ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានប្រកាស់ផ្តល់ថវិកា ១០ លានដុល្លារ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានប្រកាស់ផ្តល់ថវិកា ១០ លានដុល្លារ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអភិវឌ្ឍន៍សហគមន៍នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា ឱ្យក្លាយជាសហគមន៍មួយប្រកបដោយសន្តិភាព និងវិបុលភាព។ ការផ្ដល់ថវិកានេះ ធ្វើឡើង ក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាជាមួយក្រសួងអភិវឌ្ឍន៍ជនបទលើគម្រោង ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ដែលចុះហត្ថលេខាដោយ លោក Rho Hyunjun ប្រធានតំណាងទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា និង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។លោក Rho Hyunjun ប្រធានតំណាងទីភ្នាក់ងារ KOICA ប្រចាំកម្ពុជាបានគូសបញ្ជាក់ថាវិស័យអភិវឌ្ឍន៍ជនបទគឺជាសសរស្តម្ភមួយនៅក្នុងយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស របស់ទីភ្នាក់ងារ KOICA ហើយ KOICA ប្តេជ្ញាគាំទ្រលើវិស័យនេះ។ លោកបានលើកឡើងថា “ទីភ្នាក់ងារ KOICA មានសេចក្តីសោមនស្សរីករាយក្នុងការអនុវត្តគម្រោងដ៏មានអត្ថន័យនេះក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា”។ លោកប្រធានតំណាង KOICA បានបន្ថែមថា ក្រៅពីគម្រោងនេះ ទីភ្នាក់ងារ KOICA ក៏បានផ្តល់ថវិកាចំនួន ១០ លានដុល្លារ កាលពីឆ្នាំ ២០២១ ដល់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) សម្រាប់ការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្រោមជំនួយឥតសំណងចំនួន ១០ លានដុល្លារពីសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារ KOICA គម្រោងនេះ ក៏នឹងត្រូវអនុវត្តន៍សម្រាប់រយៈពេល ៦០ ខែ (២០២២-២០២៦) ក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ដូចជាក្រុមងាយរងគ្រោះ(ជនក្រីក្រ ជនពិការ) កសិករខ្នាតតូច ព្រមទាំងក្រុមកសិករ និងមន្ត្រីរាជរដ្ឋាភិបាលពាក់ព័ន្ធ។ ក្រៅពីនេះ គម្រោងនេះ ក៏ជាផ្នែកមួយបន្ថែមទៀតក្នុងការចូលរួមកែលម្អជីវភាពរស់នៅជនបទ ការបង្កើនប្រាក់ចំណូលកសិកម្មប្រកបដោយនិរន្តរភាព និងការពង្រឹងអភិបាលកិច្ចនៃការអភិវឌ្ឍជនបទ។ លោក Rho Hyunjun បានបញ្ជាក់បន្ថែមទៀតថា “ជាមួយនឹងគម្រោងថ្មីនេះ តំបន់ដែលធ្លាប់មានសង្រ្គាមធ្ងន់ធ្ងរនឹងក្លាយទៅជាសហគមន៍មួយប្រកបដោយសន្តិភាព និងវិបុលភាព”។ សូមជម្រាបជូនថា គម្រោងនេះនឹងត្រូវអនុវត្តន៍ក្នុងខេត្តចំនួន៣ រួមមាន ខេត្ដបាត់ដំបង ប៉ៃលិន និងខេត្ដបន្ទាយមានជ័យ ដែលជាតំបន់ធ្លាប់មានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកក្រោយសង្គ្រាម។ គម្រោងនេះ ក៏មានគោលបំណងដើម្បីអភិវឌ្ឍន៍តំបន់ភាគពាយ័ព្យប្រកបដោយនិរន្តរភាព និងសន្តិភាព តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ជនបទប្រកបដោយបរិយាប័ន្ន។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា គម្រោងនេះគឺជាការគាំទ្រដ៏សំខាន់មួយ ដោយសារតំបន់ទាំងនោះធ្លាប់មានសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ហើយមានផ្ទុកទៅដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានថ្លែងថា បន្ទាប់ពីបញ្ចប់សង្រ្គាម រាជរដ្ឋាភិបាលបានព្យាយាមអស់ពីសមត្ថភាព ដើម្បីដោះស្រាយបញ្ហាទាំងនោះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។ ទន្ទឹមនេះ ជាលទ្ធផល គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងតំបន់ភាគច្រើនត្រូវបានដោះនិងបំផ្លាញចោល។ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ តំបន់ទាំងនោះនៅតែត្រូវការជំនួយ ខណៈពេលដែលពួកគេកំពុងខ្វះខាតនូវ ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ជាពិសេសការគាំទ្រសកម្មភាពកសិកម្មដើម្បីប្រើប្រាស់ដីប្រកបដោយប្រសិទ្ធភាព៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង