ក្រសួងអប់រំ យុវជន និងកីឡាបានទទួលសម្ភារអេឡិចត្រូនិចសម្រាប់រង្វាយតម្លៃអំណាននិងគណិតវិទ្យាថ្នាក់ដំបូងពីអង្គការយូណេស្កូ
ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២
ភ្នំពេញ៖ កុំព្យូទ័រយួដៃចំនួន០២គ្រឿង កុំព្យូទ័របន្ទះចំនួន១០២គ្រឿង និងម៉ាស៊ីនបញ្ចាំងស្លាយ LCD ចំនួន០១គ្រឿង ត្រូវបានដាក់ឱ្យប្រើប្រាស់បម្រើដល់ការងាររង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូង នៅក្នុងគម្រោង STPEcam-GPE3 ក្រោមការសម្របសម្រួលពីអង្គការ យូណេស្កូ ត្រូវបានប្រគល់ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា។
ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការយូណេស្កូ ដែលបានឧបត្ថម្ភសម្ភារអេឡិចត្រូនិចទាំងអស់នេះដល់ក្រសួងអប់រំ យុវជននិងកីឡា មិនតែប៉ុណ្ណោះអង្គការយូណេស្កូបានសហការអនុវត្តន៍រង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូង នៃគម្រោងពង្រីកកម្មវិធីអប់រំគ្រូនៅកម្ពុជា(STEPcam-GPE3) តាមប្រព័ន្ធអនឡាញ នៅតាមសាលារៀនចំនួន៣៤០ ក្នុងខេត្តគោលដៅចំនួន៩ ដោយបានអនុវត្តន៍រង្វាតម្លៃនៅឆ្នាំ២០២០។
ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា គម្រោងក៏គ្រោងនឹងធ្វើការរង្វាយតម្លៃនៅចុងឆ្នាំ២០២២ បន្តទៀត ដើម្បីឱ្យការអនុវត្តរង្វាយតម្លៃ អំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង (EGRAនិងEGMA) ដែលគាំទ្រដោយគម្រោងពង្រឹងការអប់រំគ្រូនៅកម្ពុជា (STEPcam-GPE3)ក្លាយជាមធ្យោបាយមួយដែលអាចយកមកប្រើសម្រាប់វាស់វែងគុណភាព នៃលទ្ធផលសិក្សារបស់សិស្សប្រកបដោយភាពត្រឹមត្រូវ។
ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់នូវអនុសាន៍មួយចំនួនដូចជា មន្ត្រីអនុវត្តន៍ទាំងអស់ត្រូវពង្រឹងសមត្ថភាពប្រើប្រាស់កម្មវិធី Tangerine នៅក្នុងTablet ដើម្បីគ្រប់គ្រង និងប្រមូលទិន្ន័យតេស្តរង្វាយតម្លៃអំណានដំបូង និងគណិតវិទ្យាដំបូង។ ជាមួយគ្នានេះ សហការជាមួយគ្រប់ដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្តគម្រោងទាក់ទងនឹងអំណាន និងគណិតវិទ្យាថ្នាក់បូង ដើម្បីសិក្សាស្វែងយល់ក៏ដូចជាពិនិត្យមើលការអនវត្តកម្មវិធីអំណាន និងកណិតវិទ្យាថ្នាក់ដំបូងនៅប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ថែថា ត្រូវពង្រីងកិច្ចសហការជាមួយនាយកដ្ឋានជំនាញ និងនាយកដ្ឋានពាក់ព័ន្ធក្នុងការប្រើប្រាស់កញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូងឱ្យបានដល់គ្រប់សាលារៀនបឋមសិក្សានៅទូទាំងប្រទេស។ ទន្ទឹមនេះ ចូលរួមពិភាក្សាជាមួយអ្នកពាក់ព័ន្ធ និងគ្រូបង្រៀន ដើម្បីរិះរកវិធីសាស្រ្តបង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ជាពិសេសលើផ្នែកដែលរកឃើញថាមានបញ្ហាខ្លាំង។ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានជំរុញឱ្យមន្រ្ដីជំនាញនិងផ្នែកពាក់ព័ន្ធចូលរួមពង្រឹង ការបញ្ជា្របវិធីសាស្រ្តបង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូងនៅតាមស្ថាប័នបណ្តុះបណ្តាលគ្រូ៕សម្រួលដោយ ទៀង បុណ្ណរី