កម្ពុជា​នឹង​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩​ដល់​ពលរ​ដ្ឋ​​ឲ្យ​បាន​ឆា​ប់តាម​លទ្ធភាព​អា​ច​ធ្វើ​បាន

ក្នុង​សន្និសីទ​ស្តី​ពី​កូវីដ១៩​នា​ថ្ងៃ​ទី​១៩​កុម្ភៈ​នេះ​កម្ពុជា​នឹង​ពន្លឿន​ការ​ចាក់​វ៉ាក់​សាំង​កូវីដ១៩​ដល់​ប្រជាពលរដ្ឋ​ទៅ​តាម​លទ្ធភាព​អាច​ធ្វើ​បាន​។បើតាម​លោកស្រី​ឱ វណ្ណឌីនអ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាលការ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​នេះ​អាច​ធ្វើ​ទៅ​បាន​ក៏​អាស្រ័យ​លើ​ការ​ស្ម័គ្រ​ចិត្ត​របស់​ពលរដ្ឋ​។ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ក្រុម​អ្នក​សារព័ត៌មាន​​នៅព្រឹក​នេះ​លោកស្រី​ឱ វណ្ណឌីន ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ កម្ពុជា​នឹង​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩​ដល់​ពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត​។ការ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​នេះ​គឺ​ដោយសារ​កម្ពុជា​នឹង​ត្រៀម​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩​Astra Zenecaតាម​រយៈ​មជ្ឈមណ្ឌល​Covax​នៅ​ខែ​មីនា​ខាង​មុខ​នេះ។​នេះ​ប្រសិន​បើ​មិនមាន​បញ្ហា​បច្ចេកទេស​ណា​មួយ​កើត​ឡើង​។ ចាប់​តាំង​ពី​ថ្ងៃ​ទី​១០​រហូត​មក​ដល់​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​នេះ​ក្រសួង​សុខាភិបាល​បាន​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ចំនួន​៣៨០៣នាក់​។ ចំនួន​នេះ បើ​ធៀប​ទៅ​នឹង​ការ​ចាក់​វ៉ាក់សាំង​​កូវីដ​១៩​​របស់​ក្រសួង​ការពារ​ជាតិ​ដល់​កង​កម្លាំង​កម្ពុជា​គឺ​មាន​អត្រា​តិច​ជាង​រហូត​ដល់​ទៅ​៤​ដង​ដោយ​គិត​ដល់​ពេល​នេះ​ ក្រសួង​ការពារ​ជាតិ​បាន​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ដល់​កង​កម្លាំង​បាន​ជិត​១៣០០០​នាក់​រួច​មក​ហើយ​។ក៏​ប៉ុន្តែ​លោកស្រី​ឱ វណ្ណឌីន ​បាន​ពន្យល់​ថា​ ភាព​យឺត​យ៉ាវ​នៃ​ការ​ចាក់​វ៉ាក់សាំង​ កើត​ឡើង​ដោយសា​រការ​វ៉ាក់សាំង​នេះ​ធ្វើ​ឡើង​តាម​គោលការណ៍​ស័្មគ្រ​ចិត្ត​របស់​ពលរដ្ឋ​។ ម្យ៉ាង​វិញ​ក្រសួង​មាន​ផែនការ​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​ដល់​ក្រុម​អាទិភាព​ រួមមាន​ គ្រូពេទ្យ ​កង​កម្លាំង​ អ្នក​សារព័ត៌មាន​ជា​ដើម​។ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​១​រួច​អាច​ទទួល​បាន​វ៉ាក់សាំង​ដូស​ទី​២​ទៀត​ ស្រប​តាម​លក្ខខណ្ឌ​បច្ចេកទេស​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​។ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អត្រានៃអ្នកបានវ៉ាក់សាំងកូវីដ១៩​ ស៊ីណូហ្វាម​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ​។ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូហ្វាម​ដែល​ជា​ជំនួយ​របស់​ចិន​ចំនួន​៦០​ម៉ឺន​ដូស​នៅ​ជំហាន​ដំបូង​។ ដោយ​ក្នុង​នោះ​រដ្ឋាភិបាល​កម្ពុជា​បាន​បែង​ចែក​វ៉ាក់សាំង​៣០​ម៉ឺន​ដូស​ដល់​ក្រសួង​សុខាភិបាល​ និង​៣០​ម៉ឺន​ដូស​ដល់​ក្រសួង​ការពារ​ជាតិ​។បើ​តាម​គម្រោង​រដ្ឋាភិបាល​គ្រោង​ប្រើប្រាស់​វ៉ាក់សាំង​៣០​ម៉ឺន​ដូស​នេះ​ចាក់​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៤៩៥០០​នាក់​នៅ​ជំហាន​ដំបូង​មុន​ពេល​ទទួល​បាន​វ៉ាក់សាំង​ពី​យន្តការ Covaxនិង​ប្រភព​ផ្សេង​ៗ​ទៀត​។នេះបើលោកស្រី ​ឱ វណ្ណឌីន ​បាន​លើក​ឡើង​៕

អត្ថបទដែលជាប់ទាក់ទង