប្រសាសន៍បន្តថាក្នុងចំណោមខេត្តភូមិភាគឥសាន ខេត្តស្ទឹងត្រែងជាខេត្តមួយដែល មានបទល្មើសគ្រឿងញៀនច្រើនជាងគេ ធ្វើចរាចរពីប្រទេសក្បែខាង។ហើយប្រទេសកម្ពុជាយើងជាប្រទេសឆ្លងកាត់គ្រឿងញៀនចេញទៅប្រទេសដទៃទៀត មិនតែប៉ុណ្ណោះទេ ថ្មីៗកន្លងទៅក្រុមឧក្រិដជនបានយកទីតាំងប្រទេសកម្ពុជា
ដើម្បីផលិតគ្រឿងញៀន តាមរយៈរូបភាពនាំចូលសារធាតុផ្សំគ្រឿង
ញៀន ម្តងបន្តិចៗ មកប្រមូលផ្តុំបង្កើតជាទីតាំងផលិតថ្នាំញៀន តែត្រូវបានបង្ក្រាបទាន់ពេលវេលា។ នាយឧត្តមសេនីយ៍ម៉ក់ ជីតូ លោកមានប្រសាសន៍បញ្ជាក់ថា គ្រឿងញៀនវាបង្កការគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើប្រទេសនីមួយៗ ឬយើងមិនបានយកចិត្តទុកដាក់ ធ្វើសកម្មភាពបង្ក្រាប ការជួញដូរការរក្សាទុក ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនទាំងនេះ ម្យ៉ាងវិញទៀតវិបត្តិគ្រឿងញៀន ក៏បានកើនឡើង នៅកំឡុងពេលនៃជម្ងឺកូវីដ១៩ បានរីករាលដាលក្នុងប្រទេសកម្ពុជា នេះជាឱកាសរបស់ក្រុមបក្សពួកឧក្រិដជនជួញដូរគ្រឿងញៀនច្រើន ហើយក៏បានកងកម្លាំងសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ផងដែរថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយសំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍លើកឡើងថា អាជ្ញាធរថ្នាក់ក្រោមជាតិបានរួមគ្នាយ៉ាងសកម្មក្នុងការទប់ស្កាត់នៃការចរាចរណ៍គ្រឿងញៀនគ្រប់ប្រភេទ ជាក់ស្ដែងពេលនេះស្ថាប័នមានសមត្ថកិច្ចនៃខេត្តចំនួន០៣ បានរៀបចំដុតបំផ្លាញគ្រឿងញៀនចោលតាមអំណាចសាលក្រមសាលាដីកាសម្រេចរបស់សាលាដំបូងខេត្តដែលសមត្ថកិច្ចជំនាញបានខិតខំធ្វើការបង្រ្កាបកន្លងមក។ ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍បញ្ជាក់ថា ដើម្បីឱ្យទទួលបាន ភាពជោគជ័យបន្ថែមទៀត កម្លាំងសមត្ថកិច្ចនិងផ្នែកជំនាញពាក់ព័ន្ធ ត្រូវបង្កើនសកម្មភាពបង្ក្រាបឱ្យបានសកម្មដូចភ្លៀងរលឹម ដើម្បីធ្វើឱ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាពតទៅនៅឆ្នាំខាងមុខទៀត៕ សូមបញ្ជាក់ដែរថា ថ្នាំញៀនដែលរៀបចំដុតបំផ្លាញចោលនៅចំពោះមុខមហាជនក្នុងក្រុងស្ទឹងត្រែងនេះជាប្រភេទមេតំហ្វេតាមីន មានទម្ងន់សរុបជាង១៧៩ គីឡូក្រាម។ (ដោយសហការី tnm ស្ទឹងត្រែង)សម្រួលដោយ ទៀង បុណ្ណរី