សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យកីឡាករកីឡាការិនីដែលចេញទៅប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម ត្រូវធានានូវក្រឹតក្រមក្បួនខ្នាតនៃការប្រកួតដើម្បីកិត្តយសរបស់ប្រទេសជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ស្នើឱ្យកីឡាករ កីឡាការិនីកម្ពុជា ដែលចេញទៅប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ត្រូវខិតខំធ្វើយ៉ាងណាគោរព និងធានាឱ្យនូវក្រឹតក្រមក្បួនខ្នាតនៃការប្រកួត ដើម្បីកិត្តិយសរបស់ប្រទេសជាតិ។ ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមជាង១៥០នាក់ នាព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន មាប្រសាសន៍ដោយមោទនភាពចំពោះកីឡាជនពិការ ដែលកាន់តែមានការវិវត្តឈាន ឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏បានថ្លែងនូវការកោតសរសើរចំពោះកីឡាករកីឡាការិនីកម្ពុជា ដែលចេញទៅប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាមនាពេលកន្លងមក ហើយទទួលបានមេដាយទ្វេដង បើប្រៀបធៀបក្នុងការចេញទៅប្រកួតក្នុងរយៈពេលមុនៗដោយសម្ដេចតេជោក៏សង្ឃឹមដែរថា កីឡាជនពិការក៏នឹងទទួលបានជោគជ័យផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឱ្យកីឡាករ កីឡាការិនី ដែលចេញទៅប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមទាំអស់ថា« អ្វីដែលសំខាន់របស់យើងត្រូវធ្វើយ៉ាងណា ត្រូវធានានូវក្រឹតក្រមក្បួនខ្នាតនៃការប្រកួត។ ចៀសវាងនូវការបំពានណាមួយទៅលើលក្ខត្តិកៈនៃការប្រកួត»។ ទន្ទឹមនេះ ត្រូវ ចៀសវាងដាច់ខាតមិនឱ្យមានការប្រើប្រាស់នូវសារធាតុដែលមានការហាមឃាត់សម្រាប់ផ្នែកកីឡា ដែលនាំឱ្យមានការបាត់បង់នូវកិត្តិយសរបស់ប្រទេសជាតិ។ សម្ដេចតេជោលើកឡើថា «មេដាយមាស មេដាយប្រាក់ ឬអត់មេដាយ គឺមិនសំខាន់ទេ តែការបំផ្លាញដោយសារការប្រើ ប្រាស់សារធាតុដែលហាមឃាត់ គឺជាការបំផ្លាញមុខមាត់ប្រទេសជាតិដ៏ធំ»។ព្រោះមេដាយដែលក្រុមទាំងមូលបានទៅទទួល មិនគ្រប់គ្រាន់ដើម្បីនឹងប៉ះប៉ូវមុខមាត់ ដែលខូចខាតដោយសារការប្រើប្រាស់សារធាតុ ញៀន ឬសារធាតុដែលត្រូវហាមឃាត់នៅក្នុងវិស័យកីឡានោះទេ។ បើតាមរបាយការណ៍របស់អគ្គលេខាធិការគណៈ កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១នេះ កម្ពុជាបញ្ជូនប្រតិភូកីឡាចូលរួមសរុប១៦៦នាក់។ ក្នុងនោះមានអត្តពលិក១១៥នាក់និងប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយចំនួន ៣៩នាក់ មន្ត្រីបច្ចេកទេសចំនួន ៧នាក់ និងប្រតិភូជាតិចំនួន៥នាក់។ ចំពោះអត្តពលិកកម្ពុជានឹងចូលរួមប្រកួតលើប្រភេទកីឡាចំនួន១១ រួមមាន វាយកូនឃ្លីលើតុ លើកទម្ងន់ អត្ត ពលកម្ម ហែលទឹក បាល់ទះអង្គុយបុរសនារី បាល់បោះជនពិការភ្នែកបាល់ ទាត់៧នាក់ម្ខាង បាល់បោះ ជិះរទេះបុរសនារី បូស្យា វាយសី និង អុក។ ការប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតរវាងកីឡាករ កីឡាការិនីជាជនពិការក្នុងចំណោមប្រទេសសមាជិកអាស៊ានត្រូវបានធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តង។ ការប្រកួតបានធ្វើចំនួន១០ លើករួចមកហើយ ប៉ុន្តែនៅឆ្នាំ ២០១៩ ការប្រកួតដែលគ្រោងធ្វើឡើងនៅប្រទេសហ្វីលីពីនត្រូវបានខកខានដោយ សារតែវិបត្តិជំងឺកូវីដ១៩។ ដោយឡែកការប្រកួតលើកទី១១ នេះ តាមពិតត្រូវធ្វើនៅប្រទេសវៀតណាម តែវៀតណាមសុំលើកពេលក្រោមហេតុផលវិបត្តិជំងឺកូវីដ១៩ទើបលើកទៅរៀបចំនៅប្រទេសឥណ្ឌូណេស៊ីជំនួសវិញ។ ការ ប្រកួតចាប់ផ្តើមពីថ្ងៃទី៣០ខែកក្កដា ដល់ថ្ងៃទី ០៦ សីហា ២០២២។ គួរបញ្ជាក់ដែរថា គណៈកម្មាធិការជាតិប៉ារ៉ា ឡាំពិកកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៥ខែតុលាឆ្នាំ១៩៩៧ដោយមានសម្តេច តេជោ ហ៊ុន សែនជាប្រធាន។ គណៈកម្មាធិ ការប៉ារ៉ាឡាំពិកកម្ពុជាជាសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC)សមាជិកពេញសិទ្ធិនៃគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ីនិងជាសមាជិកស្ថាបនិកនិងពេញសិទ្ធិនៃសហព័ន្ធកីឡាពិការអាស៊ាន៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង