កីឡាករ ទូច រ៉ាឆាន់ ឈ្នះមេដាយមាស ខណៈ៣នាក់ទៀតឈ្នះត្រឹមមេដាយប្រាក់ដូចៗគ្នា
ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២
ទីក្រុងហាណូយ, ប្រទេសវៀតណាម៖ កីឡាករឃីកបុកស៊ីងកម្ពុជា ទូច រ៉ាឆាន់ ដណ្តើមបានមេដាយមាសទី១ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បន្ទាប់ពីបានយកឈ្នះកីឡាករថៃ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ខណៈបេក្ខភាពកីឡាករឃីកបុកស៊ីង ៣នាក់ ផ្សេងទៀតដណ្តើមបានត្រឹមមេដាយប្រាក់ ៣គ្រឿងដូចៗគ្នា ក្រោយចាញ់នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងពេលដំណាលគ្នា។នេះជាមេដាយមាសទី១របស់ប្រភេទកីឡាឃីកស៊ីងរបស់កម្ពុជា នៃស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។ កីឡាករ ទូច រ៉ាឆាន់ ឈ្នះមេដាយមាសលើវិញ្ញាសា Full Contact ទម្ងន់ ៥៧គីឡូក្រាម ក្រោយប្រកួតឈ្នះកីឡាករថៃ។ ចំពោះមេដាយប្រាក់៣គ្រឿងទៀត លើប្រភេទកីឡាឃីកបុកស៊ីងនេះដែរ រួមមាន៖ កីឡាករ កាន់ ម៉េងហុង លើវិញ្ញាសា Low Kick ទម្ងន់ ៥៤ គីឡូក្រាម, កីឡាករ លន បញ្ញា លើវិញ្ញាសា Full Contact ទម្ងន់ ៦៧គីឡូក្រាម និងកីឡាករ ឈឿង ល្វៃ លើវិញ្ញាសា Low Kick ទម្ងន់ ៧១គីឡូក្រាម។ ចំពោះកីឡាករ សាន រ៉ាឃីម ទទួលបានមេដាយសំរឹទ្ធ សម្រាប់ប្រភេទកីឡាឃីកបុកស៊ីង វិញ្ញាសា Low Kick ទម្ងន់ ៦៣គីឡូក្រាម។ សរុបមេដាយលើប្រភេទកីឡាឃីកបុកស៊ី មេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ១។ ម្ចាស់មេដាយមាសកីឡាករ ទូច រ៉ាឆាន់ បានបង្ហាញចំណាប់អារម្មណ៍ក្រោយបញ្ចប់ពិធីបំពាក់មេដាយថា «ខ្ញុំជារំភើបរីករាយជាខ្លាំង ដែលខ្ញុំបានដណ្តើមមេដាយមាសបាន សម្រេចយកមកជូនជាតិមាតុភូមិ។ ខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងជនរួមជាតិខ្មែរទាំងអស់ ដែលផ្តល់ការលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមនេះ»។ ម្ចាស់មេដាយមាសរូបនេះបន្ថែមថា ខ្លួននឹងបន្តការខិតខំហ្វឹកហាត់ឱ្យខ្លាំងក្លា សម្រាប់គោលដៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះ ដោយនេះគឺជាកម្លាំងចិត្តដ៏មោះមុតសម្រាប់គោលដៅប្រជែងមេដាយ នៅស៊ីហ្គេម ២០២៣ ខាងមុខ។ គួរបញ្ជាក់ថា បច្ចុប្បន្នភាពនៃតារាងមេដាយផ្លូវការរបស់កម្ពុជា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភានេះ គឺកម្ពុជាមានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ ៤ (កីឡាប៉េតង់ មេដាយសំរឹទ្ធ២, ទូករ៉ូអ៊ីង មេដាយសំរឹទ្ធ១) សរុប ៨គ្រឿង។ ដោយឡែកប្រភេទកីឡាមួយ ចំនួនទៀត កំពុងដំណើរការប្រកួតជម្រុះជាបន្តបន្ទាប់ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅតាមតំបន់ផ្សេងៗគ្នា នៃប្រទេសវៀតណាម៕សម្រួលដោយ ទៀង បុណ្ណរី