ពិធីចុះកិច្ចព្រមព្រៀងដៃគូសហប្រតិបត្តិការ ក្នុងការអនុវត្តន៍គម្រោង បោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមនៅកម្ពុជា
ភ្នំពេញ÷មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ និងអង្គការAPOPOបាន ចុះកិច្ចព្រមព្រៀងដៃគូសហប្រតិបត្តិការ ក្នុងការអនុវត្តន៍គម្រោង បោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមនៅកម្ពុជា ដើម្បីឈានទៅសម្រេចផែនការយុទ្ធសាស្ត្រសកម្មភាពកំចាត់មីនត្រឹមឆ្នាំ២០២៥ ។ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហប្រតិបត្តិការ ក្នុងការអនុវត្តន៍គម្រោងបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម ដោយធ្វើសមាហរកម្មកម្លាំងក្រុមកណ្តុរហិតមីន កម្លាំងគ្រឿងចក្រនិងក្រុមស្រាវជ្រាវ បច្ចេកទេសថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការCMACភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលជាតិសកម្មភាពកម្ចាត់មីនកម្ពុជា និងលោក Michael Heiman ប្រធានអង្គការAPOPO ប្រចាំកម្ពុជា ។ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា គម្រោងនេះមានរយៈពេល១៨ខែគិតចាប់ពីថ្ងៃទី ០១ ឧសភា ២០២២ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលប្រទេសប៊ែលហ្សិកមានចំនួន២៨៤.៤២២ដុល្លារសហរដ្ឋអាមេរិក ដោយមានផែនការបោសសម្អាតផ្ទៃដីចម្ការមីនឱ្យបានប្រមាណ៤លានម៉ែត្រការ៉េ ស្ថិតក្នុងខេត្តព្រះវិហារ ។ផែនការនេះមានគោលដៅរំដោះស្រុកចំនួន៤ ឱ្យអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សត្រឹមចុងឆ្នាំ២០២៣។ សូមបញ្ជាក់ថា រដ្ឋាភិបាល ប៊ែលហ្សិកបានសម្រេចផ្តល់កញ្ចប់ថវិកាគាំទ្រកិច្ចសហការរវាងអង្គការAPOPOនិងអង្គភាព សុីម៉ាក់សម្រាប់រយ:ពេល៥ឆ្នាំ (២០២២-២០២៦) ដើម្បីចូលរួមគាំទ្រកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចផែនការយុទ្ធសាស្ត្រសកម្មភាពកំចាត់មីនត្រឹមឆ្នាំ២០២៥ និងសកម្មភាពបន្តក្រោយឆ្នាំ២០២៥ ៕សម្រួលដោយ ទៀង បុណ្ណរី