យុវជននិងកុមារ រស់នៅក្នុងសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ទទួលបានការ បង្រៀនភាសាអង់គ្លេស

យុវជន និងកុមារ ចំនួនជាង៦០នាក់ នៅក្នុងសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ កំពុងទទួលបានការបង្រៀនភាសាអង់គ្លេសបន្ថែម នៅក្នុងសាលាសហគមន៍ ដើម្បីឱ្យកុមារ និងយុវជនទាំងនោះ មានចំណេះដឹងអាចប្រើប្រាស់ភាសាអង់គ្លេសបាន ដើម្បីទទួលបានឱកាសការងារ និងជួយអភិវឌ្ឍដល់សហគមន៍ផ្ទាល់។ អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍! សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ មានទីតាំងក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សហគមន៍នេះ ត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមចូលចិត្តទៅទស្សនាកម្សាន្ត ដោយមានព្រៃសហគមន៍គ្របដណ្តប់ទំហំប្រមាណ១០០០ហិកតា។ គណៈកម្មាធិការនៅក្នុងសហគមន៍ បានរៀបចំផែនការ ធ្វើយ៉ាងណាអភិវឌ្ឍសហគមន៍នេះ ឱ្យបានរីកចម្រើនទៅមុខ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងនោះការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងសហគម៍ ត្រូវបានគិតគូរជាចាំបាច់។ លោកគង់ ប៊ុនលស់ អនុប្រធានសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោក ចាប់ផ្តើមបើកសាលាបង្រៀនក្មេងៗនៅក្នុងសហគមន៍ តាំងពីចុងឆ្នាំ២០១៨មក ដោយសារសង្កេតឃើញថា យុវជនឬក្មេងៗ នៅក្នុងសហគមន៍ជួបឧបសគ្គច្រើន នៅពេលកំពុងរៀនថ្នាក់កម្រិតបឋមសិក្សាឬរៀនចប់ថ្នាក់វិទ្យាល័យ ពួកគេពិបាកនឹងបន្តការសិក្សាទៅមហាវិទ្យាល័យ ដោយសារចំណេះដឹងភាសាអង់គ្លេសនៅមានកម្រិត។ បន្ថែមពីលើនេះ ដើម្បីឱ្យសហគមន៍អេកូទេសចរណ៍ ទឹកជប់ខ្នារពោធិ៍ សម្បូរដោយធនធានមនុស្សដែលមានចំណេះដឹងផ្នែកភាសាបរទេសគ្រប់គ្រាន់ អាចជួយការងារនៅក្នុងសហគមន៍បាន ជាពិសេសបានចូលរួមផ្សព្វផ្សាយពីសក្តានុពល វិស័យទេសចរណ៍នៅក្នុងព្រៃសហគមន៍ ទៅកាន់ភ្ញៀវទេសចរបរទេសបាន។ លោកបន្តទៀតថា កុមារចាប់ពីអាយុ០៦ឆ្នាំឡើង ត្រូវបានអនុញ្ញាតឱ្យចូលរៀនភាសាអង់គ្លេស ដោយមិនគិតថ្លៃ នៅក្នុងសាលាសហគមន៍ ហើយរហូតមកដល់បច្ចុប្បន្ននេះ មានយុវជននិងកុមារចំនួន៦០នាក់ ដែលកំពុងសិក្សានៅក្នុង សាលារៀនសហគមន៍របស់លោក ក្នុងនោះមានគ្រូបង្រៀនស្ម័គ្រចិត្ត ចំនួន៣នាក់ រួមទាំងរូបលោកផង ដោយមិនទទួលបានប្រាក់កម្រៃឬប្រាក់ឧបត្ថមអ្វីឡើយ។ អនុប្រធានសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ លោកគង់ ប៊ុនលស់ បានបន្តថា ការបើកបង្រៀនក្មេងៗ នៅក្នុងសហគមន៍ កំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួន ដូចជា កន្លែងបង្រៀនជារោងសាងសង់អំពីកូនឈើតូចៗ ដំបូលប្រក់ស័ង្កសី តូចចង្អៀត ចំនួនសិស្សចូលរៀនច្រើន ដូច្នេះត្រូវស្វែងរកថវិកា មកសាងសង់ថ្នាក់រៀនបន្ថែម និងសម្ភារៈសម្រាប់សិស្ស មានតុ កៅអី ក្ការខៀន សៀវភៅប៊ិច ក៏មានការខ្វះខាត ដែលត្រូវស្វែងរកជំនួយពីសប្បុរសជន នានា ឬអង្គការដៃគូ មកជួយឧបត្ថមគាំទ្របន្ថែម។ ចំពោះការរៀបចំចងក្រងមេរៀន ឬបច្ចេកទេសក្នុងការបង្រៀន ឬបែងចែកថ្នាក់រៀន ទៅតាមវេន និងម៉ោងសិក្សា ត្រូវបានលោកអនុប្រធានសហគមន៍ គង់ ប៊ុនលស់ ជាអ្នកចងក្រង រៀបចំដោយខ្លួនលោក ដោយសារលោកមានបទពិសោធន៍ ជាគ្រូបង្រៀននៅសាលារបស់រដ្ឋមួយកន្លែងនៅទីនោះ។ សំឡេង៖គោលបំណងយើងឃើញថាតំបន់នេះ ជាតំបន់ទេសចរណ៍ ពិសេសយើងឃើញ ក្មេងៗប្រឈមមុខ ពេលណាពួកគេបញ្ចប់ពីវិទ្យាល័យទៅ គាត់ចង់ចូលមហាវិទ្យាល័យ ប៉ុន្តែគាត់អត់ចេះប្រើប្រាស់ភាសាអង់គ្លេស អ៊ីចឹងវាជាឧបសគ្គមួយ ទើបខ្ញុំជាតំណាងសហគមន៍ហ្នឹង ចាប់ផ្តើម មានគោលបំណង បង្រៀននេះ ដើម្បីជាគ្រឹះ ព្រោះនៅសាលាបឋមសិក្សាថ្នាក់ទី៤ គេចាប់ផ្តើមបង្រៀនហើយ ដូច្នេះខ្ញុំបង្រៀន ដោយឡែកខ្ញុំបង្រៀននៅសាលារដ្ឋផង និងសហគមន៍ផង ដូច្នេះខ្ញុំដឹងរបៀបបង្រៀនធ្វើម៉េចឱ្យក្មេងស្គាល់សំឡេង ពេលគេប្រើប្រាស់ភាសា ហ្នឹងត្រូវ ព្រោះក្មេងៗភាគច្រើន ពេលខ្ញុំបង្រៀនចប់គាត់អាចស្វែងរកការងារបាននៅទីក្រុង ហើយក្នុងសហគមន៍យើងធនធានមនុស្ស សុទ្ធតែចាស់ៗ គោលដៅរបស់យើងគឺក្មេងៗ នៅពេលដែលពួកគេបញ្ចប់ អ្នកខ្លះថ្នាក់ទី៨ ទី៩ គេអាចមកធ្វើការនៅសហគមន៍បាន អាចជាហ្គាយសហគមន៍ ព្រោះបន្តិចទៀតអាចចុងឆ្នាំនេះ យើងមានភ្ញៀវមកបណ្តើរៗ ដូច្នេះយើងបណ្តុះបណ្តាល ហើយគ្រូដែលខ្ញុំបង្រៀនគាត់អាចទៅរៀននៅសាកលវិទ្យាល័យហើយ។ លោកគង់ ប៊ុនលស់ បានបន្ថែមទៀតថា សហគមន៍កំពុងជំរុញយុវជន និងបន្តប្រមូលកុមារចាប់ពីអាយុ០៦ឆ្នាំឡើង ឱ្យបានកាន់តែច្រើន ឱ្យពួកគាត់ បានមករៀនភាសាអង់គ្លេស នៅក្នុងសាលាសហគមន៍ ដើម្បីជាមូលដ្ឋានគ្រឹះ សម្រាប់ការសិក្សារៀនសូត្រផ្នែកភាសាបរទេស បង្កើនអ្នកមានចំណេះដឹងផ្នែកភាសា នៅក្នុងសហគមន៍។ ទោះយ៉ាងណាលោក បានអំពាវនាវ ដល់សប្បុរសជន ឬអង្គការ ក្រៅរដ្ឋាភិបាល សូមជួយគាំទ្រ ទាំងសម្ភារៈនិងធនធាននានា ដើម្បីទ្រទ្រង់ ដំណើរការបង្រៀន មានលំនឹងច្បាស់លាស់ និងផ្តល់ជាកម្លាំងចិត្តដល់លោកគ្រូ អ្នកគ្រូ ដែលស្ម័គ្រចិត្ត ជួយបង្រៀន។ សូមបញ្ជាក់ផងដែរថា ព្រៃសហគមន៍ទឹកជប់ខ្នារពោធិ៍ ត្រូវបាន បង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយការស្ម័គ្រចិត្តពីប្រជាសហគមន៍ នៅជុំវិញនោះ មានសមាជិកសរុបចំនួន១០២៥គ្រួសារ និងទំហំផ្ទៃដីសរុបជាង១០០០ហិកតា ដើម្បីការពារព្រៃសហគមន៍ឱ្យបានល្អប្រសើរ។ ក្រោយៗមក ដោយការរួបរួមសាមគ្គីគ្នា ពីសំណាក់ប្រជាសហគមន៍បានកែប្រែទីនោះ ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង