កម្ពុជាស្នើទិញ​ទិញ​វ៉ាក់សាំង​កូវីដ១៩​ចំនួន៥លានដូសពីឥណ្ឌា

TNM(ភ្នំពេញ) ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ បាន​បញ្ជាក់​ទៅរដ្ឋមន្រ្តីការបរទេស​ឥណ្ឌាថា កម្ពុជាត្រូវការ​ទិញ​វ៉ាក់សាំង​កូវីដ១៩​ចំនួន ៥លានដូស​បន្ថែមទៀត បន្ទាប់ពី​ឥណ្ឌា​ប្រកាស​ផ្តល់១០ម៉ឺនដូស​ឱ្យកម្ពុជា។ នេះបើយោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ស្តីពី​ជំនួប​សន្ទនាតាមទូរស័ព្ទ​រវាង​រដ្ឋមន្រ្តីការបរទេស​ទាំងពីរ ដែលធ្វើឡើង​នៅល្ងាចថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ​២០២១។

ឯកឧត្តម ប្រាក់ សុខុន បាន​លើកឡើងថា ការសម្រេច​ចិត្តរបស់កម្ពុជា ទិញវ៉ាក់សាំងពី​ឥណ្ឌា ដោយ​សារប្រទេសទាំងពីរមានប្រវត្តិ​ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងម្យ៉ាងទៀត​ដោយ​សារ​ប្រជាជន​កម្ពុជា ជឿទុកចិត្តលើ​ថ្នាំពេទ្យ និង​សេវាសុខភាព​របស់​ឥណ្ឌា ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព​ខ្ពស់។

ជាការឆ្លើយតប លោក Subrahmanyam Jaishankar រដ្ឋមន្រ្តី​ការបទេស​ឥណ្ឌាបាន​បញ្ជាក់​ថា ចំពោះ​សំណើទិញ​វ៉ាក់សាំង៥លានដូស​របស់​កម្ពុជានេះ គឺលោក​នឹង​រាយការណ៍​ជូនលោកនាយករដ្ឋមន្រ្តី​ឥណ្ឌា ណារិនដ្រា ម៉ូឌី ព្រមទាំងបាន​សន្យាថា នឹងខិតខំជួយកម្ពុជាឱ្យទទួលបានវ៉ាក់សាំង៕

អត្ថបទដែលជាប់ទាក់ទង