សត្វត្រដក់តូចទាំងហ្វូងមករកទឹកត្រពាំងចំនួន១៧ដែលស្តាររួចនៅដែនជម្រកសត្វព្រៃលំផាត់
ប្រភពពីមន្ត្រី អង្គការជីវិតធម្មជាតិនៅកម្ពុជា (Bird Life in Cambodia) បានឱ្យដឹងនៅថ្ងៃច័ន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២ថា ខ្លួនបានសហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដើម្បីជីក ស្តារត្រពាំងធម្មជាតិសរុបចំនួន ១៧ត្រពាំង នៅដែនជម្រកសត្វព្រៃលំផាត់ ក្នុងគោលបំណងរក្សាទឹកបានយូរ សម្រាប់សត្វព្រៃប្រើប្រាស់ នៅក្នុងរដូវប្រាំង។បន្ទាប់ពីការជីក ស្តាររួច ក្រុមការងារអង្គការជីវិតធម្មជាតិ Bird Life in Cambodia នៅកម្ពុជា បានបន្តតាមដានលទ្ធផលពីការជីក ស្តារទាំងនោះ ដោយការសង្កេតផ្ទាល់ និង តាមកាមេរ៉ាស្វ័យប្រវត្តិ។ ការតាមដានបានបង្ហាញថា ក្នុងខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ត្រពាំងដែលយើងបានជីគ ស្តារទាំងនោះ ទទួលស្វាគមន៍ហ្វូងសត្វត្រដក់តូច ដែលកំពុងរងគ្រោះមួយហ្វួង ដែលមានសមាជិកយ៉ាងច្រើន។ ប្រភពពីមន្ត្រី អង្គការជីវិតធម្មជាតិនៅកម្ពុជា បានបញ្ជាក់ទៀតថា ដែនជម្រកសត្វព្រៃលំផាត់ នៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រ ដល់ការរស់នៅរបស់សត្វកម្រជិតផុតពូជ។ ដូច្នេះសូមចូលរួមការពារសត្វ និងព្រៃឈើនៅដែនជម្រកសត្វព្រៃលំផាត់ទាំងអស់គ្នា៕សម្រួលដោយ ទៀង បុណ្ណរី