ប្រទះឃើញវត្ថុបុរាណ មួយចំនួនក្នុងវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖​ ប្រទះឃើញវត្ថុបុរាណមួយចំនួន នៅក្នុងវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ស្ថិតក្នុងស្រុក មោងឫស្សី ខេត្ត បាត់ដំបង អំឡុង ពេលរុះរើព្រះវិហារចាស់ទ្រុឌទ្រោម ដើម្បីសាងសង់ព្រះវិហារថ្មី។  មន្រ្តីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា សម្រាប់វត្ថុបុរាណដែលត្រូវបានប្រទះឃើញនៅពេលនេះរួមមាន

-បំណែកកុលាភាជន៍ ចំនួន២០បំណែក (ធ្វើពីដីដុត)

-បំណែកជើងពាន ចំនួន១៥បំណែក (ស្ពាន់១២ សំរិទ្ធ៣)

-កាក់សៀម ចំនួន១៣កាក់ (ស្ពាន់)

-កាក់ឥណ្ឌូចិន ចំនួន៣៣កាក់(ប្រាក់)

-ដន្លាប់តូច ចំនួន១(ប្រាក់)

-ក្រវិលមួយចំហៀង (ស្ពាន់)

-ចិញ្ចៀន ចំនួន១វង់(ស្ពាន់)

-ប្រាក់ឌួង ១ចំហៀង (ប្រាក់)

-កណ្ដឹង ចំនួន២ (ស្ពាន់លាយ)

-បំណែកដែក (ប្រហែលដងដាវ) ចំនួន១ដុំ(ដែក)

-កាក់ប្រាក់រូបមាន់ ចំនួន ៣,៥៩០កាក់ (ប្រាក់)

-ហិបប្រាក់ ចំនួន១

-សន្លឹកប្រាក់ ចំនួន១បន្ទះ ។

ក្នុងឱកាស ដឹកនាំមន្រ្តី ជំនាញចុះពិនិត្យមើលវត្ថុបុរាណទាំងនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដោយមានការឯកភាពពីលោកគ្រូចៅអធិការ អាចារ្យ គណៈកម្មការ និងឧបាសក ឧបាសិកា ពុទ្ធបរិស័ទ្ធដែលបានចូលរួមនាពេលនេះ គឺនឹងប្រគល់ភារកិច្ចទៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងវត្តសុវណ្ណភូមិ ដើម្បីថែរក្សាវត្ថុបុរាណដើម្បីទុកចុះបញ្ជីជាសម្បតិ្តបេតិកភណ្ឌជាតិ និងរក្សាទុកនៅសារមន្ទីរខេត្តបាត់ដំបង ក្រោយពេលដែលក្រុមការងារជំនាញបានធ្វើកំណត់ហេតុ និងរបាយការណ៍ច្បាស់លាស់ ខណៈអាជ្ញាធររៀបចំកម្លាំងការពារវត្ថុបុរាណដែលរក្សាទុកជាបណ្ដោះអាសន្ននៅវត្តតាលាស់ថ្មីនេះសិន។  ឯកឧត្តមបានបន្តទៀតថា បើថ្ងៃណាមួយ វត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី មានព្រះវិហារច្បាស់លាស់ និងអាចរៀបចំសារមន្ទីរក្នុងវត្តបាន គឺអាចយកវត្ថុបុរាណទាំងនេះមករក្សាទុកដើម្បីទុកដល់កូនចៅជំនាន់ក្រោយ បានស្គាល់។ ​គួរបញ្ជាក់ថា វត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ត្រូវបានកសាងឡើងនៅអំឡុងឆ្នាំ១៧១០ ដោយឡែកព្រះវិហារចាស់ កសាងដំបូងគេ នៅសតវត្សរ៍ទី១៨ ហើយត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ក្រោយមក ដោយសារបន្សល់ទុកនូវគំនរចាស់ៗ លោកតា លោកយាយ ពុទ្ធបរិស័ទ ដែលរស់នៅតំបន់នោះ ក៏បានឯកភាពគ្នាសាងសង់ព្រះវិហារថ្មីជាលើកទី២ឡើងវិញ នៅឆ្នាំ១៩៩០ ប៉ុន្តែដោយសារព្រះវិហារចាស់នេះ សាងសង់ខុសបច្ចេកទេស ធ្វើឱ្យបាក់ស្រុត និងមានសភាពចាស់ទ្រុឌទ្រោមផងនោះ គណៈកម្មការវត្ត អាចារ្យ ព្រះសង្ឃ និងពុទ្ធបរិស័ទវត្ត ក៏បានប្រជុំសម្រេចរុះរើ ដើម្បីសាងសង់ព្រះវិហារថ្មីឲ្យស្របតាមបច្ចេកទេសត្រឹមត្រូវ ៕​សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង