ប្រតិភូក្រសួងបរិស្ថាន ចុះទស្សនកិច្ចសិក្សាសក្ដានុពលទេសចណ៍ធម្មជាតិ នៅសហគមន៍តំបន់ការពារធម្មជាតិអន្លង់ស្វាយ ស្ថិតនៅភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តកំពង់ឆ្នាំង
ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ បានចុះទស្សនកិច្ចសិក្សាសក្ដានុពលទេសចណ៍នៅសហគមន៍តំបន់ការពារធម្មជាតិអន្លង់ស្វាយ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ក្នុងក្របខណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។
ក្នុងឱកាសទស្សនកិច្ចសិក្សានេះ ក្រុមការងារបានជួបសំណេះសំណាលជាមួយប្រជាសហគមន៍ ដើម្បីស្វែងយល់អំពីសក្តានុពល ការរៀបចំផលិតផល និងសេវាកម្មអេកូទេសចរណ៏ បញ្ហាប្រឈម សំណូមពរ និងតម្រូវការចាំបាច់ ក្នុងការជំរុញ លើកទឹកចិត្ត និងប្រែក្លាយសហគមន៍ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀតសម្រាប់គោលដៅទេសចរណ៍បែបធម្មជាតិ។ ជាមួយគ្នានេះ ក្រុមការងារក៏បានចុះសិក្សាស្វែងយល់ដល់ទីតាំងសក្តានុពលទេសចរណ៏ក្នុងសហគមន៏ រួមមាន៖ តំបន់ទឹកធ្លាក់ភ្នំអន្លង់ស្វាយ ព្រៃក្រាស់ៗតាមដងភ្នំកន្លែងបោះតង់ពេលរាត្រី និងតំបន់ដើរព្រៃ ជាដើម។
គម្រោងនិរន្តរភាពតំបន់ទរសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកតម្លៃឱកាសអេកូទេសចរណ៍ និងខ្សែច្រវាក់តម្លៃអនុផលព្រៃឈើនៅក្នុងតំបន់ទេសភាពភ្នំក្រវាញ និងទន្លេសាប ដែលឈរលើបេសកកម្មរបស់ក្រសួងបរិស្ថានក្នុងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពសហគមន៍៕សម្រួលដោយ ទៀង បុណ្ណរី