ទីស្តីការក្រសួងការបរទេសអាម៉េរិក មេដឹកនាំនៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងនិងកសាងទំនាក់ទំនងយូរអង្វែងរវាងអាម៉េរិកនិងអាស៊ាន
នៅក្នុងកិច្ចប្រជុំកំពូល នាថ្ងៃទី១៣ ខែឆ្នាំ២០២២ ស្តីពីបញ្ហាអាកាសធាតុ ការអភិវឌ្ឍថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន ជាមួយឯកឧត្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលប្រារព្វធ្វើឡើងនៅ ទីស្តីការក្រសួងការបរទេសអាម៉េរិក ក្នុងរដ្ឋធានី វ៉ាស៊ីនតោន មេដឹកនាំនៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងនិងកសាងទំនាក់ទំនងយូរអង្វែងរវាងអាម៉េរិកនិងអាស៊ាន។នេះបើតាមការឱ្យដឹងរបស់អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា។ ប្រភពដដែលបានឱ្យដឹងថា មេដឹកនាំនៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងនិងកសាងទំនាក់ទំនងយូរអង្វែង រវាងអាម៉េរិកនិងអាស៊ាន ដែលជាទំនាក់ទំនងមិនអាចខ្វះបានឲ្យកាន់តែទូលំទូលាយថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាននិងសហរដ្ឋអាមេរិកក៏ដូចជាពង្រឹងនិងកសាងតំបន់ និងសហគមន៍អន្តរជាតិទូលំទូលាយដើម្បីបន្តលើកកម្ពស់ និងរក្សាសន្តិភាពសន្តិសុខស្ថិរភាពនិងវិបុលភាពក្នុងតំបន់ និងដើម្បីធានាថាទំនាក់ទំនងនេះនៅតែអាចសម្រេចតាមគោលការណ៍ ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ នឹងចូលរួមសហការយ៉ាងសមស្របក្នុងវេទិកាអន្តរជាតិនិងតំបន់ ដែលមានប្រទេសសមាជិកអាស៊ាននិងសហរដ្ឋអាមេរិកជាសមាជិក។ក្នុងពេលនៃការប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកនៅឆ្នាំ២០២២ មេដឹកនាំអាស៊ានសហរដ្ឋអាមេរិក បានប្ដេជ្ញារួមគ្នាដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីបង្កើតភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ដែលប្រកបដោយអត្ថន័យខ្លឹមសារនិងផលប្រយោជន៍ទៅវិញទៅមកនិងបង្កើតសករាជថ្មីមួយនៅក្នុងទំនាក់ទំនងអាស៊ានសហរដ្ឋអាមេរិក។ ជាមួយគ្នានេះមេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ក៏បានប្តេជ្ញារួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងជាសះស្បើយរួមគ្នា រួមទាំងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញពីវិបត្តិជំងឺរាតត្បាតនៅតំបន់អាស៊ាន ការពង្រឹងសមត្ថភាពសុខភាពក្នុងតំបន់និងថ្នាក់ជាតិរួមទាំងតាមរយៈគំនិតផ្ដួចផ្ដើមសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក និងប្ដេជ្ញាផ្ដល់ហិរញ្ញប្បទានសកលកាន់តែខ្លាំងនិងប្រកបដោយនិរន្តរ ភាព សម្រាប់ការបង្ការជំងឺរាតត្បាតការត្រៀមលក្ខណៈនិងការឆ្លើយតបការលើកទឹកចិត្តដល់វិនិយោគក្នុងឧស្សាហកម្មឱសថ និងការបណ្ដាក់ទុនរួមគ្នាព្រមទាំងការវិនិ យោគក្នុងការពង្រឹងប្រព័ន្ធសុខភាពឱ្យបានរឹងមាំថែមទៀត តាមរយៈការគ្របដណ្ដប់សុខភាពសកល (Universal Health Converage) ជាពិសេសថែមទាំងសុខភាពបឋមនិងកម្លាំងការងារសុខាភិបាលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិសុខ និងសុខភាព។ ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក បានប្តេជ្ញារួមគ្នាធ្វើការដើម្បីបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលនឹងជំរុញការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ និរន្តរភាពហើយធន់នឹងអាកាសធាតុ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌និងនិរន្តរភាព។ ការលើកកម្ពស់កិច្ចសហការតាមសមុទ្រមេដឹកនាំទាំងអស់ បានយល់ ព្រម ជំរុញកិច្ចសហការដែនសមុទ្រតាមរយៈយន្តការដឹកនាំដោយអាស៊ាន។ ដោយយើងមានគម្រោងបង្កើតទំនាក់ទំនងថ្មី ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលក្នុងចំណោមភ្នាក់ងារពាក់ព័ន្ធរួមទាំងភ្នាក់ងារអនុវត្តន៍ច្បាប់ដែនសមុទ្រដើម្បីសហការគ្នាកែលម្អការយល់ដឹងអំពីផ្នែកលំហសមុទ្រ និងដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការត្រួតពិនិត្យតាមរយៈការចែករំលែកព័ត៌មានឧត្ដម្មានុវត្តន៍និងជំនាញដែលនឹងបំពេញបន្ថែមនិងមិនត្រួតយន្តការដែលមានស្រាប់។ ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានសហរដ្ឋអាមេរិក បានប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីការពារស្តារនិងគ្រប់គ្រងបរិស្ថានសមុទ្រប្រកបដោយនិរន្តរភាព។ លើការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន មេដឹកនាំអាស៊ាន និងអាម៉េរិក បានសន្យារួមគ្នាក្នុងការវិនិយោគលើការអភិវឌ្ឍមូលធនមនុស្សការផ្តល់សិទ្ធអំណាចដល់យុវជននិងក្រុមងាយរងគ្រោះ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិង ប្រជាជន រួមទាំងការគាំទ្រផ្នែកភាសាអង់គ្ លេសជំនាញឌីជីថលការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) និងវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងការបណ្តុះបណ្តាលគណិតវិទ្យា (DTEM) ក្នុងតំបន់។ លើការគាំទ្រការអភិវឌ្ឍអនុតំបន់ មេដឹកនាំទាំងអស់ បានបន្តគាំទ្រមជ្ឍភាពអាស៊ាននិងឯកភាពអាស៊ាន ក្នុងការលើកកម្ពស់ការអភិវឌ្ឍអនុតំបន់របស់អាស៊ាន។ ពិសេសការប្ដេជ្ញាបន្ថែមទៀតក្នុងការលើកកម្ពស់ស្ថិរភាព សន្តិភាពនិងវិបុលភាពនិងការអភិវឌ្ឍប្រកបដោយចិរភាពនៅក្នុងអនុតំបន់មេគង្គ តាមរយៈគំនិតផ្តួចផ្តើមក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក។ការប្រើប្រាស់បច្ចេកវិទ្យានិងការលើកកម្ពស់នវានុវត្តន៍ មេដឹកនាំអាស៊ាន អាម៉េរិក បានជំរុញឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យជីវបច្ចេកវិទ្យាកសិកម្មឆ្លាតវៃកសិកម្ដែលធន់នឹងអាកាសធាតុវិទ្យាសាស្ត្រចំណីអាហារឧតុនិយមមីក្រូអេឡិចត្រូនិកវិទ្យាសាស្ដ្រសមុទ្រថាមពលនិងលំហ។លើការដោះស្រាយការប្រែប្រួលអាកាសធាតុមេដឹកនាំអាស៊ាន និងអាម៉េរិក បានធ្វើការគូសបញ្ជាក់ដូចគ្នា ក្នុងការពង្រឹងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពរបស់អាស៊ានក្នុងការពង្រឹងភាពធន់នឹងគ្រោះមហន្តរាយ និងការសម្របខ្លួនទៅនឹងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើងនូវកម្រិតទឹកសមុទ្រ ទឹកជំនន់ញឹកញាប់ជាងមុន គ្រោះរាំងស្ងួតនិងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដទៃទៀត ការកើនឡើងនូវហានិភ័យនៃអសន្តិសុខទឹក ថាមពលនិងអាហារ និងព្យុះបំផ្លិចបំផ្លាញកាន់តែច្រើនឡើងៗ។ លើការរក្សាសន្តិភាពការកសាងទំនុកចិត្តមេដឹកនាំអាស៊ាន និងអាម៉េរិក បានបញ្ជាក់ជាថ្មី នូវទំនួលខុសត្រូវរបស់ភាគីទាំងអស់ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក ចំពោះអធិបតេយ្យភាពបូរណភាពទឹកដីនិងសិទ្ធិស្មើគ្នានៃប្រជាជាតិទាំងអស់។ មេដឹកនាំទាំងអស់ ក៏បានរំពឹងឡើងវិញនូវការអំពាវ នាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ឬយុទ្ធសន្តិភាព នឹងការបន្តកិច្ចសន្ទនានយោបាយដែលនឹងនាំទៅរកសន្តិភាពប្រកបដោយនិរន្តភាពនៅប្រទេសអ៊ុយក្រែន។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា អាស៊ានពិតជាសូមវាយតម្លៃខ្ពស់លើរាល់កិច្ចការ ដែលសហរដ្ឋអាមេរិកបានធ្វើសម្រាប់តំបន់ ហើយក្នុងនាមសម្តេចផ្ទាល់សម្តេចសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តមប្រធានាធិបតី និងប្រជាជនអាម៉េរិក ដែលគាំទ្រដល់បេក្ខភាពជាប្រធានអាស៊ាន របស់កម្ពុជានៅក្នុងឆ្នាំ២០២២នេះ។ ជាមួយនិងសន្ទុះដែលបាននិងកំពុងវិវឌ្ឍន៍យ៉ាងលឿន នៃការឈានឆ្ពោះទៅរកប្រយោជន៍រួមតែមួយ សម្តេចបានអញ្ជើញឯកឧត្តមប្រធា នាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក លើកទី១០ ដែល និងប្រព្រឹត្តទៅនៅកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខ៕សម្រួលដោយ ទៀង បុណ្ណរី