កម្ពុជាថយចុះពាក់កណ្តាលនៃផលប៉ះពាល់ដោយសារអាកាសធាតុរយៈពេល៥ខែនេះ
ភ្នំពេញ៖ កម្ពុជាថយចុះពាក់កណ្តាលនៃផលប៉ះពាល់ដោយសារអាកាសធាតុ រយៈពេល៥ខែនេះបើធៀបរយៈពេល ៥ខែ ឆ្នាំ២០២១។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ស្ថានភាពអាកាសធាតុសម្រាប់៥ខែ ដើមឆ្នាំ២០២២នេះ មានភាព ល្អប្រសើរជាងឆ្នាំ២០២១ ដោយសារកម្ពុជា ទទួលរងកម្រិតកម្ដៅខ្សោយ ពុំក្តៅខ្លាំងដូចឆ្នាំ២០២១ ហើយភ្លៀងកក់ខែ កើតមាន ច្រើនក្នុងរដូវប្រាំង កាត់បន្ថយការប្រឈមនូវការខ្វះខាតទឹកប្រើប្រាស់ និងទឹកសម្រាប់ការបង្កបង្កើនផល ព្រមទាំងពុំសូវទទួលរង ឥទ្ធិពលពីព្យុះក្នុងតំបន់។ ដូច្នេះ ផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ មានការថយចុះធៀបឆ្នាំ២០២១ ក្នុងរយៈពេល ដូចគ្នា។ សម្រាប់ខ្យល់កន្រ្តាក់កើតឡើងចំនួន ៧៩លើក បណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ចំនួន ៥២៧ខ្នង, ផ្ទះរបើកដំបូលចំនួន ១,៧៧៧ខ្នង, មនុស្សស្លាប់២នាក់ និងរបួស១៦នាក់។ បន្ថែមពីនេះ រន្ទះបាញ់មនុស្សស្លាប់ចំនួន ២២នាក់, មនុស្សរបួសចំនួន ១៧នាក់ និងងាប់គោ ក្របីចំនួន ៥៣ក្បាល។ ជារួមប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២២ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានការថយចុះប្រមាណពាក់កណ្តាល ហើយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននិងកំពុងបង្កើន ការផ្សព្វផ្សាយចូលជ្រៅដល់មូលដ្ឋាន អំពីវិធានការការពារ។ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ តែងកើតមានរៀងរាល់ឆ្នាំ ទោះតិច ឬច្រើន។ ដូច្នេះ ត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ពិសេសក្នុងរដូវវស្សានេះ។ ប្រការសំខាន់ គឺការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដោយសារស្ថានភាពអាកាសធាតុ មានអំណោយផល នាំឱ្យមានភ្លៀងធ្លាក់ច្រើន។ គិតចាប់ពីខែមេសាមក មានជំនន់ទឹកភ្លៀងកម្រិតស្រាលកើតឡើងនៅតាមបណ្តាខេត្តជាបន្តបន្ទាប់។ ប្រសិនបើស្ថានភាពអាកាសធាតុក្នុងតំបន់មានការប្រែប្រួល ដែលបង្កឱ្យមានភ្លៀងធ្លាក់នៅអាងទន្លេមេគង្គលើ ទឹកទន្លេមេគង្គ ក៏អាចមានចលនាជន់ឡើងដែរ ទោះបីការព្យាករណ៍របស់ក្រសួងជំនាញថា ទឹកទន្លេមេគង្គនៅស្ថានីយ៍ជលសាស្ត្រទន្លេបាសាក់ ចតុមុខ មានកម្ពស់អតិបរមា ៩.៦៥ម ទាបជាងកម្រិតប្រុងប្រយ័ត្ន ១០.៥០ម ក៏ដោយ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គណៈកម្មាធិការជាតិ គ្រប់គ្រង គ្រោះមហន្តរាយ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ឱ្យមានការត្រៀមលក្ខណៈ និងប្រុងប្រយ័ត្ន ក្នុងរដូវវស្សានេះ ដែលគ្រោះមហន្តរាយដោយធម្មជាតិអាចនឹងកើតមានជាយថាហេតុច្រើន៕សម្រួលដោយ ទៀង បុណ្ណរី