មន្ត្រីខណ្ឌរដ្ឋបាលជលផល និងក្រុមការងារគម្រោងអច្ឆរិយៈនៃទន្លេមេគង្គលើកម្ពុជា ព្រលែងត្រីបបែលលើកទី៣ ទម្ងន់៣០០គីឡូក្រាម
ស្ទឹងត្រែង៖ ត្រីបបែលយក្សភេទញីមានទម្ងន់៣០០គីឡូក្រាម ត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលជលផល ស្ទឹងត្រែង និងក្រុមការងារគម្រោងអច្ឆរិយៈមេគង្គ និងអភិវឌ្ឍន៍ជលផលទឹកសាប(IFREDI) នៃទន្លេ មេគង្គលើកម្ពុជា បានធ្វើការវាស់ថ្លឹង កឹបស្លាកលេខ យកសំណាកធ្វើ DNA ហើយលែងចូលទៅក្នុង ទន្លេមេគង្គវិញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ។លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ នេះជាត្រីបបែល ប្រភេទមេពូជ ដែលក្រុមការងារបានធ្វើពិធីព្រលែងទៅក្នុងទន្លេមេគង្គលើវិញជាលើកទី៣ ហើយលើកនេះ មានទម្ងន់រហូតដល់ទៅ៣០០គីឡូក្រាម មានទំហំចាប់ពីក្បាលដល់ចុងកន្ទុយប្រវែង ៣៩៨សង់ទីម៉ែត្រ និងទទឹងដងខ្លួនប្រវែង ២២០សង់ទីម៉ែត្រ។ លោកស្រី សុ វិចិត្រ ប្រធានខណ្ឌរដ្ឋបាលជលផលស្តីទីស្ទឹងត្រែង បានបញ្ជាក់ថា៖ត្រីបបែលដែលព្រលែង លើកទី៣នេះ បានជាប់សន្ទូចអ្នកនេសាទឈ្មោះ មូល ធន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ ឃុំកោះព្រះ ស្រុកសៀមបូក។ លោកបន្តថា៖ក្រោយពីធ្វើនេសាទបាន ពួកគាត់បានរាយការណ៍ទៅប្រជាសហគមន៍នេសាទកោះព្រះ និងបានរាយការណ៍បន្តមកក្រុមការងារពាក់ព័ន្ធ ឱ្យមកធ្វើការត្រួតពិនិត្យហើយរៀបចំវិធីព្រលែងទៅក្នុងទឹក ទន្លេមេគង្គលើវិញ ទៅតាមលក្ខណៈបច្ចេកទេសប្រកបដោយសុវត្ថិភាព។ សូមរម្លឹកថា៖នេះជាលើកទី៣ហើយ ដែលមន្ត្រីខណ្ឌរដ្ឋបាលជលផលនិងក្រុមការងារគម្រោងអច្ឆរិយៈ នៃទន្លេមេគង្គលើកម្ពុជា ធ្វើពិធី ព្រលែងត្រីបបែលញី ។ ក្នុងនោះលើកទី១ នៅថ្ងៃទី០៥ឧសភា មានទម្ងន់២៨០គីឡូក្រាម -លើកទី២នៅថ្ងៃទី២២ឧសភាមានទម្ងន់១៤៣គីឡូក្រាម និងលើកទី៣នេះ នៅថ្ងៃទី១៤មិថុនា មានទម្ងន់រហូតដល់ទី៣០០គីឡូក្រាម ជាប្រភេទត្រីបបែលញីធំៗ ទៅអន្លង់អភិរក្ស ត្រីមេពូជ នៅតំបន់ទន្លេមេគង្គលើ ក្នុងភូមិសាស្ត្រឃុំកោះព្រះ ស្រុកសៀមបូកខេត្តស្ទឹងត្រែង។ សូមបញ្ចាក់ថា៖ត្រីបបែលទម្ងន់៣០០គីឡូក្រាមនេះត្រូវអ្នកនេសាទដាក់សន្ទូចបាន ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៦.០០នាទីល្ងាច ហើយមន្ត្រីជំនាញបានធ្វើការវាស់ថ្លឹង កឹបស្លាកលេខ យកសំណាកធ្វើ DNA និងលែងចូលទៅក្នុងទន្លេធម្មជាតិវិញតែម្ដង ៕សម្រួលដោយ ទៀង បុណ្ណរី