សម្ដេចតេជោ ហ៊ុន សែន សំដែងការកោតសរសើរចំពោះស្នាដៃធំធេងរបស់ ឯកអគ្គរដ្ឋទូតទួរគីក្នុងការបំពេញ បេសកកម្មការទូតនៅកម្ពុជា

  សម្ដេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បានសំដែងនូវការកោតសរសើរយ៉ាងស្មោះ ចំពោះស្នាដៃធំធេងរបស់ឯកអគ្គរដ្ឋទូតទួរគី ក្នុងការបំពេញបេសកកម្មការទូតយ៉ាងរស់រវើក និងផ្លែផ្កា ។   សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោកជំទាវ អាយដា អ៊ុនលូ (Ayda Unlu) ឯកអគ្គរដ្ឋទូតទួរគី ប្រចាំនៅកម្ពុជា ខណៈដែលលោកជំទាវ បានចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារនិងជំរាបលានៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២២ នេះ។ បើតាមឯកឧត្តមអ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ប្រាប់ក្រុមអ្នកសារព័ត៌ មានឲ្យដឹងក្រោយបញ្ចប់ជំនួបនោះថា នៅ ក្នុងជំនួប លោកជំទាវ អាយដា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ចំពោះសម្តេចតេជោ ដែលបានផ្ដល់មេដាយសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោកជំទាវ។ លោកជំទាវ អាយដា បានគោរពជម្រាបជូនសម្ដេចតេជោថា រយៈ ពេលជាង ៤ឆ្នាំ នៃបេសកកម្មការទូតនៅកម្ពុជា ទោះបីជំងឺកូវីដ-១៩ បានរាតត្បាតពិភពលោកជាង២ឆ្នាំកន្លងមកក៏ដោយ ក៏លោកជំទាវបានធ្វើការមួយចំនួនក្នុងការ ពង្រីកពង្រឹងទំនាក់ទំនងទាំងពាណិជ្ជកម្ម និងទាំងនយោបាយរវាងប្រទេសទាំងពីរ ក្នុងនោះមានការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសទួរគី និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជា ទៅកាន់ប្រទេសទួរគីជាបន្តបន្ទាប់ទៀត។   លោកជំទាវបានបន្ថែមថា លោកជំទាវពិតជាមានកិត្តិយសជាទីបំផុត ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា ដើម្បីបានបម្រើទាំងទួរគី នឹងកម្ពុជា ហើយការចាក ចេញពីប្រទេសកម្ពុជា លោកជំទាវ មានអារម្មណ៍ថា ដូចជាការចាកចេញពីផ្ទះដែលកំពុងតែរស់នៅ។ ទោះបីជាយ៉ាងណាក៏ ដោយ លោកជំទាវ អាយដា បានគោរពជម្រាបជូនសម្ដេចតេជោថា លោកជំទាវ នឹងបន្តធ្វើការធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ី ជម្រៅថែមទៀត មិនថាលោកជំទាវនៅទីណាទេ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកជំទាវ អាយដា និងសំដែងនូវការកោតសរសើរយ៉ាងស្មោះចំពោះស្នាដៃធំធេងរបស់លោក ជំទាវ ក្នុងការបំពេញបេសកកម្មការទូតយ៉ាងរស់រវើក និងផ្លែផ្កា ចូលរួមចំណែកយ៉ាងសកម្មតាមរយៈបេសកកម្មសកម្មការទូតរបស់លោកជំទាវ ដែលបានពង្រឹង ពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងទួរគី ជាពិសេសការរៀបចំឲ្យមានដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្ដេចទៅកាន់ប្រទេសទួរគី និងរៀបចំមូលដ្ឋានជាច្រើន សម្រាប់ពង្រីក ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ដែលចាំតែពេលវេលាប៉ុណ្ណោះ ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងកើនឡើងទៅដល់ចំនួនដែលបានកំណត់ទុក។ ជាទីបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មី ជូនចំពោះលោកជំទាវ និងរដ្ឋាភិបាលទួរគី ដែលបានផ្ដល់ជំនួយដល់កម្ពុជា ទាំងការជួយដល់ជនក្រីក្រ ការសង់ផ្ទះជូនជនក្រីក្រ និងការធ្វើផ្លូវតាមជនបទ។ល។ សម្តេចតេជោ ក៏បានជូនពរឲ្យលោកជំទាវ អាយដា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងបេសកកម្មរបស់លោកជំទាវនៅពេលខាងមុខ ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង