ខេត្តកំពង់ធំ ការងារបង្កបង្កើនផលស្រូវរដូវវស្សាបានជាង៥០០០០ហិកតា ទាបជាងឆ្នាំមុនជិត៤៨០០០ហិកតា
ភ្លៀងចាប់ផ្ដើមធ្លាក់ជាបណ្ដើរៗ ហើយប្រជាកសិករខេត្តកំពង់ធំ បានធ្វើការភ្ជួររាស់ សាបព្រោះស្រូវរដូវវស្សាជាបណ្ដើរៗហើយ។លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានឱ្យ ដឹងកាលពីថ្ងៃចន្ទ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះថា គិតត្រឹមថ្ងៃទី២៣នេះ ប្រជាកសិករខេត្តកំពង់ធំ ធ្វើការភ្ជួររាស់លើ ផ្ទៃដីសរុបចំនួន៥៨៨៨៩ហិកតា ភ្ជួរដោយគ្រឿងយន្តកសិកម្មទាំងអស់ និងសាបសំណាប បានចំនួន៤៦ហិកតា។ធ្វើការព្រោះស្រួវសរុបបានចំនួន៥០០៦៩ហិកតា ស្មើនឹង២៣,៤៧ភាគរយ នៃផែនការ ២១៣៣០០ហិកតា។ បើប្រៀបធៀបនឹងឆ្នាំមុនរយៈពេលដូចគ្នាឆ្នាំ២០២២ ទាបជាងចំនួន ៤៧៨៧១ហិកតា។ ក្នុងនោះ ព្រោះស្រូវវាឬស្រូវឡើងទឹកបានចំនួន១៤៥៥ហិកតា។ ព្រោះ ស្រូវធ្ងន់បានចំនួន១៨៣០៥ហិកតា។ ព្រោះស្រូវកណ្ដាលបានចំនួន៣៥៦១ហហិកតា។ ព្រោះ ស្រូវស្រាលបានចំនួន២៦៦៨០ហិកតា ក្នុងនោះស្រូវស្រាលបង្កើនរដូវចំនួន ២០៨១២ ហិកតា និងស្រូវស្រាលធម្មតាចំនួន៥៨៦៨ហិកតា។ក្នុងរយៈពេលដូចគ្នានេះដែរ ប្រជាកសិករខេត្តកំពង់ធំបានយកចិត្តទុកដាក់ដាំដំណាំ រួមផ្សំ រដូវវស្សាបានចំនួន៤២៣០០ហិក។ ក្នុងនោះដំណាំឪឡឹកចំនួន៣៥១ហិកតា។ ពោត ចំនួន១៥០ហិកតា។ ដំឡូងមីចំនួន៤១៥៩៣ហិកតា បន្លែចំនូន១៩០ហិកតា ព្រមទាំង សណ្ដែកដី ដំឡូងជ្វា និងអំពៅចំនួន១៦ហិកតា៕សម្រួលដោយ ទៀង បុណ្ណរី