ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានស្នើអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយធ្វើការអប់រំយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ

ឯកឧត្ដម លី ធុជ ដែលជាអនុប្រធានទី១ អាជ្ញាធរមីនបានស្នើអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយធ្វើការអប់រំការយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឱ្យបានទូលំទូលាយជាសាធារណៈដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព នៅក្នុង និងក្រៅសហគមន៍របស់ខ្លួន ដើម្បីចៀសវាងពីគ្រោះថ្នាក់ពីគ្រាប់ទាំងនោះជាយថាហេតុ។ ការស្នើសុំនេះ ក្នុងកម្មវិធីយុទ្ធនាការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពិធីនេះមានការឧបត្ថម្ភគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល និងមានការចូលរួមពី ឯកឧត្ដម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយជ័យ រដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ លោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ។ នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ បានណែនាំដល់ប្រតិបត្តិករទាំងអស់ ត្រូវខិតខំឆ្លើយតបដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា នូវសំណូមពររបស់ប្រជាពលរដ្ឋ ដោយប្រមូលនិងកម្ទេចចោលគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម ដែលប្រជាពលរដ្ឋ បានរាយការណ៍។ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនោះ បងប្អូនប្រជាពលរដ្ឋ ចៀសវាងការរុករកកាកសំណល់អេតចាយដែលជាគ្រឿងផ្ទុះ ឬវត្ថុដែលសង្ស័យថាជាគ្រឿងផ្ទុះ មិនត្រូវកែច្នៃគ្រាប់ ឬរំសេវផ្ទុះ មិនត្រូវប្រថុយប្រថានចូលទៅ តំបន់ដែលមិនស្គាល់ទីតាំងភូមិសាស្រ្ត ច្បាស់លាស់ក្នុងបំណងណាមួយ ដូចជាប្រើប្រាស់ដី រុករកអនុផលព្រៃឈើ ធ្វើដំណើរឆ្លងកាត់ មិនត្រូវប៉ះពាល់គ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាដាច់ខាត។ ជាមួយគ្នានេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានជំរុញដល់នគរបាលប៉ុស្តិ៍ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅដល់ប្រជាពលរដ្ឋ តាមរយៈវេទិកានានា ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។ ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលបានចូលរួមក្នុងពិធីនេះ ថែមទាំងបានបញ្ជាក់ទៀតថា សម្តេចតេជោ តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងមិនចង់ឃើញប្រជាពលរដ្ឋណាមួយបន្តគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះបន្ថែមទៀតទេ។ ទន្ទឹមនេះ មូលហេតុនៃការគ្រោះថ្នាក់នេះ គឺបណ្តាលមកពីការបែកបាក់សាមគ្គីភាពផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ បង្កឱ្យមានជម្លោះប្រដាប់អាវុធ និងទុក្ខវេទនាគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានរម្លឹកផងដែរថា កាលពីឆ្នាំ១៩៩៨ គឺឆ្នាំនៃការបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃជាស្ថាពរនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះរបស់សម្តេចតេជោ ជាស្ថាបនិកសន្តិភាព និងមានតម្លៃជាប្រវត្តិសាស្រ្តដ៏អស្ចារ្យ ដែលនេះជាមេរៀនជាប្រវត្តិសាស្រ្តរបស់កម្ពុជា និងបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តសាមគ្គីភាព ឯកភាព ស្រឡាញ់សន្តិភាព និងគាំទ្រការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងបានណែនាំឱ្យលោកគ្រូ-អ្នកគ្រូ ធ្វើការផ្សព្វផ្សាយ និងអប់រំដល់សិស្សានុសិស្សទាំងអស់ឱ្យយល់ពីគុណតម្លៃនៃគោលនយោបាយ ឈ្នះ ឈ្នះ និងបណ្តុះមនសិការស្នេហាជាតិ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង