សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៥ BICC 2022 (ប៊ី អាយ ស៊ី ស៊ី ២០២២) តាមរយៈ Video Conference ជាមួយសាកលវិទ្យាល័យដៃគូចំនួន ៤៥ មកពី ១៩ប្រទេសជុំវិញពិភពលោក
ភ្នំពេញ៖ នៅថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២២ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៥ ឆ្នាំ២០២២ BICC2022-ប៊ី អាយ ស៊ី ស៊ី ២០២២ (The 5th BELTEI International Collaboration Conference 2022) តាមរយៈ Video Conference ក្រោមប្រធានបទ “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ ដោយមានការអញ្ជើញចូលរួម និង ធ្វើបទបង្ហាញពីសាកលវិទ្យាល័យដៃគូចំនួន ៤៥ មកពី ១៩ប្រទេសជុំវិញពិភពលោក ជូនដល់និស្សិតសាកលវិទ្យាល័យ និងសិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១១ និងទី១២ សរុបជាង ៦,០០០នាក់។ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា BICC គឺជាសន្និសីទលក្ខណៈអន្តរជាតិ ដែលរៀបចំដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោលបំណងពង្រឹងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូនៅឯក្រៅប្រទេសដែលបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីរួមចំណែកលើកកម្ពស់គុណភាព វិស័យអប់រំនៅកម្ពុជាឱ្យមានការទទួលស្គាល់ជាអន្តរជាតិ ដែលមាន ៧ចំណុចសំខាន់ៗ៖
១- ផ្សសព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកានពិភពលោក
២- បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស
៣- ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី
៤- បង្កើតនូវវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម
៥- ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន
៦- ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស
៧- ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ។ នៅក្នុងពិធីបើកសន្និសីទនេះ ក៏មានតំណាងសាកលវិទ្យាល័យដៃគូ ៣រូប បានថ្លែងចំណាប់អារម្មណ៍ពីក្រៅប្រទេស តាមរយៈ Video Conference ផងដែរ ក្នុងនោះ៖
១-លោកបណ្ឌិត ដូណាល់ ថបលីហ្វ នាយក និងជាសាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការសិក្សានៃ Angelo State University មកពីសហរដ្ឋអាមេរិក បានថ្លែងអំណរគុណសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានរៀបចំសន្និសីទនេះឡើង និងបានលើកទឹកចិត្តដល់សិស្ស-និស្សិតកម្ពុជាឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីមានឱកាសអាចទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស។
២-លោក ធីម ប៊ូឡូ នាយកប្រតិបត្តិនៃ Minor Education នៃព្រះរាជាណាចក្រថៃ បានសម្តែងនូវក្តីសប្បាយរីករាយដែលបានចូលរួមនិងចែករំលែកព័ត៌មានសិក្សាអំពីសាកលវិទ្យាល័យរបស់ខ្លួនជូនដល់សិស្ស-និស្សិតប៊ែលធី ក្នុងសន្និសីទអន្តរជាតិនេះ។
៣-លោកសាស្ត្រាចារ្យបណ្ឌិត ជូអន ម៉ាទីន សាកលវិទ្យាធិការនៃសាកលវិទ្យាជាតិរបស់ប្រទេសទីម័រខាងកើត បានកោតសរសើរអំពីការរៀបចំសន្និសីទអន្តរជាតិ BICC ជាពិសេសការរីកចម្រើនរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ។ ជាមួយគ្នានោះដែរ ក៏មានការចែករំលែកបទពិសោធន៍អំពីជីវិតសិក្សានៅក្រៅប្រទេសរបស់អតីតសិស្សនិទ្ទេស-A ដែលជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ២រូប គឺលោក ប៉េង គីមហេង កំពុងសិក្សានៅសាកលវិទ្យាល័យ San Francisco State សហរដ្ឋអាមេរិក និងលោក កែវ ពិទូរ្យ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ Hult នៃប្រទេសសិង្ហបុរី។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គ-មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និង ដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩។ ជាពិសេសជោគជ័យនៃការគ្រប់គ្រងវិបត្តិកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងតាមរយៈ យុទ្ធសាស្ត្រផ្ការីក របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបង្កើតបាននូវភាពស៊ាំក្នុងសហគមន៍ និងបានបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចលើគ្រប់វិស័យទូទាំងប្រទេសឡើងវិញ។ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញដៃគូទាំងអស់ឲ្យមកទស្សនានៅកម្ពុជា ព្រោះ កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានសិក្សាទាំង៤៥ មកពី ១៩ប្រទេស ដែលបានចំណាយពេលវេលា ដ៏មានតម្លៃចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញចែករំលែកព័ត៌មានសិក្សារបស់សាកលវិទ្យាល័យខ្លួនជូនដល់សិស្សនិស្សិតកម្ពុជា តាមរយៈ Video Conference។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា សន្និសីទ BICC 2022 នេះ ពិតជាបាន រួមចំណែកយ៉ាងធំធេងក្នុងការបង្កើនធនធានមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជាក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ។ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តដល់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យដៃគូនៅក្រៅប្រទេសទាំងអស់ បន្តចូលរួមសន្និសីទ BICC 2023 ខាងមុខនេះ ដើម្បីរួមគ្នាពង្រឹងគុណភាពអប់រំទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាឱ្យបានកាន់តែប្រសើរបន្ថែមទៀត។ សម្រួលដោយ ទៀង បុណ្ណរី