មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា នៅទីបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ នៅក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានធ្វើការ កោត សសើរ ដល់រាជ រដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយជោគជ័យ រហូតមានការបើក សេដ្ឋកិច្ច -សង្គមទ្បើងវិញលើគ្រប់វិស័យ និងបានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ព ជើងគោកនៃប្រទេសទាំងពីរកម្ពុជា-រុស្សី ដែលបានអនុវត្តកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានសម្តែងនូវឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក រវាងកងទ័ពជើងគោក ឱ្យកាន់តែសកម្ម និងរឹងមាំ។ ជាការឆ្លើយតប ឯកឧត្តម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងលើកឡើងអំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសសកម្មភាពរួមគ្នាជាច្រើនក្នុងកម្រិតកងទ័ពជើងគោក ដូចជា ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ជាដើម៕ សម្រួលដោយ ទៀង បុណ្ណរី