ក្រុមហ៊ុន ជីប ម៉ុង បង្ហាញផលិតផលសំណង់ សេវាកម្មធនាគារ និងសណ្ឋាគារ ដល់ថ្នាក់ដឹកនាំក្រសួងចំនួន ៨ ស្ថាប័ន

 ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ២០២២ ក្រុមហ៊ុន ជីប ម៉ុង បានធ្វើបទបង្ហាញទៅលើផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន ទៅកាន់ថ្នាក់ដឹកនាំនៅតាមក្រសួងស្ថាប័ន រដ្ឋចំនួន ៨ ក្នុងគោលបំណងស្វែងរកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រវាងក្រសួង និងក្រុមហ៊ុន ទៅលើគម្រោងសាងសង់ ការប្រើប្រាស់សេវាកម្មធនាគារ និងវិស័យបដិសណ្ឋារកិច្ច ក៏ដូចជាបន្តភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន ជីប ម៉ុង នាពេលអនាគត។ ក្រសួងទាំង ៨ ដែលបានអនុញ្ញាតឱ្យចូលជួប រួមមាន ក្រសួងមហាផ្ទៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងបរិស្ថាន។ នៅក្នុងឱកាសជំនួបប្រជុំ ក្រុមហ៊ុនបានបង្ហាញអំពីផលិតផលគ្រឿងសំណង់របស់ ក្រុមហ៊ុន ជីប ម៉ុង រួមមាន ដែកថែបអ៊ីតាលីម៉ាក វី បេតុងលាយស្រេច ក្បឿង ទុយោ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ អ៊ិនស៊ី ដាយមិន។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង បានផ្គត់ផ្គង់ផលិតផលគ្រឿងសំណង់ក្នុងទីផ្សារកម្ពុជា អស់រយៈពេលជាង៤ទសវត្សរ៍មកហើយ ហើយភាពជោគជ័យទាំងនេះអាចកើតឡើងបាន ដោយសារក្រុមហ៊ុនបានទទួលការជឿទុកចិត្តពីអតិថិជនទៅលើគុណភាពនៃគ្រប់ផលិតផលសំណង់របស់ក្រុមហ៊ុន។លើសពីនោះ ក្រុមហ៊ុន ជីប ម៉ុង ក៏បានបង្ហាញជូននូវសេវាកម្មធនាគារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនក្នុង និងក្រៅស្រុក រួមមាន ធនាគារ ជីប ម៉ុង ដែលផ្ដល់ជូននូវសេវាកម្មធនាគារបែបឌីជីថល លឿន រហ័ស មានភាពងាយស្រួល និងសមស្របទៅតាមតម្រូវការនាពេលបច្ចុប្បន្ន និង សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំដ៏ល្អប្រណីតក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ជីប ម៉ុង ក៏មានគម្រោងបន្តជួបជាមួយថ្នាក់ដឹកនាំមកពីក្រសួងស្ថាប័នផ្សេងៗជាច្រើនទៀត ដើម្បីធ្វើបទបង្ហាញអំពីផលិតផល និងស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងៗ នាពេលអនាគត។

 

អត្ថបទដែលជាប់ទាក់ទង