ស្ថាប័នជំនាញស្នើដាក់ទោសឱ្យបានតឹងរ៉ឹងបំផុត ចំពោះជនដែលវាយដំលើកុមារីអាយុប្រមាណ ៥ ឆ្នាំ
ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយលើកឡើងថា គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) សូមថ្កោលទោសដាច់អហង្ការ មិនអាចទទួលយកបានដាច់ខាត់ចំពោះការប្រព្រឹត្តិអំពើហិង្សាដោយចេ តនាយ៉ាងឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយឈ្មោះ ចាន់ ធីតា ភេទស្រី អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១៣ ផ្លូវ២១៩ ក្រុម២២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅលើកុមារីឈ្មោះ កេង ស្រីកា អាយុ៥ឆ្នាំ ជាកុមារបម្រើតាមផ្ទះ ដោយស្រ្តីដែលជាជនសង្ស័យឱ្យមើលថែកូនអាយុ២ឆ្នាំ ដែលករណីនេះបានកើតឡើងនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ ករណីនេះសមត្ថកិច្ចខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ជាមួយគ្នានេះដែរ សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំពោះចំណាត់ការតាមផ្លូវច្បាប់ និងទាន់ពេលវេលាលើករណីនេះ។ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃ ក.ជ.ក ក៏ដូចជាសាធារណជនទូទៅ ពិតជាមានក្តីរន្ធត់តក់ស្លុ តឥតឧបមា និងមានការអាណិតអាសូរក្រៃលែងចំពោះកុមារីដ៏កម្សត់នេះ ដែលទទួលរងគ្រោះដោយអំពើហិង្សាយ៉ាងព្រៃផ្សៃ អមនុស្សធម៌ ហើយយល់ឃើញថា អំពើនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេសសិទ្ធិទទួលបាននូវកិច្ចការពារ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ពាក់ព័ន្ធនឹងអំពើហិង្សា អមនុស្សធម៌នេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃ ក.ជ.ក ដែលជាស្ថាប័នសម្របសម្រួលលើការងារសិទ្ធិកុមារ សូមអំពាវនាវ និងទទូចដល់សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ស្ថាប័នតុលាការ សូមចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរ៉ឹងបំផុតចំពោះជនសង្ស័យនេះ ដើម្បីកុំឱ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមជាតិយើងបន្តទៀត៕សម្រួលដោយ ទៀង បុណ្ណរី