ក្រុមការងារអន្ដរាគមន៍បង្រ្កាបបានភ្លាមៗ ករណីនាំចូលសត្វជ្រូករស់ខុសច្បាប់ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សកម្មភាពបទល្មើសនាំចូលជ្រូករស់ដោយខុសច្បាប់តាមច្រករបៀង ក្នុងទឹកដីខេត្តត្បូងឃ្មុំ ត្រូវក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វរស់ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្រ្កាបជនល្មើសបានចំនួន៤នាក់ និងវត្ថុតាងជ្រូករស់ចំនួន ៣២ក្បាល។ លោក ហ៊ុន សារ៉ាត់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វ ថ្លែងឲ្យដឹងថា នៅយប់ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២២ ក្រុមការងារអន្ដរាគមន៍​បង្រ្កាបបទល្មើស​ចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ ​និងផលិតកម្មសត្វ ​ជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ​បានធ្វើការស្ទាក់ចាប់បានរថយន្ដ ០១ គ្រឿង បានលួចដឹកជញ្ជូនជ្រូករស់​ដោយខុសច្បាប់ ៣២ក្បាល នាំចូលពីប្រទេសវៀតណាម ឆ្លងកាត់តាមច្រករបៀងក្នុង​ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ​បម្រុងយកទៅចែកចាយនៅក្នុងក្រុងសួង ដោយគ្មានលិខិតអនុញ្ញាត ។ លោក បន្តឲ្យដឹងថា ទាក់ទងសកម្មភាពចុះបង្រ្កាបបទល្មើសនានោះ បានប៉ះទង្គិចគ្នារវាងក្រុម​ជនល្មើស និងក្រុមការងារអន្ដរាគមន៍​បង្រ្កាបបទល្មើសចលនាសត្វ ដោយក្រុមជនល្មើស​ព្យាយាម​បើករថយន្ដរត់គេច ​រហូតបើកបំបុករថយន្ដរបស់កម្លាំង​ក្រុមការងារជំនាញ និងមាន​អ្នកប៉ុនប៉ង​មក​រំដោះមនុស្សថែមទៀត ប៉ុន្ដែនៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់​បាននោះឡើយ គឺបាន​ធ្វើការ​ឃាត់ខ្លួនជនល្មើសចំនួន ៤នាក់ ​និងវត្ថុតាងជ្រូករស់ចំនួន ៣២ ក្បាល។ បច្ចុប្បន្នជនល្មើសទាំង ៤រូប ត្រូវបានមន្រ្ដីជំនាញនាំយកទៅសាកសួរ ​និងអនុវត្តតាមនីតិវិធីច្បាប់ ដោយឡែកជ្រូករស់ទាំងនោះ ​បានប្រគល់ឱ្យមន្រ្ដីជំនាញយកទៅរក្សាទុក និងធ្វើចត្តាឡីស័ក​នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទខេត្តត្បូងឃ្មុំ ​ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។ សូមបញ្ជាក់ថា៖ នាពេលកន្លងមកនេះ ​សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានដាក់សំណើរ​សុំអន្តរាគមន៍ដល់អាជ្ញាធរជួយទប់ស្កាត់​ ការលួចនាំចូលនៅសត្វរស់ និងផលិតផល​មាន​ដើមកំណើតពីសត្វ និងសាច់បង្កក ​នៅតាមព្រំដែនកម្ពុជាវៀតណាម ​លើខេត្តចំនួន ៤ គឺខេត្តស្វាយរៀង, ព្រៃវែង តាកែវ និងខេត្តត្បូងឃ្មុំ ​បន្ទាប់ពីរសមាគមបានចុះសិក្សានៅតាមព្រំដែន ឃើញថា​ មានការនាំចូលជាហូរហែរ​ ដោយខាង​សមាគម​មានក្តីបារម្ភថា ​ចំពោះការនាំចូល​ប្រភេទ​ទាំងបីខាងលើ ដោយខុសច្បាប់នេះ ​នឹងបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកបរិភោគ និង​អ្នកចិញ្ចឹមសត្វក្នុងស្រុកជាដើម៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង