កំណាត់ផ្លូវជាតិលេខ៤ នឹងត្រូវធ្វើឱ្យប្រសើរឡើងដោយមានផ្លូវចរាចរណ៍ពី២ទៅ៤គន្លង

កំណាត់ផ្លូវជាតិលេខ៤ ក្រោមគម្រោងហិរញ្ញប្បទានពីធនាគារពិភពចំនួន១១០លានដុល្លារអាមេរិក នឹងត្រូវលើកកម្រិតគុណភាព និងពង្រីកទទឹងតួផ្លួវឱ្យធំជាងបច្ចុប្បន្ន ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើចរាចរណ៍របស់យានយន្ត សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា កំណត់ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកតួទទឹងផ្លូវ១០ម៉ែត្រ ទៅ១១ម៉ែត្រទៅតាមទីតាំងភូមិសាស្ត្រជាក់ស្តែង និងអ៊ុតបេតុងកៅស៊ូAC ជាមួយនិងការលើកកម្ពស់ផ្លូវ ខណៈផ្លូវកៅស៊ូបច្ចុប្បន្ន មានទទឹងតែ៧ម៉ែត្រ និងទាប ងាយលិចលង់ដោយជំនន់ទឹកភ្លៀង។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យគម្រោងជួសជុលផ្លូវជាតិលេខ៤ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅលើកំណាត់ផ្លូវជាតិនេះ អាចស្ថាបនាផ្លូវចរាចរណ៍ពី២ទៅ៤គន្លង និងត្រូវពង្រីកស្ពានចំនួន៤៨កន្លែងឱ្យបាន១០ម៉ែត្រ និងសាងសង់ថ្មីចំនួន៨កន្លែងទៀត ដើម្បីបញ្ចៀសទឹកជំនន់ ដែលតែងតែកាត់ផ្តាច់ចរាចរណ៍ស្ទើរជារៀងរាល់ឆ្នាំ។ ការពង្រីក និងជួសជុលផ្លូវជាតិ លេខ៤ ធ្វើឡើងចាប់ពីឃុំបែក ចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយក្នុងគម្រោងនឹងត្រូវឱ្យរួចរាល់ទាំងស្រុងនៅត្រឹមចុងឆ្នាំឆ្នាំ២០២៦ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ បើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៤នេះ បែងចែកជា៧កញ្ចប់ដើម្បីដាក់ឱ្យក្រុមហ៊ុនឯកជនដេញថ្លៃក្នុងការជួសជុល ដោយក្នុងនោះចំនួន៣កញ្ចប់កំពុងអនុវត្តឈូសឆាយកំណាត់ផ្លូវដែលដេញថ្លៃបាន ខណៈកញ្ចប់ចំនួន២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចរាល់ និងកំពុងរៀបចំបញ្ជូនគ្រឿងចក្រដើម្បីដំណើរការនិង២កញ្ចប់ទៀតសម្រាប់គម្រោងស្ថាបនាស្ពាន កំពុងរៀបចំនីតិវិធីដាក់ឱ្យដេញថ្លៃ។ សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ៤ ក៏នឹងផ្តោតផងដែរទៅលើការបង្កើនគុណភាពស្ថានីយថ្លឹងទម្ងន់រថយន្តធំ ការដំឡើងស្លាក សញ្ញាចរាចរណ៍ សញ្ញានាំផ្លូវ ប្រព័ន្ធភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ និងកាម៉េរ៉ាចាប់ល្បឿនបើកបរ ដោយសារផ្លូវជាតិមួយនេះ មានចរាចរណ៍យ៉ាងមមាញឹកឆ្លងកាត់តំបន់សេដ្ឋកិច្ច និងតំបន់កសិកម្មសម្បូរបែបជាច្រើនកន្លែង៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង