អ្នកជំនាញក្នុងវិស័យស្រូវអង្ករកម្ពុជា បានព្យាករណ៍ថា ក្នុងរយៈពេល២ខែខាងមុខ ពោលចាប់ខែកក្កដា និងសីហា តម្លៃស្រូវនៅកម្ពុជា នឹងអាចឡើងថ្លៃយ៉ាងហោចណាស់ពី ១០ ទៅ១៥% ដោយសារតម្លៃអង្ករលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃ
ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យស្រូវអង្ករកម្ពុជា បានព្យាករណ៍ថា ក្នុងរយៈពេល២ខែខាងមុខ ពោលចាប់ខែកក្កដា និងសីហា តម្លៃស្រូវនៅកម្ពុជា នឹងអាចឡើងថ្លៃយ៉ាងហោចណាស់ពី ១០ ទៅ១៥% ដោយសារតម្លៃអង្ករលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃ។លោក លន់ យ៉េង អគ្គលេខាធិការ នៃសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីល្ងាចថ្ងៃទី២៥ ខែឧសភាកន្លងទៅ មានប្រសាសន៍ប្រាប់ប៊ីធីវីថា វិបត្តិសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានធ្វើឱ្យពិភពលោកខ្វះស្បៀងអាហារ ព្រោះប្រទេសទាំង២នេះ ផលិតស្រូវសាលីសម្រាប់នាំចេញទៅអឺរ៉ុបច្រើនជាងគេ និងប្រទេសមួយចំនួនទៀតនៅអាហ្រ្វិក ដែលបណ្តាលឱ្យស្រូវសាលីកើនឡើងខ្លាំងរហូតដល់៣០%។ ក្នុងពេលពិភពលោកកំពុងខ្វះស្បៀងអាហារនេះ ក៏ជាឱកាសល្អសម្រាប់អង្ករកម្ពុជាផងដែរ។ លោក បានបន្ថែមថា ប៉ុន្តែយ៉ាងណាមិញ លោកមានការព្រួយបារម្ភពីការឡើងថ្លៃជី នឹងធ្វើឲ្យប្រជាកសិករមួយចំនួនកាត់បន្ថយការដាំស្រូវវិញ។ តាមការលើកឡើងរបស់មន្រ្តីអង្គការសហប្រជាជាតិ កាលពីពេលកន្លងទៅនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះតម្លៃអាហារបានកើនឡើងថ្លៃយ៉ាងគំហុក ហើយប្រសិនបើកំពង់ផែ Odesa របស់អ៊ុយក្រែន មិនត្រូវបានបើកនោះទេ នឹងធ្វើឱ្យមានបញ្ហាកាន់តែខ្លាំង ខណៈមានមនុស្សប្រមាណ ៤៩លាននាក់ នៅក្នុងប្រទេសចំនួន៤៣ ដែលកំពុងជួបគ្រោះទុរភិក្ស ហើយពិភពលោកនឹងប្រឈមមុខ អស្ថិរភាព និងការធ្វើចំណាកស្រុកដ៏ធំប្រសិនបើមិនដោះស្រាយ។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានចំនួនជាង ២២ម៉ឺនតោន ដោយទទួលបានចំណូលជាង ១៣៩លានដុល្លារអាមេរិក។ ដោយឡែកការនាំចេញស្រូវក្នុងរយៈពេល៤ខែដូចគ្នានេះ តាមរយៈការឆ្លងកាត់ព្រំដែនជាមួយប្រទេសវៀតណាម មានចំនួន ១.៦លានតោន ទទួលបានទឹកប្រាក់ប្រមាណជាង ៣៧០លានដុល្លារ៕សម្រួលដោយ ទៀង បុណ្ណរី