អ្នកនេសាទចាប់បានត្រីបបែលយក្សទឹកសាបមួយក្បាល ទម្ងន់ជិត 200 គីឡូក្រាម នៅក្នុងស្រុកសៀមបូក
ខេត្តស្ទឹងត្រែង ៖ ប្រជានេសាទធ្វើការនេសាទចាប់បានត្រីបបែលយក្សមួយក្បាល ដែលមានទម្ងន់ជិតទៅដល់ 200គីឡូក្រាម នៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅថ្ងៃទី9 ខែឧសភា ឆ្នាំ2022 ។
ប្រភពពីអ្នកនេសាទបានឲ្យដឹងថា អ្នកនេសាទ ដែលរស់នៅក្នុងភូមិកោះព្រះឃុំកោះព្រះ ស្រុកសៀមបូក គឺពួកគាត់បានធ្វើការនេសាទត្រី ក្នុងទន្លេមេគង្គដោយចៃដន្យក៏ចាប់បានត្រីបបែលញីទឹកសាបមួយក្បាល ដែលមានទម្ងន់ ដល់ទៅ180 គីឡូក្រាម ។ ដោយត្រីបបែលញីទឹកសាប ដ៏ធំសម្បើមនេះ មានទទឹងប្រវែង 185 សង់ទីម៉ែត្រ ចំណែកដងខ្លួនមានប្រវែង200 សង់ទីម៉ែត្រ និងវាស់ពីក្បាលទៅដល់ចុងកន្ទុយ មានប្រវែង ទៅដល់393 សង់ទីម៉ែត្រ ។
អ្នកនេសាទពួកគាត់បានបញ្ជាក់ប្រាប់ថាពួកគាត់ចង់ឱ្យជួយអភិរក្សសត្វបបែលយក្សទឹកសាបញីមួយក្បាលនេះ ដែលជាប្រភេទសត្វជិតផុតពូជនៃទន្លេមេគង្គក្នុងប្រទេសរបស់យើង។ បន្ទាប់មកពួកគាត់បានធ្វើការទំនាក់ទំនងទៅក្រុមគម្រោង អច្ឆរិយៈទន្លេមេគង្គ ភ្លាមៗ ដោយសុំឱ្យក្រុមការងារដាក់ស្លាក វាស់វែង និងដោះលែងត្រីបបែលយក្សទឹកសាបញីនេះឲ្យត្រឡប់ទៅទន្លេធម្មជាតិវិញ។
សូមបញ្ជាក់ថា អ្នកនេសាទចាប់បានត្រីបបែលខាងលើនេះ គឺបានប្រើទំពក់ដើម្បីចាប់ត្រីបបែលទឹកសាបយក្សមួយក្បាលនេះ ដោយចៃដន្យ នៅខណៈពេលវាកំពុងហែលដេញចាប់ចំណីស៊ី ហើយពេលជួនកាលអ្នកនេសាទប្រើសទំពក់នេះចាប់បានត្រីធំៗដទៃផ្សេងទៀតផងដែរ៕(សហការីtnm ស្ទឹងត្រែង)សម្រួលដោយ ទៀង បុណ្ណរី