ដីព្រៃកោងកាងលិចទឹកជាប់ដងព្រែកក្នុងភូមិសាស្រ្តភូមិទួលសាងាំ និងភូមិព្រែកតាកុយត្បូងកំពុងត្រូវបានជនខិលខូចទន្ទ្រានកាន់ខុសច្បាប់ ប៉ុន្តែអាជ្ញាធរស្រុកបែជាអសមត្ថភាពទប់ស្តាត់
TNM(ខេត្តកែប )៖ដីព្រៃកោងកាងលិចទឹកជាច្រើនហិកតានៅជាប់តាមបណ្តោយដងព្រែក មានទីតាំងស្ថិតក្នុងភូមិទួលសាងាំឃុំអង្កោល និងភូមិព្រែកតាកុយត្បូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងត្រូវបានជនខិលខូចធ្វើការទន្ទ្រានកាន់កាប់ខុសច្បាប់ ប៉ុន្តែអាជ្ញាធរស្រុកដំណាក់ចង្អើរ ដែលដឹកនាំដោយលោកស្រី គីម ចន្ទី ជាអភិបាលស្រុក បែជាអសមត្ថភាពក្នុងការទប់ស្កាត់គ្រប់គ្រងដីរដ្ធ។ ហើយដីព្រៃកោងកាងលិចទឹកតាមដងព្រែកជាច្រើនកន្លែងត្រូវបានជនខិលខូចឆ្លៀតឪកាសទន្ទ្រានយកជាបន្តបន្ទាប់យ៉ាងគគ្លើន និងបានចាក់ដីលប់ស្ទើររាល់ថ្ងៃ ថែមទាំងមានដាំដូងក្នុងដីព្រៃលិចទឹកទៀតផង ទោះជាអាជ្ញាធរស្រុក និងមន្ត្រីជំនាញប្រកាសថា មិនចេញប្លង់កម្មសិទ្ធិជូនក៏ដោយ មិនដឹងថា តើនរណាជាអ្នកនៅពីក្រោយខ្នងវាំងននខ្មៅនេះ ?។
សូមបញ្ជាក់ថា កន្លងមកគេសង្កេតឃើញអាជ្ញាធរហាក់ដូចជាខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការទប់ស្កាត់ការទន្ទ្រានដីព្រៃរបស់រដ្ឋ។ ជាក់ស្តែងកាលពីថ្ថៃទី១៩ ខែគុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះអាជ្ញាធរស្រុកដំណាក់ចង្អើរដឹកនាំដោយលោកស្រី គីម ចន្នី បានចុះទៅដកបំផ្លាញចោលបង្គោលបេតុងចំនួន ១១ដើម និង ដកដុតបំផ្លាញចោលដើមដូងចំនួន ១៩៥ដើម ដែលជនខិលខូចបានលួចយកទៅដាំបន្ទាប់ពីកាប់ទន្ទ្រានដើមព្រៃកោងកាងចោល ក្នុងតំបន់ព្រៃលិចទឹកជាង ១៣ហិកតា ស្ថិតក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ទន្ទឹមនិងវិធានការចុះដកបង្គោល និងដុតបំផ្លាញចោលវត្ថុតាងខាងលើនេះ មជ្ឍដ្ធានប្រជាពលរដ្ឋជាច្រើនឆ្ងល់ថា ចុះដីដែលស្ថិតនៅជិតទីតាំងនោះ ដែលមានទាំងការការកាប់ឆ្ការ ដាំដូង សង់កញ្ចុះ ហេតុអីបានជាអាជ្ញាធរស្រុកមិនដក ឬដុតបំផ្លាញចោលដែរទៅ ឬមួយដីនោះជាដីរបស់លោកស្រី គីម ចន្នី និងមនុស្សជំនិតរបស់លោកស្រីទេដឹង ?
មជ្ឍដ្ធានប្រជាពលរដ្ធបានលើកឡើងទៀតថា ទីតាំងដីមួយចំនួនទៀតក្រោយពីអាជ្ញាធរចុះដកបំផ្លាញចោលមិនបានប៉ុន្មានផង ស្រាប់តែមានដាំដើមដូង ដើមចេក ឡើងវិញជាហូរហែរ ហើយអាជ្ញាធរមិនដែលរកឃើញមុខមេខ្លោងនៅពីក្រោយការទន្ទានដីព្រៃលិចទឹករបស់រដ្ឋទាល់តែសោះ មិនដឹងថា តើលោកស្រី គឹម ចន្នី ដែលជាអភិបាលស្រុកជិតផុតអាណត្តិរូបនេះ អសមត្ថភាពក្នុងការទប់ស្កាត់ការទន្ទ្រានដីព្រៃរបស់រដ្ឋ ឬមានចេតនាយ៉ាងណានោះទេ ទើបក្រុមជនឪកាសនិយមមិនញញើតពីផ្លូវច្បាប់បន្តិចសោះឡើយ។
សូមបញ្ជាក់ផងដែរថា មួយរយះនេះគេកត់សំគាល់ឃើញមានចលនាទិញលក់ដី និងផ្ទេរកម្មសិទ្ធដីនៅតំបន់ព្រៃកោងកាងលិចទឹក ក្នុងភូមិទូលសាងាំ ឃុំអង្កោលយ៉ាងផុសផុល និងមានចុះហត្ថលេខាដោយលោក ទិន បេន មេឃុំស្តីទី ជាអ្នកដឹងលឺផងដែរ។
ប្រភពបានខ្សឹបប្រាប់អ្នកសារពត៌មានយើងថា មានថ្នាក់ដឹកនាំក្នុងស្រុកដំណាក់ចង្អើរ តាមរយៈមេឃុំស្តីទី លោក ទិន បេន បានបង្កើតសហគមន៍មួយ ដើម្បីកាងដីនៅតំបន់នោះ(ព្រៃកោងកាងលិចទឹក) ពោលគឺគេខ្ចីដៃសហគមន៍អត់ក្រឹតនោះ ដើម្បីបម្រើអោយផលប្រយោជន៍បក្សពួកខ្លួនតែប៉ុណ្ណោះ។
ចំណែកសហគមន៍ដែលលោក មេឃុំស្តីទី បង្កើតឡើងនោះមានសមាសភាពដូចខាងក្រោម ÷
១ – ឈ្មោះ គង់ ធៅ ជាប្រធាន
២ – ឈ្មោះ ពេជ្យ មុន្នី ជាអនុប្រធាន
៣ – ឈ្មោះ សេង ចេក ជាសមាជិក និង
៤ – ឈ្មោះ ម៉ុយ ប៊ុល ជាសមាជិក
បើយោងតាម លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ឲ្យដឹងថា សហគមន៍ខាងលើនេះមិនទាន់មានច្បាប់អនុញ្ញាតទទួលស្គាល់ពីមន្ទីរកសិកម្មខេត្តនូវឡើយទេ។
ទន្ទឹមនេះមជ្ឍដ្ធានប្រជាពលរដ្ធបានធ្វើការអំពាវនាវដល់ សមត្ថកិច្ច និង ជំនាញពាក់ព័ន្ធ ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ អង្កេតវែកមុខអ្នកដែលនៅពីក្រោយខ្នងការទន្ទ្រានដីព្រៃកោងកាងលិចទឹករបស់រដ្ធខាងលើនេះយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់អោយខាងតែបាន។