រដ្ឋមន្រ្តីក្រសួងកសិកម្មណែនាំឱ្យមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យចុះពិនិត្យនិងជំរុញការងារបង្កបង្កើនផលស្រូវឱ្យបានជាប់ជាប្រចាំ
រដ្ឋមន្រ្តីក្រសួងកសិកម្មបានណែនាំឱ្យមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ចុះពិនិត្យនិងជំរុញការងារបង្កបង្កើនផលស្រូវឱ្យបានជាប់ជាប្រចាំ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមជូនប្រជាកសិករបានទាន់ពេលវេលា ជាពិសេសធ្វើយ៉ាងណាឱ្យការងារនេះ សម្រេចបានតាមផែនការគ្រោងទុក ។ការណែនាំបែបនេះរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកសិករ ស្ថិតក្នុងភូមិស្ពាន ឃុំស្ពានស្រែង ស្រុកភ្នំស្រុក នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២២ ។ ក្នុងការជួបសំណេះសំណាលជាមួយសមាជិកសហគមន៍នៅទីនោះ ឯកឧត្តមរដ្ឋមន្ត្រីបានទទួលព័ត៌មាន និងសំណូមពរ អំពីការលំបាក លក្ខណៈងាយ ស្រួល ព្រមទាំងបញ្ហាប្រឈមនឹងទឹកជំនន់ និងរាំងស្ងួតកន្លងមក ឲ្យជួយគិតគូរដោះស្រាយ។ ក្រោយទទួលបានព័ត៌មាន ស្តីពីស្ថានភាពជីវភាពនិងស្ថានភាពប្រកបរបរកសិកម្មរបស់សហគមន៍រួចមក ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចុះមកពិនិត្យនិងជំរុញការងារបង្កបង្កើនផល រួមជាមួយការដោះស្រាយលើការងារបច្ចេកទេសនានា ដែលជាតម្រូវការចំពោះមុខរបស់ប្រជាកសិករ ។ ដោយឡែកទាក់ទងនឹងការងារគ្រប់គ្រងទឹក ស្នើសុំអាជ្ញាធរមូលដ្ឋាន ធ្វើទំនាក់ទំនងជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដើម្បីជួយដោះស្រាយបញ្ហាប្រឈមក្នុងការគ្រប់គ្រងទឹកសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ឲ្យទទួលបានសុវត្ថិភាពភាពក្នុងការដាំដុះ និងផ្តល់ប្រយោជន៍ជាក់ស្តែងដល់សហគមន៍។យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១៣ ខែមិថុនា ការងារ បង្កបង្កើនផលនៅទូទាំងខេត្តបន្ទាយមានជ័យ សម្រេចបាន ១៤៩ ៧៤០ហិកតា ក្នុងចំណោមផ្ទៃដីភ្ជួររាស់ហើយចំនួន ១៧៧ ០២១ហិកតា ស្នើនឹង៥៩,៣៥ភាគរយ នៃផែនការសរុប ៕សម្រួលដោយ ទៀង បុណ្ណរី