កូនកន្ធាយក្បាលកង្កែបចំនួន ៥៨០ក្បាល ត្រូវបានលែងចូលក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គ ក្នុងថ្ងៃទិវាអណ្តើកពិភពលោក ២៣ឧសភា
អង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលក្រចេះ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានលែងកូនកន្ធាយក្បាលកង្កែប ឬល្មិច ដែលជាប្រភេទជិតផុតពូជបំផុតចំនួន ៥៨០ក្បាល ចូលទៅក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គនៅខេត្តក្រចេះ ដើម្បីចូលរួមអបអរសាទរទិវាអណ្ដើកពិភពលោក ២៣ ឧសភា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គការ WCS។ លោកបណ្ឌិត កែន សេរីរដ្ឋា នាយកអង្គការ WCS បានមានប្រសាសន៍ថា ៖ «ដោយមានការគាំទ្រជាបន្តបន្ទាប់ពី ម្ចាស់ជំនួយរបស់យើង និងមានកិច្ចសហប្រតិបត្តិការល្អពីរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការប្ដេជ្ញាចិត្តខ្ពស់របស់បុគ្គលិកនៅទីវាលរបស់យើង និងក្រុមការពារសំបុកសហគមន៍ អង្គការ WCS សម្រេចបាន នូវសមិទ្ធិផលជាច្រើនគួរឱ្យកត់សម្គាល់ក្នុងការអនុវត្តគម្រោងរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក”។ លោកបណ្ឌិត សេរីរដ្ឋា បានបន្ថែមទៀតថា កំណើននៃសំបុក និងពងកន្ធាយ បានជំរុញ និងលើកទឹកចិត្តក្រុមការងារឱ្យខិតខំ ប្រឹងប្រែងបន្តទៀតដើម្បីអភិរក្សកន្ធាយក្បាលកង្កែបដែលកំពុងទទួលរងគ្រោះជិតផុតពូជបំផុតនេះ។ ក៏ប៉ុន្តែ កន្ធាយប្រភេទនេះកំពុងទទួលរងការគំរាមកំហែងដោយសារការប្រមាញ់ និងការជួញដូរខុសច្បាប់ នៅឡើយ ដោយនៅឆ្នាំ២០២១ យ៉ាងហោចណាស់មានកន្ធាយក្បាលកង្កែបចំនួន ៩ក្បាល ត្រូវបានគេជួញដូរតាមប្រព័ន្ធអនឡាញ និង ២ក្បាល បានស្លាប់ដោយសារការនេសាទខុសច្បាប់។ នៅក្នុងរដូវពងកូនឆ្នាំ ២០២២ នេះ ក្រុមការពារសំបុកសហគមន៍បានរកឃើញសំបុកកន្ធាយក្បាលកង្កែប ចំនួន ៦៣សំបុក ស្មើនឹង ២ ១៥៥ពង។ គិតត្រឹមពីដើមខែមីនា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ មានកូនកន្ធាយក្បាលកង្កែបសរុបចំនួន ៩៨២កូន បានញាស់ចេញពីសំបុកចំនួន ៤០ សំបុក ហើយក្រុមការងារបានលែងកូនកន្ធាយចំនួន ៤០២ក្បាល ចូលក្នុងទីជម្រកធម្មជាតិវិញ និងនៅសល់ ៥៨០ក្បាលទៀត ត្រូវលែងនៅថ្ងៃនេះ ហើយក្រុមការងាររំពឹងថា ពងដែលនៅសេសសល់អាចនឹងញាស់បានខ្លះបន្ថែមទៀត។ កាលពីរដូវពងកូនឆ្នាំ២០២១ ក្រុមការងារបានរកឃើញ ៦៦សំបុក ស្មើនឹង ២ ៥២៨ពង និងបានលែង ១ ៣០០កូន ចូលក្នុងទីជម្រកធម្មជាតិវិញ។ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានមានប្រសាសន៍ថា ៖ “យើងអបអរសាទរយ៉ាងក្រៃលែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍ បងប្អូនប្រជាពលរដ្ឋ និងជាពិសេស អង្គការ WCS ដែលបាននិងកំពុងស្តារប្រភេទដែលកំពុងរងគ្រោះថ្នាក់នេះឱ្យមានវត្តមានក្នុងដែនទឹកធម្មជាតិនេះឡើងវិញ ហើយខ្ញុំក៏សូមស្នើឱ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្តារប្រភេទកន្ធាយនេះ ព្រមទាំងក្រើន រំលឹកដល់ជនមួយចំនួន ដែលនៅតែបន្តជួញដូរប្រភេទសត្វនេះ ដែលនឹងត្រូវទទួលទោសចំពោះមុខច្បាប់”។ លោក ក្លេមឹន បេគ័រ (Clemens Beckers) តំណាងប្រតិភូសហភាពអឺរ៉ុប បានថ្លែងថា ៖ «ប្រទេសកម្ពុជាមានទីជម្រក និងសត្វព្រៃដ៏សម្បូរបែបជាច្រើនប្រភេទ ហើយកន្ធាយក្បាលកង្កែបគឺជាប្រភេទដ៏កម្រមួយដែលត្រូវការការពារជាបន្ទាន់។ សហគមន៍មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន រដ្ឋបាលជលផល និងអង្គការ WCS ត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារ និងស្ដារប្រភេទដ៏កម្រនេះឡើងវិញ។ ដោយយើងទាំងអស់គ្នាមានគោលដៅរួមតែមួយក្នុងការជួយសង្គ្រោះប្រភេទនេះកុំឱ្យផុតពូជ ហើយសហភាពអឺរ៉ុបនៅតែប្ដេជ្ញាចិត្តធ្វើការជាមួយដៃគូទាំងអស់ដើម្បីសម្រេចគោលដៅរួមនេះ”។ កន្ធាយក្បាលកង្កែបគឺជាប្រភេទមួយក្នុងចំណោមប្រភេទកម្រៗជាច្រើនទៀតនៅតាមដងទន្លេមេគង្គ ព្រោះកន្ធាយក្បាលកង្កែបរស់នៅក្នុងអន្លង់ជ្រៅៗជាមួយត្រីដូលហ្វីន និងត្រីបបែលយក្សជាដើម។ ការលែងកន្ធាយក្បាលកង្កែបដែលជាប្រភេទដ៏សំខាន់ចូលក្នុងជម្រកធម្មជាតិ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការស្តារប្រភេទនេះឡើងវិញកុំឱ្យផុតពូជនាពេលអនាគត។ បន្ថែមពីលើនេះ កន្ធាយក្បាលកង្កែប ឬល្មិច ដែលមានឈ្មោះវិទ្យាសាស្ត្រថា Pelochelys cantorii ត្រូវបានចាត់ចូលក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត។ វានៅមានចំនួនតិចតួចប៉ុណ្ណោះក្នុង ប្រទេសឡាវ និងប្រទេសមួយចំនួនទៀត និងវាទំនងជាបានផុតពូជហើយនៅតាមអតីតទីជម្រកដែលវាធ្លាប់ រស់នៅភាគច្រើនក្នុងប្រទេស វៀតណាម និងថៃ ដោយសារមានការលួចចាប់ និងធ្វើពាណិជ្ជកម្ម រួមទាំងសកម្មភាពខុសច្បាប់ក្នុងការប្រមូលយកពងរបស់យកទៅលក់ឬធ្វើជាអាហារ។ សម្រាប់នៅកម្ពុជាវិញ អ្នកវិទ្យាសាស្ត្រមិនបានរកឃើញវត្តមានប្រភេទកន្ធាយ នេះទេក្នុងចន្លោះពី ឆ្នាំ២០០៣ ដល់ ឆ្នាំ២០០៧។ ក៏ប៉ុន្តែនៅក្នុងឆ្នាំ២០០៧ អង្គការអភិរក្សអន្តរជាតិ (CI)បាន រកឃើញវត្តមានកន្ធាយនេះនៅក្នុងទន្លេមេគង្គចន្លោះពីខេត្តក្រចេះ ដល់ ខេត្តស្ទឹងត្រែង។ បន្ទាប់ពីបានរកឃើញ អង្គការអភិរក្សអន្តរជាតិ CI បានធ្វើការជាមួយរដ្ឋបាលជលផលការពារប្រភេទកន្ធាយនេះ រហូតដល់ឆ្នាំ២០១៧ ទើបប្រគល់គម្រោង នេះឱ្យមកអង្គការ WCS គ្រប់គ្រងបន្ត។ ចាប់តាំងពីពេលនោះមក អង្គការ WCS និងរដ្ឋបាលជលផល បាននិងកំពុងធ្វើការអភិរក្សប្រភេទសត្វនេះ តាមរយៈការទប់ស្កាត់រាល់ សកម្មភាពខុសច្បាប់ទាក់ទងនឹងការចាប់ និងការធ្វើពាណិជ្ជកម្មប្រភេទកន្ធាយក្បាលកង្កែបនេះ កម្មវិធីការ ពារសំបុកនៅតាមសហគមន៍ និងគាំទ្រដល់ការ អភិវឌ្ឍសហគមន៍ និងសហគមន៍នេសាទ។ សូមបញ្ជាក់ផងដែរថា គម្រោងអភិរក្សកន្ធាយក្បាលកង្កែបរបស់អង្គការ WCS ទទួលបានការគាំទ្រមូលនិធិពី សហភាពអឺរ៉ុបតាមរយៈគម្រោងដៃគូប្រឆាំងការជួញដូរសត្វព្រៃ Margaret A. Cargill Philanthropies និងអង្គការ Turtle Survival Alliance ៕សម្រួលដោយ ទៀង បុណ្ណរី