ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ៤ខ្សែ នៅក្នុងមង្គលបូរី ខេត្តបន្ទាយមានជ័យ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោក ជំទាវ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចំនួន៤ខ្សែ នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីបំពេញសេចក្តីត្រូវ ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ។ នៅឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងពាំនាំបណ្តាំ សួរសុខទុក្ខពីថ្នាក់ដឹកនាំនិងកោតសរសើរអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទាំងអស់ ជាពិសេសអ្នកស្រុកមង្គលបូរី ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការចូលរួមថែរក្សា បានសន្តិភាព និងអភិវឌ្ឍន៍ មូលដ្ឋានឱ្យមានការរីកចម្រើន។ ជាមួយនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានក្រើនរម្លឹកបន្ថែមដល់អាជ្ញាធរ ប្រជា ពលរដ្ឋ សូមបន្តអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ បង្កើតពង្រីកមុខរបរ និងជំរុញ វិស័យកសិកម្ម មិនយកពន្ធលើដីកសិកម្មបង្កបង្កើនផល ជាលក្ខណៈគ្រួសារ កសាងហេដ្ឋា រចនាសម្ព័ន្ធ គមនាគមន៍ឃុំ សង្កាត់ ការពង្រឹងសន្តិសុខស្បៀង ការប្រើប្រាស់ ទឹកស្អាត និងថាមពលអគ្គិសនី និងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏នូវបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោតទាំងអស់គ្នាសូមត្រូវត្រៀមខ្លួន និង ឯកសារសម្រាប់បម្រើឱ្យការងារបោះឆ្នោត(អត្តសញ្ញាណប័ណ្ណ) និងឯកសារ សម្រាប់បម្រើ ឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីបានឃុំសង្កាត់មានសុវត្ថិភាព សិទ្ធិសេរីភាព ជីវភាពប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ គោរព និងការពារ។ ទន្ទឹមនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោក ជំទាវ បានជួយសាងសង់អគារសិក្សាមួយខ្នង មាន៥បន្ទប់ នៅបឋមសិក្សា២ឆ្នូ នៅឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ផ្លូវទាំង៤ខ្សែ ដែលត្រូវស្ថាបនានេះមានផ្លូវក្រាលកៅស៊ូDBSTចំនួន១ខ្សែ ប្រវែង៦៥៦៧ម៉ែត្រ ផ្លូវចាក់បេតុងចំនួន២ខ្សែ ប្រវែង២០៩០ម៉ែត្រ ផ្លូវក្រាលថ្មបំបែកចំនួន១ខ្សែ ប្រវែង១៧០០ម៉ែត្រ និងលូជ្រុងរំដោះទឹកជំនន់២កន្លែងផងដែរ៕សម្រួលដោយ​ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង