សហគមន៍ជនជាតិដើមភាគតិចទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពចំនួន១ភូមិពីអភិបាលខេត្តរតនគិរី
ខេត្តរតនគិរីៈ សហគមន៍ជនជាតិដើមភាគតិចចំនួន១ភូមិ គឺភូមិល្អក់ ឃុំអូរជុំស្រុកអូរជុំ ខេត្តរតនគិរី ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាព ពីឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី ១៥ ខែ មិថុនាឆ្នាំ២០២២ ។ ថ្លែងក្នុងពិធីនោះដែរ លោក លី ឧសភា ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីកម្ម និងសំណង់ខេត្តរតនគិរី បានលើកឡើងថាដោយមានអនុលោមតាមអនុក្រឹត្យលេខ ៩០ អ ន ក្រ.ប ក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកាត់ផ្ទៃដីទំហំ ១២១៧ហិកតា ៩៨អា និង៨៩ សង់ទីអា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ និងធ្វើអនុបយោគដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចគ្រឹង ដែលស្ថិតនៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី ដែលមានប្រជាជនចំនួន ១៦៩ គ្រួសារ មានប័ណ្ណសរុបចំនួន ១៣ វិញ្ញាបនបត្រ លើផ្ទៃដី ១២៣០, ២៣៤៥ ហិកតា ក្នុងនោះរួមមានគឺ – ដីលំនៅឋានមានចំនួន ០១ ក្បាលដី ស្មើនឹង ១៩.៣៥៩៧ ហិកតា ។ – ដីកសិកម្មមានចំនួន ១០ ក្បាលដី ស្មើនឹង ១១៩៤,៦២៩២ ហិកតា។ -ដីព្រៃកប់ខ្មោច មានចំនួន ០១ ក្បាលដី ស្មើនឹង ៥១៥៩២ ហិកតា។ -ដីព្រៃអារក្ស មានចំនួន ០១ ក្បាលដី ស្មើនឹង ៧.០៨១៤ ហិកតា។ នាឱកាសនោះដែរ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនសហគមន៍ជនជាតិដើមភាគតិច ហើយក៏បានលើកឡើងថា ពេលទទួលបានវិញ្ញាណបនបត្រសម្គាល់ដីរួចហើយ ត្រូវចាត់ទុកប័ណ្ណកម្មសិទ្ធិដីធ្លី សមូហភាព នេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឲ្យទ្រព្យ សហគមន៍ទាំងមូល ជាឯកសារតំណាងឲ្យសិទ្ធិនៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករ លើដីធ្លីរបស់ខ្លួនក្នុងការ ប្រើប្រាស់ និអាស្រ័យផលជាក់ស្តែងរៀងៗខ្លួន។ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តថា ដីធ្លីដែលពុកម៉ែបងប្អូនបានចុះបញ្ជី ជាសមូហភាពនៅក្នុងសៀវភៅគោល បញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ និងជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់ប័ណ្ណនេះ។ហេតុដូច្នេះហើយការចុះបញ្ជីជាលក្ខណៈសមូហភាព គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី និងធនធានធម្មជាតិ ក្នុងសហគមន៍ប្រកបដោយនិរន្តរភាព ដែលនឹងជំរុញការប្រើប្រាស់ដីធ្លី ឲ្យអស់សក្ដានុពល កត្តាទាំងនេះគឺពិតជាបានបញ្ចប់ជម្លោះ និងវិវាទដីធ្លីរវាងភូមិ និងភូមិជាពិសេស ការកាត់បន្ថយ ភាពក្រីក្រ ដែលជា គោលនយោបាយ ជំរុញការចុះបញ្ជីដីធ្លី របស់រាជរដ្ឋាភិបាល ដែលមានចំពោះជនជាតិដើមភាគតិច នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ញ៉ែម សំអឿន អភិបាលលេខគណៈអភិបាល ខេត្តរតនគិរី បានថ្លែងនៅការកោតសរសើរ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ សម្រេចកិច្ចការនេះ ដោយការទទួលខុសត្រូវ និងមានតម្លាភាព ។ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចគ្រឹង ត្រូវចេះថែរក្សាប័ណ្ណកម្មសិទ្ធិសមូហភាពនេះឲ្យបានគង់វង្ស ត្រូវចេះមានសាមគ្គីភាពគ្នានៅក្នុងសហគមន៍ ម្យ៉ាងវិញទៀតរួមគ្នាថែរក្សាដីទាំងអស់ ដែលបានចុះបញ្ជី និងប្រើប្រាស់ឲ្យមាននិរន្តរភាព សម្រាប់តទៅកូនចៅជំនាន់ក្រោយៗទៀត៕ (ដោយសារការី tnm ស្ទឹងត្រែង) សម្រួលការផ្សាយដោយ ទៀង បុណ្ណរី