ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងអង្គការ សមាគម ចំនួន ១០
ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការ សមាគមក្រៅរដ្ឋាភិបាល ចំនួន ៩ នៅសណ្ឋាគារ សុខាភ្នំពេញ ។ ជាង៣ខែក្រោយក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA បានឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាអង្គការ និងសមាគមក្រៅរដ្ឋាភិបាល ចំនួន ៩ នៅកម្ពុជា ។ ឯកឧត្តម ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានឱ្យដឹងថា អង្គការ និងសមាគមដែលចុះអនុស្សារណៈយោគយល់គ្នាជាមួយ IPA នាឱកាសនោះរួមមាន ៖ អង្គការលើកកំពស់ជីវភាពកសិករ,សមាគមពិធីករ ពិធីការិនីកម្ពុជា, អង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជា, សមាគមនិស្សិត សិស្សខេត្តព្រៃវែង, អង្គការវិទ្យាស្ថានសបីអភិវឌ្ឍយុវជន, សមាគមទ្រទ្រង់កសិកម្មធម្មជាតិកម្ពុជា, អង្គការសង្គ្រោះបម្រើក្តីសង្ឃឹមពិភពលោក, អង្គការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា និងអង្គការត្បូងទទឹមកម្ពុជា ។ បើតាមឯកឧត្តម ទូច វណ្ណៈ អនុស្សរណៈ នៃការយោគយល់គ្នានេះ មានគោលបំណងសហការគ្នាដោយឈរលើស្មារតីភាពជាដៃគូ, ស្វែងរកគម្រោងអភិវឌ្ឍន៍នានាដែលផ្តល់ផលប្រយោជន៍រួម, ចែករំលែកបទពិសោធន៍ ជំនាញវិជ្ជាជីវៈ ធនធានមនុស្សឱ្យគ្នាទៅវិញទៅមក, បំពេញឱ្យគ្នានូវរាល់តម្រូវការចាំបាច់នានាតាមលទ្ធភាព, រក្សាតម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ ផ្លូវច្បាប់ ឱ្យគ្នាទៅវិញទៅមក និងរួមគ្នាធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា កសិកម្ម អប់រំ កីឡា ដែលជាប្រយោជន៍ដល់ប្រទេសជាតិ ។ ឯកឧត្តម ស សុខា បានសម្ដែងការកោតសរសើរចំពោះលទ្ធផលនៃការប្រឹងប្រែងរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ រហូតឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការសមាគម ចំនួន ៩ បន្ថែមទៀត នាថ្ងៃនេះ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះអង្គការសមាគមទាំងអស់ រួមទាំងថ្នាក់ដឹកនាំអង្គការសមាគម ដែលបានចូលរួមពង្រឹងសុខសន្តិភាព ស្ថិរភាពជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសការបង្កាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ នាឱកាសនោះដែរ ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា លំហរបេសកកម្មរបស់អង្គការសមាគមនៅកម្ពុជា ពិតជាមានភាពទូលំទូលាយ និងសម្បូរបែប។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសម្ដែងការចាប់អារម្មណ៍ចំពោះសមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនជាដៃគូរបស់ IPA ដែលបានធ្វើបេសកម្មពាក់ព័ន្ធនឹងការជំរុញការលើកកម្ពស់វិស័យអប់រំ វិស័យសេដ្ឋកិច្ច និងកសិកម្មជាមួយរាជរដ្ឋាភិបាល។ ក្នុងនាមជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ឯកឧត្តម ស សុខា បានផ្ដល់អនុសាសន៍ឱ្យភាគីហត្ថលេខី រៀបចំផែនការសកម្មភាព និងកម្មវិធីការងារអោយច្បាស់លាស់ ជាក់លាក់ ដើម្បីងាយស្រួលអនុវត្តការងារ ឱ្យទទួលបានលទ្ធផលតាមការរំពឹងទុក ធានាឱ្យមានធនធានគ្រប់គ្រាន់ ទាំងធនធានមនុស្ស ថវិកា ឧបករណ៍ សម្ភារៈប្រើប្រាស់សំដៅឆ្លើយតបទៅនឹងផែនការសកម្មភាពដែលបានកំណត់។ ឯកឧត្តម ក៏បានណែនាំឱ្យរៀបចំក្រុមការងារទទួលខុសត្រូវអោយបានច្បាស់លាស់ក្នុងការទំនាក់ទំនងផ្តល់ព័ត៌មាន និងធ្វើកិច្ចសហប្រតិបត្តិជាមួយគ្នាឱ្យបានរលូន ឆ្លើយតបទៅនឹងអ្វីដែលដៃគូយើងចង់បាន រៀបចំនិងកំណត់ឱ្យមានការប្រជុំផ្លាស់ប្តូរយោបល់ និងវាយតម្លៃទៅលើការអនុវត្តកិច្ចសហប្រតិបត្តិលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអង្គការ សមាគម ទាំង១០ អោយបានទៀងទាត់ និងត្រូវបន្តចូលរួមចំណែកឱ្យកាន់តែសកម្មជាមួយរាជរដ្ឋាភិបាល លើកិច្ចការងារសង្គមមនុស្សធម៌ ការលើកកម្ពស់ការងារអប់រំ បរិស្ថាន ធនធានធម្មជាតិ សំដៅបង្កើនការយល់ដឹង និងឈានទៅកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA ត្រូវបានបង្កើតឡើងដោយក្រុមបញ្ញាវន្តខ្មែរ ពិសេសអ្នកមានជំនាញ និងអាជីពជាអ្នកសារព័ត៌មាន និងត្រូវបានចុះបញ្ជីដោយក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ IPA ធ្វើសកម្មភាពផ្ដោតសំខាន់លើវិស័យសារព័ត៌មាន ក្នុងគោលបំណងចងក្រងអង្គភាពសារព័ត៌មាននានជាសម្ព័ន្ធ, ស្វែងរក និងការពារផលប្រយោជន៍នានារបស់អង្គភាពសារព័ត៌មានជាសមាជិក, ចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយគោលនយោបាយ និសមិទ្ធផលរាជរដ្ឋាភិបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ, ចូលរួមសកម្មភាពសង្គម មនុស្សធម៌ និងការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាព។ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ មានឯកឧត្តម ស សុខា ជាប្រធានកិត្តិយស និងមានថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការប្រតិបត្តិ ចំនួន ១១៨អង្គ/នាក់ មានអង្គភាពសារព័ត៌មានបំពេញបែបបទជាផ្លូវការ ចំនួន៦អង្គភាព ជាសមាជិក និងអង្គភាពសារព័ត៌មាន ចំនួន២៣អង្គភាព មិនទាន់បំពេញបែបបទជាសមាជិក ដោយមានអ្នកសារព័ត៌មានចំនួន៧៨នាក់ ជាសមាជិក ក្រុមហ៊ុន សហគ្រាស៦ ជាដៃគូសហការ និងនៅថ្ងៃនេះ មានអង្គការសមាគម៩ជាដៃគូសហការ៕ សម្រួលដោយ ទៀង បុណ្ណរី