រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២

(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នេះ ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការជំនាញ អភិបាល-អភិបាលរង ក្រុង/ស្រុក មេឃុំ ស្មៀនឃុំ សមាជិកឃុំ និងអ្នកពាក់ព័ន្ធ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបន្ថែមថា កិច្ចប្រជុំផ្សព្វផ្សាយនេះ ពិតជាបានផ្តល់ជាមូលដ្ឋានក្នុងការពិនិត្យ និងរៀបចំដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ និងមុនចាប់ផ្តើមការងាររបស់ក្រុមប្រឹក្សាឃុំ/សង្កាត់នីមួយៗ ដើម្បីពង្រឹងនូវការងារ និងបង្កើននូវធនធានមនុស្ស ឲ្យការតែមានប្រសិទ្ធភាព ក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណជូនបងប្រជាពលរដ្ឋកាន់តែមានភាពរហ័ស ទាន់ពេលវេលា និងមានតម្លាភាព ។ ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងចាក់ដូសជម្រុញអោយបានគ្រប់ៗគ្នា ធានាបាននូវភាពស៊ាំក្នុងសហគមន បង្កភាពងាយស្រួលក្នុងការប្រកបរបបចិញ្ចឹមជីវិតធ្វើអោយមានជីវភាពកាន់តែធូរធារ ហើយបន្តរស់នៅយ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ ក៏ដូចសង្គមជាតិទាំងមូល៕ រាយការណ៍ដោយសហការីប្រចាំខេត្តត្បូងឃ្មុំ

អត្ថបទដែលជាប់ទាក់ទង