កម្លាំងអាវុធហត្ថស្រុកសេសានបង្ក្រាបបានគំនរឈើជាច្រើនម៉ែត្រគូបរួមនិងរថយន្តចំនួន 3 គ្រឿង
ខេត្តស្ទឹងត្រែងៈ កម្លាំងកងរាជអាវុធហត្ថស្រុកសេសាន រួមសហការនឹងកម្លាំងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពី លោក ជា សុភ័ក្រ្តព្រះរាជអាជ្ញារងអមសាលាដំបូងនៃខេត្តស្ទឹងត្រែង បានចុះបង្ក្រាបនៅគំនរឈើអា ប្រភេទគ្រឿងផ្ទះបានជាច្រើនម៉ែត្រគូបដែលឈ្មួញគរទុកបម្រុងដឹកតាមរថយន្តយីឌុបយកទៅលក់នៅក្រៅខេត្ត រួមនិងធ្វើការរឹបអូសយកបានរថយន្តចំនួន 3 គ្រឿង បម្រើឲ្យបទល្មើស កាលពីថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2022 ស្ថិតនៅចំណុចភូមិខ្សាច់ថ្មីតូច ក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការដឹកនាំពីលោកអនុសេនីយ៍ឯក គឹម មករា មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកសេសាននិងរួមសហការពីកម្លាំងអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលពី លោកជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង បានប្រតិបត្តិការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិផលអនុផលព្រៃឈើ ស្ថិតនៅចំណុចទីតាំងខាងលើដោយចាប់រឹបអូសបានរថយន្តចំនួន03គ្រឿង
1. រថយន្តប៉ាកុង01គ្រឿង
2. រថយន្តវេអង01គ្រឿង
3. រថយន្តស៊េរីទំនើបម៉ាកនីសាន01គ្រឿង។ សមត្ថកិច្ចបានបញ្ជាក់ថា
ធ្វើដែលចាប់បានខាងលើនោះ ជាឈើអាគ្រឿងផ្ទះ ប្រភេទឈើលេខ1និងលេខ2 នៅមិនទាន់បានវាស់វែងនោះទេ។
បច្ចុប្បន្នអាវុធហត្ថបានប្រគល់ជូននាយសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាសដើម្បីថែរក្សាទុក្ខ។ជុំវិញក្នុងការចុះបង្ក្រាបឈើខាងលើនោះដែរ លោក ទិត្យ វី នាយសង្កាត់រដ្ឋបាលព្រៃឈើច្រប់នឹងក្បាលរមាសនៃខេត្តស្ទឹងត្រែង បានប្រាប់ tnm នៅល្ងាចថ្ងៃទី 24 ខែមិថុនា នេះឲ្យដឹងថា គំនរឈើដែលកម្លាំងកងរាជអាវុធហត្ថស្រុកនិងខេត្តចុះបង្ក្រាបបានខាងលើនោះ គឺនៅកំពុងធ្វើការដឹកជញ្ជូនយកមករក្សាទុកបណ្ដោះអាសន្ននៅសង្កាត់របស់លោកពោលគឺកំពុងដឹកជញ្ជូនឈើមិនទាន់រួចរាល់នៅឡើយទេ។ លោក ទិត្យ វី នាយសង្កាត់រដ្ឋបាលព្រៃឈើក្បាលមាសបានបញ្ជាក់ថា ឈើគឺនៅមិនទាន់បានធ្វើការវាស់វែងឲ្យដឹងពីចំនួនម៉ែត្រគូបពិតប្រាកដនោះទេ ក៏ប៉ុន្តែតាមការប៉ានស្មានប្រមាណរបស់លោក ប្រហែលជាចូលជិត30ម៉ែត្រគូប ។ (ដោយសហការី tnm ស្ទឹងត្រែង) សម្រួលដោយ ទៀង បុណ្ណរី