ឯកឧត្ត ងួន រតនៈ អភិបាលខេត្តកំពង់ធំ ប្រគល់បណ្ណដីចំនួន៥៨៥ ជូនប្រជាពលរដ្ឋនៅលើទីតាំងដីដែលសម្ដេចតេជោ សម្រេចកាត់ឆ្វៀលជូនពីតំបន់២ មកតំបន់១ ក្នុងស្រុកស្ទោង

កំពង់ធំ៖ ឯកឧត្ត ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៥៨៥បណ្ណ នៅលើទីតាំងដីដែលសម្ដេចតេជោសម្រេចកាត់ឆ្វៀលឲ្យពីតំបន់២ មកតំបន់១ នៅភូមិនាងសល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។ ថ្លែងក្នុងពិធីនោះ​​​ ឯកឧត្ត ងួន រតនៈ បានថ្លែងថាការប្រគល់ជូនបណ្ណកម្មសិទ្ធិដីធ្លីនៅពេលនេះ បានក៏ដោយសារការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះសុខទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ រហូតសម្តេចបានសម្រេចកាត់ឆ្វៀលដីចេញពីតំបន់២ មកតំបន់១ ហើយបានធ្វើប្លង់កម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋតែម្តង។ ឯកឧត្ត បានផ្តាំថា សូមរក្សាទុកដាក់ឱ្យបានល្អ ដែលជាវត្ថុមានតម្លៃ សម្រាប់យកទៅដាក់បញ្ចាំធានា ការខ្ចីប្រាក់ពីធនាគារផ្ទេរលក់-ទិញ ឬធ្វើអំណោយ ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ឯកឧត្ត បន្ថែមទៀតថា «បណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តិ ត្រូវបានការពារដោយច្បាប់ និងធានាការខុសត្រូវ ដោយរដ្ឋមិនអាចមានជនណាម្នាក់មកលួចបន្លំ រំលោភបំពានបានឡើយ»។ ជាមួយគ្នានេះ ឯកឧត្ត ងួន រតនៈ បានថ្លែងអំណរគុណលោកមេឃុំ លោកអភិបាលស្រុក និងថ្នាក់ដឹកនាំស្រុក ជាពិសេសមន្ត្រីជំនាញសូរិយោដីខេត្ត ដែលបានខិតខំផ្ដល់នូវសេវាដីធ្លីនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងទាមទារ ឱ្យម្ចាស់ដី មានការចូលរួម និងសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញដើម្បីឱ្យដំណើរការ នៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ។ ជាចុងក្រោយ ប្រជាពលរដ្ឋបានអបអរសាទរ សប្បាយរីករាយ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់កាដូយ៉ាងធំ ក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីនេះ ដែលធ្វើឲ្យពួកគាត់មានសិទ្ធិពេញលេញក្នុងការរស់នៅ និងអាស្រ័យផល និងមិនភ័យខ្លាចមានជនណាម្នាក់មករំលោភបំពានបានទៀតទេ៕សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង