រដ្ឋមន្ត្រីក្រសួងសាធារណការសង្ឃឹមថា គណៈប្រតិភូការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្មហុងកុង នឹងពិចារណាលើការអភិវឌ្ឍន៍ គម្រោងសំខាន់ៗប្រមាណ៣៣០គម្រោង
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមថា គណៈប្រតិភូ ការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្មហុងកុង នឹងពិចារណាលើការអភិវឌ្ឍន៍គម្រោងសំខាន់ៗប្រមាណ៣៣០គម្រោង ដែលត្រូវការ ទុនវិនិយោគប្រមាណ៥០ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំ។ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបពិភាក្សាការងារជាមួយ គណៈប្រតិភូការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង ប្រចាំទីក្រុងបាងកក ប្រទេសថៃ(HKETO) ដឹកនាំដោយលោក Sheung Yuen Lee កាលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ។លោក Sheung Yuen Lee នាយកការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង(HKETO) បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលលើកទីប្រាំពីរនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងហុងកុង និងបានជម្រាបជូនអំពីសកម្មភាពការងារ បទពិសោធន៍និងការ អនុវត្តន៍ល្អរបស់ខ្លួនទាក់ទងនឹងជំនាញគ្រប់គ្រងកំពង់ផែលំដាប់ថ្នាក់ពិភពលោក និងសក្កានុពលសំខាន់ជាច្រើន និងបានបង្ហាញ ចំណាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមាន និងការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាផងដែរ។ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់លោកស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងបានបង្ហាញជំនឿយ៉ាងមុតមាំថា គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវនេះ នឹងនាំមកនូវការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសផងដែរ។ឯកឧត្តមទេសរដ្ឋមន្ត្រីបានធ្វើការប្រៀបធៀបអំពីដំណើរអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាក្នុងឆ្នាំ ១៩៩៨ ដែលកាលនោះ កម្ពុជានៅមិនទាន់មានផ្លូវបេតុងកៅស៊ូធ្វើដំណើរឆ្ពោះទៅកាន់បណ្ដារាជធានី-ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជានៅឡើយទេ ផ្លូវភាគច្រើនគឺជាផ្លូវដី ប៉ុន្តែសព្វថ្ងៃនេះយើងអាចធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់បណ្ដារាជធានី-ខេត្តនានានៅទូទាំងប្រទេស តាមរយៈបណ្ដាញផ្លូវ ដែលធ្វើអំពីបេតុងកៅស៊ូ និងកំពុងស្ថិតក្នុងដំណាក់កាលពង្រីក និងលើកកម្រិតគុណភាពផ្លូវពីពីរគន្លង ទៅបួនគន្លង នៅតាមបណ្ដាផ្លូវសំខាន់ៗមួយចំនួន ដែលជាឆ្អឹងខ្នងសម្រាប់ការទ្រទ្រង់សេដ្ឋកិច្ចដូចជា៖ ផ្លូវជាតិលេខ៥ តភ្ជាប់ រាជធានីភ្នំពេញទៅកាន់ប្រទេសជិតខាងដូចជាថៃ និងវៀតណាម និងជាផ្លូវអាស៊ានហាយវេលេខ១ ផ្លូវជាតិលេខ៣ពីភ្នំពេញទៅកាន់ ទីរួមខេត្តកំពត និងបណ្តាញផ្លូវសំខាន់ជាច្រើនទៀត តាមរយៈការផ្តល់ជំនួយគាំទ្រពីប្រទេសចិន ជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត។ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា គណៈប្រតិភូការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្មហុងកុង នឹងពិចារណាលើការអភិវឌ្ឍន៍ គម្រោងសំខាន់ៗប្រមាណ៣៣០គម្រោង ត្រូវការទុនវិនិយោគ ប្រមាណ៥០ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំ ដែលបានលើក ឡើងនៅក្នុងផែនការមេភស្តុភារកម្ម ដើម្បីចូលរួមចំណែកក្នុងការបង្កើនឧត្តមភាពប្រកួតប្រជែងវិស័យភស្តុភារកម្ម និងការដឹកជញ្ជូន របស់កម្ពុជា ហើយបន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរ អំពីវឌ្ឍនភាពនៃការរៀបចំផែនការមេភស្តុភារកម្ម ដែលនឹងត្រូវអនុម័តដោយរាជរដ្ឋាភិបាលនាពេលខាងមុខនេះ៕សម្រួលដោយ ទៀង បុណ្ណរី