ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចែករំលែកបទពិសោធន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្រ្តាលី

និស្សិតកម្ពុជា ត្រូវចេះអភិវឌ្ឍន៍សមត្ថភាពខ្លួន ចេះធ្វើការងារជាក្រុម និងរៀនសូត្រអំពីការវិវត្តន៍ នៃសភាពការណ៍នយោបាយពិភពលោក ។ នេះជាប្រសាសន៍របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាឱកាសជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ទៅសិក្សានៅអូស្រ្តាលី ចំនួន ២១នាក់ កាលពីរសៀលថ្ងៃ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន។ ប្រភពពី្រសួងបរិស្ថានបានឱ្យដឹងបន្តថា ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកជាពិសោធន៍ក្នុងការរស់នៅ ក្នុងប្រទេសអូស្រ្តាលី និងផ្តល់ជាអនុសាសន៍ជូននិស្សិតកម្ពុជាថា ក្រៅពីឱកាសអភិវឌ្ឍន៍សមត្ថភាពខ្លួន ប្អូនៗក៏ត្រូវប្រឹងប្រែងសិក្សា ឈ្វេងយល់អំពីជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសអូស្រ្តាលី ដែលជាប្រទេសមានភាពសម្បូរបែបលើអាហារូបត្ថម្ភ។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តទៀតថា ប្អូនៗនិស្សិតត្រូវជឿជាក់លើខ្លួនឯង ចេះធ្វើការងារជាក្រុម និងរៀនសូត្រអំពីការវិវត្តន៍ នៃសភាពការណ៍នយោបាយពិភពលោក ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួន ស្របតាមបរិបទនយោបាយក្នុងតំបន់ និងលើកតម្កើងសេដ្ឋកិច្ចគ្រួសារ ដែលជាផ្នែកមួយក្នុងការលើកកម្ពស់ ផលប្រយោជន៍របស់កម្ពុជាផងដែរ ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង