អ្នកជំនាញ រកឃើញថា ការ បំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជាបន្តធ្លាក់ចុះយ៉ាងខ្លាំង

ទិន្នន័យថ្មីពីការសិក្សាទៅលើការបំបៅកូនដោយទឹកដោះ ម្តាយតែមួយមុខគត់នៅកម្ពុជា បង្ហាញថា មានការអត្រាធ្លាក់ចុះយ៉ាងខ្លាំង ដែលជាការគួរឱ្យព្រួយបារម្ភចំពោះសុខភាពរបស់ទារក។ អត្រាបានបន្តធ្លាក់ចុះពី៦៥ភាគរយ នៅឆ្នាំ២០១៤ មកនៅត្រឹម៥១ភាគរយ នៅឆ្នាំ២០២២នេះ។ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា មិនទាន់មានការ សិក្សាណាបញ្ជាក់ពីមូលហេតុ ក្នុងការធ្លាក់ចុះយ៉ាងគំហុកនៃអត្រាការបំបៅដោះកូននេះ នៅឡើយទេ ប៉ុនែ្តអាចសន្និដ្ឋានថា មកពីកង្វះខាតការគាំទ្រពីស្ថាប័ន និងពីនិយោជក់នៅកន្លែងធ្វើការ គួបផ្សំគ្មានការ លើកទឹកចិត្តពីសំណាក់សមាជិកគ្រួសារផ្ទាល់ ក៏ដូចជាមនុស្សជុំវិញខ្លួន ខណៈការផ្សព្វផ្សាយលក់ផលិតផលទឹកដោះគោម្សៅផ្សំតាមរូបមន្ត ក៏ជាកត្តាសំខាន់ដែលធ្វើឱ្យមានការភាន់ច្រឡំយ៉ាងខ្លាំងក្នុងចំណោមមហាជនអំពីគុណតម្លៃដ៏ល្អឥតខ្ចោះរបស់ទឹកដោះម្តាយសម្រាប់ការចិញ្ចឹមទារក និងកុមារ។ ថ្លែងក្នុងឱកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូននៅរោងចក្រមួយកន្លែង ដែលមានកម្មករ កម្មការិនី សរុបជិត៣ពាន់នាក់ នៅខេត្តកំពត នាចុងសប្តាហ៍នេះ លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការ បំបៅកូនដោយទឹកដោះម្តាយតែមួយមុខ គឺផ្តល់នូវអាហារូបត្ថម្ភគ្រប់គ្រាន់ដែលទារកត្រូវការក្នុងរយៈពេលប្រាំមួយខែដំបូងនៃជីវិត។ ប៉ុន្តែការមិនយល់ស៊ីជម្រៅពីហានិភ័យនៃផលិតផលទឹកដោះគោម្សៅផ្សំតាមរូប មន្ត អាចឱ្យកុមារមានជំងឺដូចជា៖ រាគ ជំងឺសួត ជំងឺហឺត ពិន្ទុនៃភាពឆ្លាតវៃចុះខ្សោយ ជំងឺទឹកនោម ផ្អែម ជំងឺលើសឈាម ជំងឺបេះដូង បញ្ហាលើសទម្ងន់ និងធាត់ជ្រុល ជាដើម ។ លោក ហ៊ូ ក្រើន នាយករងអង្គការ ហេទ្បែន ខេលល័រ ចង់ឲ្យមានការពិចារណានៃការសម្រួល ទៅលើខ្លឹមសារខ្លះៗលើរយៈពេលលំហែមាតុភាពដែលមានត្រឹមតែ៣ខែ និងតម្រូវ ការរៀបចំបន្ទប់បំបៅដោះកូន នៅកន្លែងធ្វើការ ព្រមទាំងខ្លឹមសារលើប្រាក់បៀវត្សរ៍ដែល មានចែងក្នុងច្បាប់ការងារកម្ពុជា ដោយទូទាត់ត្រឹមតែ ៥០ភាគរយ នៃប្រាក់បៀវត្សរ៍របស់ស្ត្រីមានមាតុភាព។ លោកថ្លែងថា ការសម្រួលខ្លឹមសារទាំងនេះ វានឹងផ្តល់ឱកាសដល់ស្រ្តីជាម្តាយអាចបន្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយ:ពេល៦ខែ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយបង្កើនអត្រាបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក ពីអាយុ០ខែ ដល់ ៦ខែ ឱ្យបានដល់៨៥ភាគរយនៅត្រឹមឆ្នាំ២០៣០ ដោយសារទឹកដោះម្តាយមានផ្ទុករាល់សារធាតុចិញ្ចឹមខ្ពស់ ដែលជួយដល់សុខភាព រឹងមាំ និងការលូតលាស់ផ្នែករាងកាយ និងការអភិវឌ្ឍន៍សតិបញ្ញាស្មារតីរបស់ទារក និងកុមារ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង