កិច្ចប្រជុំត្រួតពិនិត្យការកាត់ឆ្វៀលដីតំបន់៣ ក្នុងក្រុង ស្រុកចំនួន៦ ដែលនៅជាប់បឹងទន្លេសាប នៃភូមិសាស្ត្រខេត្តសៀមរាប
កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានដឹកនាំប្រជុំត្រួតពិនិត្យ ដើមី្បធ្វើការកាត់ឆ្វៀលដីតំបន់៣ បន្ទាប់ពីអនុវត្តបទបញ្ជាដ៏មុតស្រួច របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើមី្បសុំគោលការណ៍កាត់ឆ្វៀលដីចេញពីតំបន់៣ ជូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ និងអាស្រ័យផលបន្ត ដែលពួកគាត់បានរស់នៅ និងអាស្រ័យផលមុនឆ្នាំ២០១២។ ក្នុងកិច្ចប្រជុំនេះ ដោយមានសមាសភាពចូលរួមពីអស់លោក លោកស្រីជាគណ:អភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត ទីចាត់ការ និងអាជ្ញាធរក្រុង ស្រុក លោក លោកស្រីជាមេឃុំ និង ចៅសង្កាត់ផងដែរ ។ លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការបង្ហាញនូវគំនូសប្លង់ដីនៅតំបន់៣ជាប់បឹងទន្លេសាប ដើមី្បសុំគោលការណ៍កាត់ឆ្វៀលចេញជូនប្រជាពលរដ្ឋ ទៅតាមស្ថានភាពជាក់ស្តែង ដែលពួកគាត់រស់នៅជាអចិន្ត្រៃយ៍ និងប្រើប្រាស់អាស្រ័យផលក្នុងមូលដ្ឋាន ដែលមានក្រុង ស្រុក៦ ជាប់បឹងទន្លេសាប រួមមាន ស្រុកជីក្រែង ,សូទ្រនិគម , ប្រាសាទបាគង ,ក្រុងសៀមរាប , ស្រុកពួក និងស្រុកក្រឡាញ់ ដែលមានផ្ទៃដីប៉ះពាល់ចំនួនសរុប ៣,២៤១ហិកតា និង កាត់ឆ្វៀលកន្លងមកមានទំហំ៨,៦៨៦ ហិកតា។ ក្នុងនោះដែរក៏បានធ្វើការបង្ហាញនូវទីតាំង ដែលប្រជាពលរដ្ឋ រស់នៅជាអចិន្ត្រៃយ៍ និងអាស្រ័យផល ស្ថិតនៅក្នុងដីតំបន់៣ រួមមានឃុំ ពោធិ៍ទ្រាយ ស្រុកពួក , សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប , ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម នៃខេត្តសៀមរាបរាប ។ មានមតិចូលរួមរបស់អាជ្ញាធរក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ បានលើកឡើងថា អំពីប្រវត្តិសាវតា នៃភូមិសាស្ត្រ ឃុំ សង្កាត់ របស់បងប្អូន ដែលភាគច្រើប្រជាពលរដ្ឋ ស្ថិតក្នុងឃុំ សង្កាត់ជាប់នឹងបឹងទន្លេសាប គឺប្រកបការនេសាទត្រីនៅពេលរដូវបើកនេសាទ ធ្វើការដាំបន្លែ និងធ្វើចំការសណ្តែក ចំពោះការធើ្វស្រែប្រាំង គឺភាគច្រើនមកពីបណ្តាឃុំ សង្កាត់ផ្សេងៗ ចូលមកកាប់រានព្រៃលិចទឹកយកដីធ្វើស្រែប្រាំង។ ក្នុងនោះដែរ លោកមេឃុំ ក៏បានលើកផងដែរ អំពីផលវិបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដោយមានគ្រួសារខ្លះគ្មានដីសង់លំនៅដ្ឋាន ដោយផ្ទះខ្លះរស់នៅ៥គ្រួសារ ក្នុងមួយផ្ទះ ដូចនេះកង្វះដីសម្រាប់បំបែកគ្រួសារ ដោយពួកគាត់មិនហ៊ានធ្វើការកាប់រានព្រៃលិចទឹកយកដីសង់លំនៅដ្ឋាន ។ ក្នុងកិច្ចប្រជុំនោះដែរ លោកមេឃុំ និង ចៅសង្កាត់ ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ក៏ដូចប្រមុខរាជរដ្ឋាភិបាល សូមធ្វើការកាត់ឆ្វៀលជូនពួកគាត់ ឲ្យមានសិទ្ធិបានកាន់កាប់ស្របច្បាប់នឹងគេ។ ឯកឧត្តម ទៀ សីហា ក៏បានថ្លែងអំណរគុណដល់ក្រុមការងារ និង អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ដែលបានខិតខំប្រឹងប្រែងប្រមូលទិន្នន័យក្រុមគ្រួសារ និងផ្ទៃដី ដើមី្បការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងភូមិអាករ ដែលបងប្អូនរស់នៅជាយូរលង់មកហើយ។ ឯកឧត្តម ក៏បានបញ្ជាក់អំពីនីតិវិធីក្នុងការកាត់ឆ្វៀលដី ជាបញ្ហាស្មុគ្រស្មាញមួយ ដែលបងប្អូនមួយចំនួន មានទីលំនៅលើផែ (ផ្ទះលើកទឹក) តែពួកគាត់ត្រូវការដីបង្កបង្កើនផល និងមួយចំនួនទៀត ត្រូវការដីសង់លំនៅដ្ឋាន និងបង្កបង្កើនផល ក្នុងករណីទាំងនេះ គឺត្រូវទាមទារការត្រួតពិនិត្យឲ្យបានស៊ីជម្រៅ ក្នុងការដោះស្រាយជូនបងប្អូនឱ្យមានប្រសិទ្ធភាព ។ ឯកឧត្តមបញ្ជាក់ថា ក្នុងករណីដោះស្រាយនេះ គឺមិនបានទៅតាមសំណូម១០០%នោះឡើយ ដោយតំបន់មួយចំនួន ដែលចាំបាច់ត្រូវប្រគល់ជូនពួកគាត់ ហើយកន្លែងខ្លះទៀត ដែលបានកាប់ទន្ទ្រានក៏យើងមិនអាចប្រគល់ជូនបានឡើយ។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម បានឯកភាពចំពោះក្រុមគ្រួសារ បានបំបែកសមាជិកគ្រួសារបន្ថែម និងត្រូវការទីជម្រករស់នៅ។ ឯកឧត្តម បានគូសបញ្ជាក់ថា នៅពេលខាងមុខក្រុមការងារ នឹងបើកកិច្ចប្រជុំ ដើមី្បកំណត់តំបន់២ និងតំបន់១ ដែលនឹងសម្រេចនៅពេលឆាប់ៗនេះ ដោយតំបន់២ និងក្លាយជាតំបន់១ ឬក៏រក្សាទុកជាតំបន់២ អាស្រ័យផលដដែល ហើយនឹងឈានដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិទៀតផង ។ ឯកឧត្តម ក៏បានលើកឡើងពីស្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ថា តំបន់៣ និងអាចក្លាយជាតំបន់អាស្រ័យផល ដោយកន្លែង ឬតំបន់៣ ក៏ក្លាយជាតំបន់១ ទៅតាមការជាក់ស្តែងរបស់អាជ្ញាធរមូលដ្ឋាន។ ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានឯកភាពជាគោលការណ៍សិន ចំពោះអ្នករស់នៅលើទឹក និងប្រគល់ជូនដីអាស្រ័យផល ព្រមទាំងត្រូវមានទីទួលសុវត្ថិភាពទៀតផង ដើមី្បផ្តល់ជូនប្រជាពលរដ្ឋដីតំបន់៣ អាស្រ័យផលនោះ ឯកឧត្តមបានប្រគល់ភារកិច្ចដល់អាជ្ញាធរឃុំ សង្កាត់ ធ្វើការផ្សព្វផ្សាយជូនបងប្អូន និងមានលទ្ធភាពក្នុង ការប្រគល់ជូនប្រជាពលរដ្ឋអាស្រ័យផលផងដែរ។ ឯកឧត្តម សូមឲ្យក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ថែរក្សាដីដែលយើងបានដកហូតហើយនោះឲ្យនៅគត់មត់ កុំឲ្យមានប្រការផ្សេងៗ មកជ្រៀតជ្រែក នាំឲ្យបាត់គុណសម្បត្តិ ដែលយើងបានខិតខំប្រឹងប្រែងធ្វើដោយលំបាកកន្លងមកនេះ៕សម្រួលដោយ ទៀង បុណ្ណរី