សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការជាតិការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
TNM(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) នៅទីស្ដីការក្រសួងមហាផ្ទៃ។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានកិច្ចសហការជាមួយអ្នកជំនាញច្បាប់របស់អង្គការ Vital Strategies លើជំនួយបច្ចេកទេស ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ បាន តាក់តែងបញ្ចប់សេចក្តីព្រាងច្បាប់ដំបូង ដែលរួមមាន១២ជំពូក ស្មើនឹង១៦៩មាត្រា។ សេចក្តីព្រាងច្បាប់នេះ បានប្រជុំឆ្លងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ជារៀងរាល់សប្តាហ៍។
ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ដថា គិតត្រឹមខែធ្នូ ឆ្នាំ២០២០ ក្រុមការងារអន្តរក្រសួងប្រជុំឆ្លងសម្រេចបានចំនួន២ជំពូក ស្មើនឹង១០១ មាត្រា ក្នុងនោះមាន ជំពូកទី១ ៖ ស្តីពីបទប្បញ្ញត្តិទូទៅ សម្រេចបានទាំងស្រុងមាន ចំនួន៣មាត្រា និងជំពូកទី២៖ ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន សម្រេចបានចំនួន៩៨មាត្រា។ ដោយឡែកជំពូកដែលនៅសល់ នឹងបន្តប្រជុំឆ្លងបញ្ចប់នៅក្នុងឆ្នាំ២០២១បន្តទៀត។
សូមជម្រាបថា យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២០ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ បានឲ្យដឹងថា ការគ្រប់គ្រងអត្តសញ្ញាណបុគ្គលមានសារៈសំខាន់ជាគន្លឹះ និងជាមូលដ្ឋាន គ្រឹះនៃកិច្ចការអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល។ ការងារអត្តសញ្ញាណកម្មបានបង្កប់នូវចរិតលក្ខណៈពិសេសពីរគឺ ៖ ការគ្រប់គ្រងប្រជាពលរដ្ឋ និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ ការគ្រប់គ្រងប្រជាពលរដ្ឋ គឺជាឆ្អឹងខ្នងនៃការគ្រប់គ្រងរដ្ឋបាលដែនដី ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ដោយឡែកការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ គឺការប្រើប្រាស់ទិន្នន័យ អត្តសញ្ញាណបុគ្គល ដើម្បីផ្តល់សេវានានាជូនប្រជាពលរដ្ឋ ដូចជា ការផ្តល់សំបុត្រកំណើត អត្តសញ្ញាណបណ្ណ សុំចុះបញ្ជីស្នាក់នៅ សៀវភៅគ្រួសារ លិខិតឆ្លងដែន យានយន្ត ជាដើម។
តាមរបាយការណ៍ដដែលនេះ បានបញ្ជាក់ថា ឆ្នាំ២០២០ គឺជាឆ្នាំទី៤នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម (ឆ្នាំ២០១៧ -២០២៦)។ ក្នុងឆ្នាំ២០២០ កម្ពុជាក៏ដូចជាប្រទេសជាច្រើននៅលើសកលលោក គឺសុទ្ធតែបានរងនូវផលប៉ះពាល់ដោយសារ វិបត្តិនៃជំងឺកូវីដ១៩។ ទន្ទឹមនោះ សកម្មភាពមួយចំនួននៃការអនុវត្តផែនការយុទ្ធសាស្ត្រក៏បានរងផលប៉ះពាល់ ដោយផ្នែកផងដែរ។ ទោះជាយ៉ាងនេះក្តី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានខិតខំបំពេញការងារ និងសម្រេចបាននូវវឌ្ឍនភាពការងារសំខាន់ៗ ផងដែរ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការកត់សំគាល់ថានៅឆ្នាំ២០២០កន្លងទៅ កម្ពុជា និងបណ្ដាប្រទេសផ្សេងទៀត សុទ្ធតែបានរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ទន្ទឹមនឹងនេះការអនុវត្តន៍គោលដៅយុទ្ធសាស្ត្រនីមួយៗ នៃផែនការថ្នាក់ជាតិស្ដីពីអត្តសញ្ញាណកម្ម ក៏រងផលប៉ះពាល់ផងដែរ។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នូវកិច្ចការចម្បងមួយចំនួនដែលត្រូវខិតខំសម្រេចឱ្យបានក្នុងដំណាក់កាលនេះ និងបានដឹកនាំឯកឧត្តម អស់លោក ជាសមាជិកគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ពិនិត្យពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួនទៀត៕