គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីវិធានការបង្វែរអនីតិជនទំនាស់នឹងច្បាប់ ដល់មន្ត្រីមានសមត្ថកិច្ចនៅថ្នាក់ស្រុក និង ឃុំ

គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត សហការជាមួយអង្គការជីវិតនៅកម្ពុជា ដែលហៅកាត់ថា TLC បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីវិធានការបង្វែរអនីតិជនទំនាស់នឹងច្បាប់ ជូនដល់មន្រ្តីមានសមត្ថកិច្ច ជាអភិបាលរងស្រុកទទួលបន្ទុក មន្រ្តីការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម អធិការ អធិការរង កងរាជអាវុធហត្ថ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ ក្នុងស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ ដែលមានអ្នកចូលរួមសរុប ៦៤នាក់ ក្នុងនោះស្រីចំនួន១១នាក់ ។ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកសូទ្រនិគម ដែលមានរយ:ពេល២ថ្ងៃ គឺថ្ងៃទី០៩ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តសៀមរាប ដោយទទួលបានការគាំទ្របច្ចេកទេសពីស្ថាប័នតុលាការ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជាគ្រូសម្របសម្រួល និងគាំទ្រថវិកាពីអង្គការជីវិតនៅកម្ពុជា ។ លោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺជាវគ្គពង្រឹងសមត្ថភាពបន្ថែមដល់អភិបាលរងស្រុកទទួលបន្ទុក និងសមត្ថកិច្ចពាក់ព័ន្ធ ដែលមានតួនាទីក្នុងការបង្វែរអនីតិជនទំនាស់នឹងច្បាប់ និងកិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ ខណ:ដែលគណ:កម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងច្បាប់ និងកិច្ចការពារកុមារជារៀងរាល់ឆ្នាំ។លោកស្រីបន្តថា រយ:កាលកន្លងមក ច្បាប់ស្តីពី យុត្តិធម៌អនីតិជននេះ ធ្វើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលបានចំនួនពីរដងរួចមកហើយ ដែលកាលពីឆ្នាំ២០២១ សម្រាប់វគ្គនេះ គឺផ្តោតសំខាន់លើវិធានការបង្វែរ នៅក្នុងនីតិវិធីតុលាការ ទៅតាមដំណាក់កាលព្រះរាជអាជ្ញា និងចៅក្រម ដើម្បីជាឧត្តមប្រយោជន៍របស់កុមារ ដូចនេះគឺទាមទារឱ្យមានការចូលរួមពីមន្រ្តីមានសមត្ថកិច្ច នៅក្នុងដំណើរការនៃនីតិវិធីបង្វែរកុមារ ។ ក្នុងឱកាសនោះលោកស្រីស្នងការរងនគរបាលខេត្ត បានសំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តដាក់ស្ដាប់តាមការបកស្រាយរបស់អ្នកសម្របសម្រួល ហើយក្នុងករណីនៅមានចម្ងល់ ត្រូវហ៊ានសួរ ព្រោះនេះជាការបង្កើនចំណេះដឹងរបស់យើង ដើម្បីធ្វើការដោះស្រាយឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងករណីដែលអាចកើតមានហេតុការណ៍នេះឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង